ខ្ញុំឈ្មោះ តាក់ សុត កើតនៅឆ្នាំ១៩៥៧ មានស្រុកកំណើតនៅភូមិប្រហូ៊ត ឃុំត្រពាំងស្រែ ស្រុកមេសាង ខេត្តព្រៃវែង។ ឪពុករបស់ខ្ញុំឈ្មោះ ស្រី ហ៊ុន និងម្ដាយរបស់ខ្ញុំឈ្មោះ គង់ បាន។ ឪពុកម្ដាយរបស់ខ្ញុំគឺជាកសិករ។ ខ្ញុំគឺជាកូនប្អូនបង្អស់ក្នុងចំណោមបងប្អូនចំនួន ៦ នាក់ មានប្រុស ៥ នាក់ និងស្រីមួយនាក់។ ចាប់តាំងពីរបបសង្គមរាស្ត្រនិយមមក ក្រុមគ្រួសាររបស់ខ្ញុំរស់នៅក្នុងកម្រិតជីវភាពមធ្យម។ ខ្ញុំបានចូលរៀនថ្នាក់ទី ១០ នៅសាលាបឋមសិក្សាវត្តប្រហូ៊ត។
នៅក្នុងឆ្នាំ ១៩៧០ ខ្ញុំបានឈប់រៀន។ សាលាបានបិទទ្វារពីព្រោះស្ថានភាពប្រទេសជាតិច្របូកច្របល់ បន្ទាប់ពីសម្ដេចនរោត្តម សីហនុ ត្រូវ លន់ នល់ ធ្វើរដ្ឋប្រហារទម្លាក់ចេញពីអំណាច។ ប្រជាជនក្នុងស្រុកមេសាងបាននាំគ្នាធ្វើបាតុកម្មបាទបះបោរយ៉ាងធំមួយ។ គោលបំណងរបស់ក្រុមបាតុករគឺទាមទារឲ្យសម្ដេចនរោត្តម សីហនុ យាងមកដឹកនាំប្រទេសជាតិវិញ។ ប្រជាជនក្នុងភូមិប្រហូ៊តបាននាំគ្នាចូលរួមចលនាបាតុកម្មនេះ ដោយអាជ្ញាធរតម្រូវឲ្យសមាជិកក្នុងក្រុមគ្រួសារយ៉ាងហោចណាស់មានម្នាក់ចូលរួម។ ពេលនោះមានការប្រកាសឲ្យប្រជាជនចូលរួមធ្វើបាតុកម្ម និងតម្រូវឲ្យប្រជាជនស្រែកថា ជយោ! សម្ដេចឪ អ្នកណាមិនទៅសម្លាប់ចោល។ ដូច្នេះប្រសិនបើប្រជាជនណាមិនចង់ទៅទេ ក៏ត្រូវតែទៅចូលរួមធ្វើបាតុកម្មដែរ។ ខ្ញុំមានវ័យជំទង់ហើយបានចូលរួមដង្ហែបាតុកម្មជាមួយនឹងប្រជាជនដទៃទៀត។ក្បួនបាតុកម្មនេះហែចេញពីភូមិប្រហូ៊ត ទៅជួបជុំគ្នានៅផ្សារមេសាងឬហៅថា ថ្នល់កែងមេសាង(សព្វថ្ងៃនេះស្ថិតនៅខាងត្បូងបឹងមេសាង)។
ចាប់តាំងពីឆ្នាំ១៩៧១ ការរស់នៅរបស់អ្នកភូមិនៅក្នុងមូលដ្ឋានមានការបែងចែកវណ្ណៈ៤ គឺវណ្ណៈកសិករក្រ វណ្ណៈកសិករកណ្តាលក្រោម វណ្ណៈអនុធន និងវណ្ណៈសក្កិភូមិ។ គ្រួសាររបស់ខ្ញុំត្រូវបានអង្គការចាត់ទុកក្នុងថ្នាក់វណ្ណៈកសិករកណ្ដាលក្រោម សំដៅលើកសិករដែលមានជីវភាពមធ្យមមានផ្ទះក្បឿងមួយខ្នង ឬពីរខ្នងមានចិញ្ចឹមសត្វគោក្របី ស្រូវអង្ករការហូបគ្រប់គ្រាន់មានកង់ជិះនិងមានវិទ្យុស្ដាប់ជាដើម។ ចាប់តាំងពីពេលនោះមករដ្ឋអំណាចបានតម្រូវឲ្យប្រជាជនទៅធ្វើស្រែសាមគ្គី។ រដ្ឋអំណាចបានចែកជាក្រុមទៅតាមវណ្ណៈផ្សេងៗគ្នា គឺវណ្ណៈកសិករក្រ ប្រវាស់ដៃជាមួយកសិករក្រ។ បន្ទាប់ពីប្រមូលផលរួច យើងបែងចែកទៅផ្ទះរៀងខ្លួនតាមកម្លាំងពលកម្មដែលយើងបាន។ យើងនៅតែរស់ដោយភាពភ័យខ្លាច ព្រោះនៅក្នុងភូមិតែងតែបាញ់ផ្លោង និងទម្លាក់គ្រាប់បែកជារឿយៗមកលើភូមិឋានអ្នកស្រុក។ សំណាងល្អដែលភូមិខ្ញុំរស់នៅ មានប្រព័ន្ធធារាសាស្រ្តព័ទ្ធជុំវិញរួមមាន ព្រែកទំនប់ និងប្រឡាយហើយផ្លូវនៅក្នុងភូមិមិនស្រួលធ្វើដំណើរទេធ្វើឲ្យទាហានលន់ នល់ ពិបាកបើករថក្រោះចូលណាស់។ នេះជាសំណាងរបស់អ្នកភូមិរបស់ខ្ញុំ ។ ក្រុមគ្រួសារនីមួយៗ សុទ្ធសឹងតែបានជីកលេណដ្ឋានសំរាប់រត់ពួនការពារខ្លួនពីការបាញ់ផ្លោង ឬទម្លាក់គ្រាប់បែក។
