សម្តេចធិបតី ផ្តល់នូវសារគន្លឹះចំនួន ២ សម្រាប់កសាងសង្គមមួយ ដែលមានវិបុលភាព និងប្រកបដោយភាពធន់

ចែករំលែក៖

ភ្នំពេញ ៖ ក្នុងសារលិខិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងទិវាប្រជាជនពិភពលោក លើកទី៣៦ បានថ្លែងថា ៖ ដើម្បីសម្រេចបាន នូវចក្ខុវិស័យពោរពេញទៅដោយមហិច្ឆតានេះ យើងចាំបាច់ត្រូវមានគោលនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ ច្បាស់លាស់ដែលផ្តោតលើប្រជាជន ជាពិសេសប្រជាជនវ័យក្មេង ស្ត្រី និងក្មេងស្រី សម្រាប់កសាងសង្គមមួយ ដែលមានវិបុលភាព និងប្រកបដោយភាពធន់សូមឆ្លៀតយកឱកាសនេះ ផ្តល់នូវសារគន្លឹះដូចខាងក្រោម៖

(១) ក្រសួងផែនការ សហការជាមួយនឹងក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីរៀបចំផែនទីបង្ហាញផ្លូវជាក់លាក់ ស្តីពីប្រជាជនដោយផ្អែកលើភស្តុតាង និងការគោរពសិទ្ធិបុគ្គលក្នុងការបង្កើតគ្រួសារនិងចំនួនកូ តាមបំណងប្រាថ្នា។ ការវិនិយោគលើប្រជាជនវ័យក្មេងនាថ្ងៃនេះ ជាពិសេសការវិនិយោគលើការអប់រំ សុខភាព និងការងារ គឺជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍមូលធនមនុស្ស និងការឈានទៅរកវ័យចាស់ ប្រកបដោយផលិតភាព។

(២) ក្រសួងផែនការ ត្រូវបន្តរៀបចំទិវាប្រជាជនពិភពលោកឱ្យបានទៀងទាត់រៀងរាល់ឆ្នាំ និងពិភាក្សាជាមួយ នឹងក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីរៀបចំឯកសារគតិយុត្តសម្រាប់បង្កើត – ទិវាជាតិប្រជាជន» ជាផ្លូវការ ឱ្យស្របគ្នាជាមួយនឹង – ទិវាប្រជាជនពិភពលោក»។ សូមឱ្យក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ រៀបចំប្រារព្ធទិវាជាតិប្រជាជននៅតាមស្ថាប័ន និងមូលដ្ឋានរបស់ខ្លួន ដើម្បីក្រើនរំលឹកដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជាជនគ្រប់រូប គ្រប់វ័យ គ្រប់ជនជាតិ និងគ្រប់សាសនា ឱ្យផ្តោតការយកចិត្តទុកដាក់ និងរួមគ្នាដោះស្រាយបញ្ហាបម្រែបម្រួលប្រជាសាស្ត្រ ដើម្បីកសាងសង្គមជាតិមួយប្រកបដោយ ភាពធន់ និងប្រកបដោយសុខដុមរមនា។

សម្តេចលើកឡើងថា ៖ ក្នុងនាមប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំមានជំនឿមុតមាំថា ការវិនិយោគលើប្រជាជនវ័យក្មេងនាពេលនេះ តាមរយៈការផ្តល់ឱកាសទទួលបានការអប់រំ ការថែទាំសុខភាព និងការងារសមរម្យ កម្ពុជានឹងទទួលបាននូវ វ័យចាស់ដែលមានសុខភាពល្អនិងសកម្មនាពេលអនាគត ដែលជាធនធាននិងទ្រព្យធនជាតិដ៏សំខាន់ក្នុងការ ចូលរួមកសាងនិងអភិវឌ្ឍប្រទេស។
សម្តេចថ្លែងអំណរគុណដល់ជនរួមជាតិទាំងអស់ ដែលបាន ចូលរួមគាំទ្រនិងរួមចំណែកជាមួយនឹងរាជរដ្ឋាភិបាលកន្លងមក ក្នុងការកសាងនិងថែរក្សាសន្តិភាព និងសមិទ្ធផល នៃការអភិវឌ្ឍ។
សម្តេចថា ៖ ខ្ញុំក៏សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតចំពោះក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍទាំងអស់ រួមទាំង ស្ថាប័នអង្គការសហប្រជាជាតិ ជាពិសេសមូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន (UNFPA) អង្គការសង្គមស៊ីវិល និងវិស័យឯកជន ដែលតែងតែផ្តល់កិច្ចសហការល្អជាមួយនឹងរាជរដ្ឋាភិបាល ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print