គណៈបញ្ជាការឯកភាពខណ្ឌចាត់វិធានការតឹងរ៉ឹងចាប់ហើយទុក១ថ្ងៃទើបឲ្យយកត្រឡប់ទៅវិញ

ចែករំលែក៖

ភ្នំពេញ៖ បញ្ហារថយន្តដឹកទំនិញធន់ធំដែលមិនអនុវត្តតាមការណែនាំរបស់សាលារាជធានីភ្នំពេញ ហាមមិនឲ្យបើកឆ្លងកាត់ការដ្ឋានស្ថាបនាផ្លូវជាតិលេខ១ ក្នុងខណ្ឌច្បារអំពៅ ឥឡូវនេះគណៈបញ្ជាការឯកភាពខណ្ឌបានចាត់វិធានការណ៍តឹងរ៉ឹងគឺ ចាប់រថយន្តធន់ធំទុក១ថ្ងៃតម្រូវឲ្យម្ចាស់មកធ្វើកិច្ចសន្យានិងផាកពិន័យទើបប្រគល់រថយន្តឲ្យទៅវិញ។

កន្លងទៅវិធានការចុះចាប់រថយន្តធន់ធំបានធ្វើឡើងជាច្រើនលើកច្រើនសារមកហើយ មានទាំងការផ្សព្វផ្សាយសារាចរណ៍ ណែនាំរបស់សាលារាជធានីភ្នំពេញ និងណែនាំដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន រួមនឹងអ្នកបើកបររថយន្តធន់ធំផងដែរ ប៉ុន្តែអ្នកគោរពនៅតែគោរព អ្នកមិនគោរពនៅតែមិនគោរព ដូច្នេះហើយទើបគណៈបញ្ជាការឯកភាពខណ្ឌចាត់វិធានការតឹងរ៉ឹងទៅលើរថយន្តធន់ធំដែលបើកខុសម៉ោង។

នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦ នេះ គណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅ ដឹកនាំដោយលោក រស់ សុភ័ក្ត អភិបាលរងខណ្ឌ បានដឹកនាំកម្លាំងបន្តយុទ្ធនាការចុះចាប់រថយន្តធន់ធំជាថ្មីម្តងទៀត ចាប់បានរថយន្តជាង១០គ្រឿងដែលបើកឆ្លងកាត់ការដ្ឋានស្ថាបនាផ្លូវជាតិលេខ១ បង្កការកកស្ទះចរាចរណ៍និងរំខានដល់ក្រុមការដែលកំពុងស្ថាបនាផ្លូវ ។ យុទ្ធនាការថ្មីនេះធ្វើឡើងដូចសព្វមួយដងគឺចាប់រថយន្តធន់ធំណាដែលល្មើសនិងការណែនាំរបស់សាលារាជធានីភ្នំពេញ តែលើកនេះរក្សាទុក១ថ្ងៃទើបប្រគល់ឲ្យម្ចាស់វិញ បើលើកក្រោយនៅតែល្មើសទៀតនិរក្សាទុក១សប្តាហ៍តែម្ដង។

លោក រស់ សុភ័ក្ត អភិបាលរងខណ្ឌតំណាងលោកអភិបាលខណ្ឌបានឲ្យដឹងថា គណៈបញ្ជាការឯកភាពខណ្ឌមិនចង់ចាត់វិធានការតឹងរ៉ឹងនោះទេ ព្រោះធ្វើឲ្យប៉ះពាល់ដល់មុខរបរអាជីវកម្មរបស់ម្ចាស់រថយន្តទាំងនោះ ផ្ទុយទៅវិញម្ចាស់រថយន្តដឹកទំនិញធន់ធំទាំងនោះមិនយល់ពីទឹកចិត្តរបស់អាជ្ញាធរមានសមត្ថកិច្ច រថយន្តដឹកទំនិញខ្លះទិញស្លាកអ្នកមានឥទ្ធិពលមកបិទលើក្បាលរថយន្តដើម្បីធ្វើអាជីវកម្មដឹកជញ្ជូនទំនិញ រថយន្តខ្លះទៀតពាក់ស្លាកលេខ ខ.ម ធ្វើអាជីវកម្ម ពេលគណៈបញ្ជាការឯកភាពខណ្ឌចាប់ដើម្បីណែនាំស្រាប់តែមានការអន្តរាគមន៍ឆ្វេចឆ្វាចដែលធ្វើឲ្យអ្នកអនុត្តច្បាប់ឲ្យមានប្រសិទ្ធភាពត្រូវខកចិត្តព្រោះតែមានអ្នកធំអន្តាគមន៍។

