ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ប៉ែន សុវិជាតិ បានឱ្យដឹងនៅរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥នេះថា៖ ក្រសួងពាណិជ្ជកម្ម នឹងសហការជាមួយស្ថានទូតកម្ពុជានៅអាមេរិក នឹងធ្វើការស៊ើបអង្កេត ម៉ាក «ប្រហុកសៀមរាប» តែសរសេរថា ផលិតផលថៃ លក់នៅទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ។
លោកអ្នកនាំពាក្យរូបនេះ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ក្នុងករណីនេះ យើងនឹងស្វះស្វែងដោះស្រាយ តាមនីតិវីធីសមស្របដោយផ្អែកលើច្បាប់អន្តរជាតិ ទាំងកម្ពុជា និងថៃ សុទ្ធសឹងជា សមាជិកអង្គការកម្មសិទ្ធបញ្ញាពិភពលោក ដែលមានកាតព្វកិច្ចគោរពអនុវត្តកិច្ចព្រមព្រៀង (Trade Related Aspects of Intellectual Property Rights) និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធ»។
លោក ប៉ែន សុវិជាតិ បានបន្ដថា «ទន្ទឹមនឹងនេះ យើង (ក្រសួងពាណិជ្ជកម្ម) នឹងធ្វើការស៊ើបអង្កេតជាក់ស្តែង ដោយសារទីកន្លែងកើតហតុ នៅសហរដ្ឋអាមេរិក ដូច្នេះក្រសួងនឹងសហការជាមួយស្ថានទូតកម្ពុជានៅអាមេរិក តាមរយៈអនុព័ន្ធពាណិជ្ជកម្ម ដើម្បីស្វែងរកកិច្ចសហការក្នុងករណីនេះ»។
សូមជម្រាបថា ការចេញមកបញ្ជាក់របស់អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បន្ទាប់ពីមានការដាក់លក់ប្រហុក ម៉ាក «ប្រហុកសៀមរាប» របស់កម្ពុជា ដែលបានចុះបញ្ជីជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ (GI) នៅលើទីផ្សារអាមេរិក ប៉ុន្តែសរសេរថាជាផលិតផលរបស់ប្រទេសថៃទៅវិញ។
ឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង ប្រធានអគ្គនាយក Confirel ដែលជាក្រុមហ៊ុនកែច្នៃចំណីអាហារដ៏ល្បីរបស់កម្ពុជា បានឲ្យដឹងថា ថៃមិនអាចប្រើម៉ាក «ប្រហុកសៀមរាប» របស់កម្ពុជា បិទលើផលិតផលរបស់ខ្លួន ដើម្បីធ្វើការនាំចេញទៅកាន់ទីផ្សារក្រៅប្រទេស បាននោះទេ ព្រោះកម្ពុជា បានចុះបញ្ជីជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ (GI) រួចរាល់។
ដោយឡែកលោកឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង ក៏បានបញ្ជាក់យ៉ាងដូច្នេះដែរថា៖ «ប្រហុកសៀមរាប គឺជាផលិតផល ចុះបញ្ជីជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ (GI) ដូច្នេះថៃនាំចេញមិនបាននោះទេ បើសិនជាថៃនាំចេញ គឺកម្ពុជាមានសិទ្ធិប្ដឹង»។
ឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង បានគូសបញ្ជាក់ថា ចាប់ពីខែមេសា ឆ្នាំ២០២៥នេះតទៅ ប្រទេសថៃគ្មានសិទ្ធិនាំចេញផលិតផល មានម៉ាកសម្គាល់ «ប្រហុកសៀមរាប» ដែលផលិតនៅថៃ នៅទីផ្សារអន្ដរជាតិនោះទេ លុះត្រាតែផលិតនៅក្នុងប្រទេសកម្ពុជា ទើបមានសិទ្ធិអាចនាំចេញ ទៅក្រៅស្រុកបាន។
កម្ពុជាបានសម្ពោធ «ប្រហុកសៀមរាប» ជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ (GI) ក្នុងការអភិរក្សការអនុវត្តបែបប្រពៃណី និងលើកកម្ពស់សហគមន៍មូលដ្ឋានដែលគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ។
សូមជម្រាបថា ប្រហុកសៀមរាប គឺជាផលិតផល ដែលមានលក្ខណៈពិសេស ដាច់ដោយឡែករបស់កម្ពុជា ដែលមានលក្ខណៈពិសេសដូចទៅនឹងម្រេចកំពត ស្ករត្នោតកំពង់ស្ពឺ និងទឹកឃ្មុំព្រៃ មណ្ឌលគិរីផងដែរ។បន្ទាប់ពីត្រូវបានចុះបញ្ជីជាម៉ាក សម្គាល់ភូមិសាស្រ្តទំនិញថ្មី ប្រហុកសៀមរាប មិនត្រឹមតែអាចរួមចំណែក ជួយជំរុញកំណើនសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងជួយការពារ ទំនៀមទម្លាប់ប្រពៃណី និងបរិស្ថានផងដែរ។
គួរបញ្ជាក់ថា ប្រហុកសៀមរាប គឺជាម្ហូបអាហារជាតិកម្ពុជា ដែលមានប្រភពដើមពីសម័យអាណាចក្រអង្គរ ដែលពោរពេញទៅដោយគ្រឿងផ្សំ ក្នុងស្រុកប្រកបដោយឱជារស៕ដោយ៖តារា