ភ្នំពេញ ៖ នៅក្នុងសារលិខិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងទិវាប្រជាជនពិភពលោក លើកទី៣៦ បានលើកឡើងថា ៖ ប្រជាជនកម្ពុជា មានសេចក្តីសោមនស្សរីករាយក្រៃលែង ដោយបានចូលរួមជាមួយនឹងប្រជាជាតិទូទាំងពិភពលោក ប្រារព្ធ «ទិវា ប្រជាជនពិភពលោក លើកទី៣៦» ក្រោមប្រធានបទ «ការពង្រឹងភាពអង់អាចដល់ប្រជាជនវ័យក្មេង ក្នុងការ បង្កើតគ្រួសារដែលពួកគេប្រាថ្នាក្នុងពិភពលោកមួយដែលមានសមធម៌និងក្តីសង្ឃឹម (Empowering Young People to Create the Families They Desire in a Fair and Hopeful World)។ អង្គការសហប្រជាជាតិ បានប្រារព្ធទិវា ប្រជាជនពិភពលោក លើកទី១ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ១៩៩០ ដើម្បីឆ្លើយតបទៅនឹងចំនួនប្រជាជនពិភពលោក ដែលបានឈានដល់៥ប៊ីលាននាក់នៅឆ្នាំ១៩៨៧ និងទទួលស្គាល់អំពីតម្រូវការបន្ទាន់ក្នុងការដោះស្រាយបញ្ហា ប្រជាជន រួមទាំងការភ្ជាប់ទំនាក់ទំនងរបស់ប្រជាជនទៅនឹងបរិស្ថាននិងការអភិវឌ្ឍ។ ចាប់ពីពេលនោះមក អង្គការ សហប្រជាជាតិ តែងលើកទឹកចិត្តដល់បណ្តារដ្ឋសមាជិកទាំងអស់ ឱ្យប្រារព្ធទិវាប្រជាជនពិភពលោក ១១ កក្កដា រៀងរាល់ឆ្នាំ ដោយផ្តោតលើប្រធានបទផ្សេងៗគ្នា។
សម្តេចធិបតី ថ្លែងថា ៖ ការរៀបចំពិធីអបអរសាទរទិវាប្រជាជនពិភពលោកនាថ្ងៃនេះ គឺមិនត្រឹមតែបង្ហាញអំពីការទទួលស្គាល់ វឌ្ឍនភាពនៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងបរិស្ថាន ដែលកម្ពុជាសម្រេចបានប៉ុណ្ណោះទេ ថែមទាំងស្វែងយល់ អំពីនិន្នាការ នៃបម្រែបម្រួលប្រជាសាស្ត្រ ជាពិសេសប្រជាជនវ័យក្មេងដែលមានចំនួនច្រើន ហើយពេលនេះ ប្រជាជនវ័យក្មេងកំពុងមានអនុភាពក្នុងការឆ្ពោះទៅរកការសម្រេចចិត្តនិងជម្រើសដោយខ្លួនឯង ក្នុងការបង្កើត គ្រួសារនិងអនាគតរបស់ខ្លួនប្រកបដោយភាពជឿជាក់និងដោយក្តីសង្ឃឹម។ ប្រជាជនវ័យក្មេង គឺជាកម្លាំងស្នូល សម្រាប់ជំរុញការអភិវឌ្ឍផង និងជាសសរស្តម្ភសម្រាប់ទ្រទ្រង់ការអភិវឌ្ឍផង។ សំខាន់ជាងនេះទៀត ប្រជាជនវ័យក្មេង ក៏ជាក្រុមមនុស្សដែលជាកត្តាកំណត់ ចំពោះការកើនឡើង