នៅឆ្នាំ ១៩៧៣ មានការទម្លាក់គ្រាប់បែកយ៉ាងច្រើន។ ការទម្លាក់គ្រាប់បែកទាំងអស់នោះ ធ្វើឲ្យអ្នកភូមិរងរបួស និងស្លាប់អស់ជាច្រើនាក់ណាស់។ នៅពេលនោះមានការប្រយុទ្ធគ្នានៅសមរភូមិ ប្រហូ៊ត រវាងកងទ័ពវៀតតុង និងពួកធីវគី។ ទ័ពវៀតកុងជាអ្នកជួយខាងខ្មែរក្រហម និងកងទ័ពធីវគីជួយខាងទាហាន លន់ នល់។ កងទ័ពវៀតកុងតែងតែលាក់ខ្លួននៅព្រៃខាងត្បូងវត្តប្រហូ៊ត ចំណែកឯកងទ័ព ធីវគី វិញតែងលាក់ខ្លួននៅត្រើយម្ខាងនៃព្រែកវត្តប្រហូ៊តដែលស្ថិតនៅក្នុងភូមិពន្លៃឃុំអង្គរស។ ក្រោយពីមានការប្រយុទ្ធគ្នាទៅវិញទៅមកអស់រយៈពេលមួយព្រឹក កងទ័ពទាំងសងខាងបានស្លាប់បាត់បង់ជីវិតអស់ជាច្រើននាក់។ ចុងក្រោយកងទ័ពធីវគីបានដកថយ ថែមទាំងបានកៀរអ្នកភូមិពន្លៃឲ្យជួយលើកស្បៀង និងអីវ៉ាន់។ ប្រជាជនក្នុងភូមិបានជួយដឹកជញ្ជូនស្បៀងកងទ័ពធីវគីរហូតជិតដល់ខេត្តស្វាយរៀង ទើបកងទ័ពធីវគីដោះលែងប្រជាជនត្រឡប់មកផ្ទះវិញ។ ការទម្លាក់គ្រាប់បែកនិងការបាញ់ផ្លោងពីទាហាន លន់ នល់ មកពីសមរភូមិក្រោលគោ បានធ្វើឲ្យប្រជាជនក្នុងភូមិប្រហូ៊ត រងរបួស និងស្លាប់អស់មួយចំនួន។ គ្រួសារមួយស្លាប់សមាជិកគ្រួសារអស់ ៤ នាក់ដោយសារការផ្លោងគ្រាប់ចំលេណដ្ឋានរបស់គាត់។ នៅពេលនោះស្ថានភាពក្នុងភូមិរបស់ខ្ញុំស្ថិតនៅក្នុងភាពវឹកវរខ្លាំងណាស់។ ខ្ញុំឃើញមានយន្តហោះជាច្រើនគ្រឿង ហោះចុះហោះឡើងហាក់ដូចជាចង់មើលស្ថានការណ៍នៅក្នុងភូមិ ឬចង់ទម្លាក់គ្រាប់បែកបន្ថែមទៀត។ រាល់ពេលឃើញយន្តហោះម្ដងៗប្រជាជនក្នុងភូមិបាននាំគ្នាយក គោ ក្របីនិងសម្ភារៈចាំបាច់រត់ទៅភូមិត្រពាំងស្រែដើម្បីគេចខ្លួន។ បន្ទាប់ពីយន្តហោះត្រឡប់ទៅវិញទើបប្រជាជនក្នុងភូមិនាំគ្នាត្រឡប់មកផ្ទះរៀងៗខ្លួនវិញ។ ប្រជាជនជាច្រើនបានស្ម័គ្រចិត្តធ្វើទ័ពព្រៃនៅពេលដែលមានការប្រកាសជ្រើសរើសកងទ័ព ដើម្បីផ្ដួលរំលំរបបលន់នល់ តាមការឃោសនារបស់សម្ដេចតា។
នៅក្នុងខែមីនា ១៩៧៤ ខ្ញុំបានស្ម័គ្រចិត្តចូលធ្វើជាកងទ័ពខ្មែរក្រហមជាមួយយុវជនផ្សេងទៀតនៅក្នុងភូមិ។ ខ្ញុំធ្វើជាកងទ័ពប្រចាំស្រុកមេសាង។ នៅពេលនោះខ្ញុំបានប្រយុទ្ធជាមួយនឹងទាហាន លន់ នល់ ព្រមទាំងវាយដណ្ដើមបានទីរួមខេត្តព្រៃវែងវិញដែរ។ ទោះបីជាខ្ញុំសិ្ថតនៅក្នុងស្ថានភាពលំបាកនិងប្រឈមជាមួយ និងប្រឈមជាមួយនឹងគ្រាប់របស់ខ្មាំងយ៉ាងណាក៏ដោយ ខ្ញុំមិនដែលរុញរាដែរ។ កងទ័ពទាំងអស់ហូបអាហារក្រៀមរាល់ថ្ងៃ ហើយយើងទទួលបានអាហារម្ដងបីពេល។ សមរភូមិរបស់ខ្ញុំមានការប្រយុទ្ធគ្នាយ៉ាងស្វិតស្វាញ។
កងទ័ពខ្មែរក្រហមជាច្រើននាក់បានបាត់បង់ជីវិតដោយការទម្លាក់គ្រាប់បែក និងគ្រាប់ផ្លោងចូលមកក្នុងពីបន្ទាយ។ (នៅមានត)