លោកអភិបាលរងខណ្ឌបានបន្តថា ឥឡូវនេះលោកអភិបាលខណ្ឌបានណែនាំឲ្យចាត់វិធានការតឹងរ៉ឹងហើយ ទៅលើរថយន្តធន់ធំណាដែលបើកឆ្លងកាត់ការដ្ឋានផ្លូវជាតិលេខ១ ក្នុងម៉ោងហាមឃាត់ កន្លងមកគណៈបញ្ជាការឯកភាពខណ្ឌចាប់ទុករយៈពេលពី៣ទៅ៥ម៉ោងហើយតម្រូវឲ្យអ្នកបើកបរឬក៏ម្ចាស់រថយន្តធ្វើកិច្ចសន្យានិងផាកពិន័យទៅតាមការណែនាំ តែពេលនេះបើចាប់បានរក្សាទុកមួយថ្ងៃទើបឲ្យយកចេញទៅវិញ។ បើលើកក្រោយនៅតែបំពានការ ណែនាំទៀតនោះពេលសមត្ថកិច្ចចាប់បាននឹងរក្សាទុកពី៥ទៅ៧ថ្ងៃ ដើម្បីឲ្យរៀងចាលកុំឲ្យពូកែពាក់ស្លាកអ្នកមានឥទ្ធិពលដឹកជញ្ជូនទំនិញឆ្លងកាត់តំបន់ហាមឃាត់តទៅទៀត ធ្វើបែបនេះគឺរក្សាតម្លៃឲ្យម្ចាស់ស្លាកយីហោ ដែលត្រូវបានអ្នកបើកបររថយន្តយកមកប្រើផ្តេសផ្តាសធ្វើឲ្យប៉ះពាល់ដល់កិត្តិយស។

ក្នុងនាមគណៈបញ្ជាការឯកភាពខណ្ឌសូមអំពាវនាវហើយអំពាវនាវទៀតដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូនទំនិញគ្រប់ប្រភេទដែលប្រើប្រាស់រថយន្តធំៗ និងម្ចាស់រថយន្តដឹកទំនិញចាប់ពីចំណុះ៥តោនឡើងទៅ ត្រូវប្តូរទិសធ្វើចរាចរដើម្បីកុំឲ្យរំខានដល់ក្រុមការងារដែលកំពុងតែស្ថាបនាផ្លូវជាតិលេខ១ និងបង្កការកស្ទះចរាចរណ៍ អាជ្ញាធរមិនចង់ចុះចាប់នោះទេ តែដោយសារអ្នកបើកបរថយន្តធន់ធំទាំងនោះមិនគោរពតាមការណែទើបគណៈបញ្ជាការឯកភាពខណ្ឌចាត់វិធានារតឹងរ៉ឹង ។

នៅក្នុងថ្ងៃនេះដែរលោកអភិបាលរងខណ្ឌក៏បានដឹកនាំក្រុមការងារចុះពិនិត្យការដ្ឋានដាក់ប្រព័ន្ធលូនៅក្នុងសង្កាត់ច្បារអំពៅទី២ ដែលមានមុខកាត់១ម៉ែត្រប្រវែងជិត៥០០ម៉ែត្រ ដើម្បីរំដោះទឹកលិចនៅក្នុងផ្សាច្បារអំពៅនិងផ្ទះរបស់ប្រជាពលរដ្ឋ ៕

1 2 3 4 5 6 7 8 9

ដោយ៖ សណ្តោស

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print