ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ៖ តាមរបាយការណ៍អង្កេតចន្លោះជំរឿន ប្រជាជនឆ្នាំ២០២៤ បង្ហាញថា អត្រាលទ្ធភាពមានកូនសរុបនៅកម្ពុជាមានចំនួន២,៥ នៅឆ្នាំ២០២៤ការព្យាករ របស់អង្គការសហប្រជាជាតិឆ្នាំ២០២៤ បង្ហាញថា អត្រាលទ្ធភាពមានកូនសរុបនៅកម្ពុជា នឹងថយចុះដល់២,០៤ នៅឆ្នាំ២០៥០។ សម្តេចធិបតី គូសបញ្ជាក់ថា ៖ កម្ពុជាមានប្រជាជនចំនួន១៧,២លាននាក់ នៅឆ្នាំ២០២៤ ដែលនឹងកើនដល់២២លាននាក់ នៅឆ្នាំ២០៥០។ ប្រជាជនអាយុ១៥-៥៩ឆ្នាំ មាន៦៣,១% នៅឆ្នាំ២០២៤ ហើយភាគរយនេះនឹងថយចុះតិចតួច ដល់ឆ្នាំ២០៥០ គឺ៦១,៧%។ តួលេខនេះ បង្ហាញថា កម្ពុជាមានប្រជាជនស្ថិតក្នុងវ័យកម្លាំងពលកម្មច្រើនរហូតដល់ ឆ្នាំ២០៥០ និងក្រោយឆ្នាំ២០៥០ ដែលនេះជាកាលានុវត្តភាពសម្រាប់កម្ពុជាក្នុងការជំរុញការអភិវឌ្ឍសង្គមសេដ្ឋកិច្ច។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្តថា ៖ ការមានកម្លាំងពលកម្មច្រើន គឺគ្រាន់តែជាឱកាសភាគលាភប្រជាសាស្ត្រប៉ុណ្ណោះ ប៉ុន្តែការវិនិយោគទៅលើ ការបណ្តុះបណ្តាល ភាគលាភប្រជាសាស្ត្រឱ្យមានប្រសិទ្ធភាពនិងទាន់ពេល ទើបជាអត្ថប្រយោជន៍ពិតប្រាកដ។ ក្នុងន័យនេះ រាជរដ្ឋាភិបាលបន្តបង្កើនការវិនិយោគលើប្រជាជនវ័យក្មេងគ្រប់ជំនាន់ តាមរយៈការពង្រឹងគុណភាព អប់រំនៅគ្រប់កម្រិត ការលើកកម្ពស់សេវាសុខភាព ការអភិវឌ្ឍជំនាញបច្ចេកទេស និងការបង្កើតការងារសមរម្យ ដើម្បីកម្ពុជាឈានទៅសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០៥០ ជាប្រទេសដែលមានចំណូលខ្ពស់។ ដើម្បីសម្រេចបាន នូវចក្ខុវិស័យពោរពេញទៅដោយមហិច្ឆតានេះ យើងចាំបាច់ត្រូវមានគោលនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ ច្បាស់លាស់ដែលផ្តោតលើប្រជាជន ជាពិសេសប្រជាជនវ័យក្មេង ស្ត្រី និងក្មេងស្រី សម្រាប់កសាងសង្គមមួយ ដែលមានវិបុលភាព និងប្រកបដោយភាពធន់។ នេះជាសារលិខិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងទិវាប្រជាជនពិភពលោក លើកទី៣៦ ៕
ដោយ ៖ សិលា