ឬការថយចុះនៃអត្រាលទ្ធភាពមានកូនផងដែរ ពីព្រោះ ប្រជាជនវ័យក្មេងជាអ្នកសម្រេចចិត្តក្នុងការបង្កើតគ្រួសារនិងចំនួនកូនដែលចង់បាន។ នៅពេលដែលអត្រាលទ្ធភាពមានកូននៅទូទាំងពិភពលោក កំពុងថយចុះដល់កម្រិតទាបខ្លាំងនៅតាម តំបន់មួយចំនួននៃពិភពលោក អ្នកនយោបាយនិងអ្នកវិភាគក្នុងវិស័យព័ត៌មានមួយចំនួន បានបញ្ចេញទស្សនៈ ព្រួយបារម្ភខ្លាំងអំពី «ការថយចុះនៃចំនួនប្រជាជន» «ការថយចុះខ្លាំងនៃចំនួនប្រជាជន» និងរហូតដល់ «ការផុតពូជ របស់មនុស្ស»។ ប៉ុន្តែ របាយការណ៍ស្តីពីស្ថានភាពប្រជាជនពិភពលោកឆ្នាំ២០២៥ បង្ហាញថា បញ្ហាពិតប្រាកដ មិនមែនជាការថយចុះនៃអត្រាលទ្ធភាពមានកូន ហើយក៏មិនមែនជាចំនួនប្រជាជន៨ប៊ីលាននាក់នៅលើពិភពលោក នាពេលបច្ចុប្បន្នដែរ។ វិបត្តិពិតប្រាកដ គឺកង្វះភ្នាក់ងារសុខភាពបន្តពូជ ដែលជាកង្វះសមត្ថភាពរបស់មនុស្ស ជាពិសេសគឺប្រជាជនវ័យក្មេងក្នុងការសម្រេចបាននូវសេចក្តីប្រាថ្នានៃការបង្កើតគ្រួសារ និងការមានកូនរបស់ពួកគេ។ ជាក់ស្តែង ការស្ទង់មតិរបស់ UNFPA និង YouGov លើមនុស្សជាង១៤ ០០០នាក់ ក្នុង១៤ប្រទេស បានបង្ហាញថា ភាគច្រើននៃអ្នកចូលរួមការស្ទង់មតិ មានបំណងចង់មានកូនច្រើន ប៉ុន្តែពួកគេមិនអាចសម្រេចបាននោះទេ ដោយសារបញ្ហាសង្គម ហិរញ្ញវត្ថុ និងសុខភាព។ ប្រជាជនវ័យក្មេងដែលមានទស្សនៈវិជ្ជមានចំពោះអនាគត មាន ឱកាសច្រើនក្នុងការសម្រេចអ្វីដែលពួកគេចង់បានសម្រាប់ខ្លួនឯងនិងគ្រួសាររបស់ពួកគេ។ ក៏ប៉ុន្តែ ប្រជាជនវ័យក្មេង ភាគច្រើន បានរាយការណ៍អំពីការព្រួយបារម្ភ និងភាពមិនប្រាកដប្រជាចំពោះអនាគតរបស់ខ្លួន ដោយសារ បញ្ហាបរិស្ថាន អស្ថិរភាពសេដ្ឋកិច្ច និងការកើនឡើងនៃជម្លោះសកល ការសម្រេចបាននូវអត្រាលទ្ធភាពមានកូនដែលចង់បាន។ ដែលនេះក៏ជាឧបសគ្គមួយទៀតដល់ទោះជាអត្រាកំណើនប្រជាជនពិភពលោកកំពុងថយចុះ ប្រជាជនកម្ពុជានឹងនៅបន្តកើនឡើងក្នុងមួយ រយៈពេលវែងទៅមុខទៀត ថ្វីត្បិតតែល្បឿននៃកំណើនកំពុងថយចុះបន្តិចម្តងៗ។ របាយការណ៍អង្កេតចន្លោះជំរឿន ប្រជាជនឆ្នាំ២០២៤ បង្ហាញថា អត្រាលទ្ធភាពមានកូនសរុបនៅកម្ពុជាមានចំនួន២,៥ នៅឆ្នាំ២០២៤ ៕
ដោយ ៖ សិលា