សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការធ្វើទំនើបកម្មវិស័យយោធារបស់កម្ពុជា គឺដើម្បីការពារបូរណភាពទឹកដីពីការឈ្លានពានរបស់បរទេសតែប៉ុណ្ណោះ

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា កំណែទម្រង់កងទ័ព ដែលយើងបានធ្វើកន្លងមក ផ្អែកទៅលើបទពិសោធន៍ និងបញ្ហាប្រឈមចំពោះមុខ យើងបានធ្វើឱ្យលទ្ធភាព និងសមត្ថភាពរបស់យើងគ្រប់គ្រាន់ ហើយកាន់តែរឹងមាំ។

ក្នុងពិធីអបអរសាទរខួបលើកទី៣២ ទិវាបង្កើតកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣ – ១៤ កក្កដា ២០២៥) នៅខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍បន្ថែមថា បច្ចុប្បន្នយើងមានសមត្ថភាពគ្រប់គ្រាន់នៅក្នុងការការពារបូរណភាពទឹកដីរបស់យើង ប៉ុន្តែក៏យើងមិនអាចនៅហ្នឹងថ្កល់នោះទេ ដោយយើងត្រូវដើរទៅមុខពោលគឺយើងត្រូវធ្វើកំណែទម្រង់កងទ័ពជាបន្តទៀត។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា ការកសាង និងធ្វើទំនើបកម្មវិស័យយោធារបស់កម្ពុជា គឺមិនមែនដើម្បីទៅវាយយកទឹកដីនរណាទេ ប៉ុន្ដែដើម្បីការពារជាតិ និងបូរណភាពទឹកដីរបស់យើងពីការឈ្លានពានរបស់បរទេសតែប៉ុណ្ណោះ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា ការរៀបចំក្នុងការធ្វើ ការពិនិត្យវាយតម្លៃ ការពង្រឹង និងទំនើបកម្មកងទ័ពទៅថ្ងៃខាងមុខ ដើម្បីបង្កើនប្រសិទ្ធភាពកងទ័ព ឫអាចនិយាយថា ការធ្វើ «ទំនើបកម្មកងទ័ព» ដែលការទំនើបកម្មនេះត្រូវការធ្វើទំនើបកម្ម ៣យ៉ាង មានដូចជា៖ ទំនើបកម្មរចនាសម្ព័ន្ធ ទំនើបកម្មការកសាងធនធានមនុស្ស និងទំនើបកម្មសមត្ថភាពបំពាក់។
ពាក់ព័ន្ធនឹងការធ្វើទំនើបកម្មនេះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ដូចនេះថា «កត្តាពាក់ព័ន្ធនឹងថវិកាជាតិ យើងត្រូវពិនិត្យក្នុងការគិតគូរ ក្នុងការបង្កើនថវិកាការពារជាតិក្នុងកម្រិតណាមួយ, ក្រោយពីសង្គ្រាម ក្រោយពីនយោបាយឈ្នះឈ្នះ យើងបានបង្វែរថវិកាការពារជាតិរបស់យើងមួយចំនួនធំ កាត់បន្ថយទៅជាថវិកាសម្រាប់បង្កើនទៅលើការចំណាយសង្គម អភិវឌ្ឍន៍ធនធានមនុស្ស អប់រំ សុខាភិបាល និងវិស័យផ្សេងៗជាអាទិភាព ! ឥលូវយើងចាប់ផ្តើមបន្តទៀត ចឹងការគិតគូរពីថវិកាជាតិ នៅក្នុងវិស័យការពារជាតិត្រូវសំខាន់ ប៉ុន្តែត្រូវចាយឱ្យបានចំគោលដៅ ការធ្វើរចនាសម្ព័ន្ធត្រូវឱ្យចំគោលដៅ និងឱ្យស្រមតាមសំណូមពរភារកិច្ច និងបេសកម្មការពារជាតិ ការពារបូរណភាពទឹកដី ប្រឆាំងនឹងការប៉ុនប៉ងឈ្លានពាននានា»៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print