ខេត្តកំពង់ឆ្នាំង ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា កម្ពុជាចង់ដោះស្រាយបំផុតលើបញ្ហានេះ ប៉ុន្ដែកម្ពុជាត្រូវការជំហរដោះស្រាយច្បាស់លាស់គឺដោះស្រាយឱ្យចប់សព្វគ្រប់តែម្តង ដោយសារ កម្ពុជាមិនចង់លេងល្បែងបិទពួនជាមួយថៃនោះទេ។
ក្នុងពិធីអបអរសាទរខួបលើកទី៣២ ទិវាបង្កើតកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣ – ១៤ កក្កដា ២០២៥) នៅខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជាមានលក្ខខណ្ឌចំនួន៣ ដើម្បីឈានទៅបើកច្រកព្រំដែនកម្ពុជា-ថៃ ក្នុងនោះ ៖
ទី១- ភាគីថៃត្រូវប្រកាសបើកច្រកព្រំដែនមុនជាឯកតោភាគី, ។
ទី២- ថៃត្រូវបើកម្ដងបើកគ្រប់ច្រកទាំងអស់តែម្តង។
និងទី៣-បើកឱ្យដូចស្ថានភាពមុនឱ្យដូចដើមវិញដូចមុនថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥។ ក្រោយមករយៈពេលប្រមាណ៥ម៉ោងកម្ពុជានឹងបើកវិញដូចដើម។
សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានផ្តាំទៅភាគីថៃផងដែរថា ការបើកច្រកព្រំដែន ក៏មិនត្រូវបើកតែទ្វារ ហើយបន្តហាមឃាត់មនុស្ស និងទំនិញឆ្លងកាត់នោះទេ។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយឧត្តមសេនីយ៍ នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបញ្ជាក់ជាថ្មីអំពីជំហរដាច់ណាត់ក្នុងការបើកច្រកទ្វារព្រំដែនរវាងកម្ពុជា-ថៃឡើងវិញ ដោយអះអាងថា ការបើកច្រកទ្វារព្រំដែនមិនលំបាកនោះទេ ពោលកូនសោរប្រគល់ឲ្យភាគីថៃរួចរាល់ហើយ ត្រង់ការសម្រេចគឺស្ថិតនៅលើភាគីថៃ កម្ពុជាត្រៀមអនុវត្តតាមក្រោយបើកសិនថៃបើកព្រំដែនឡើងវិញ។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត, នៅពេលភាគីថៃអនុវត្តនូវលក្ខខណ្ឌ៣ចំណុចនេះហើយ យ៉ាងយូរត្រឹមរយៈពេល៥ម៉ោង កម្ពុជានឹងអនុវត្តតាម ពោលគឺបើកគ្រប់ច្រកវិញទាំងអស់។ សម្ដេចបន្ដថា កម្ពុជាមិនចង់ប្រើប្រាស់វិធានក្នុងការបិទច្រកព្រំដែនោះទេ ប៉ុន្ដែទ្រាំមិនបានចំពោះការសម្រេចចិត្តជាឯកតោភាគីម្ដងហើយម្ដងទៀត ពីសំណាក់ក្រុមយោធាថៃ។
សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ដ្រី បានគូសបញ្ជាក់ថា កម្ពុជា មិនចង់លេងបិទពួនដូចថៃកំពុងលេងនោះទេ មិនមែនចង់បិទក៏បិទ ចង់បើកខ្លះទុកខ្លះ ឬបិទបើកតាមទំនើងចិត្តនោះទេ ហើយកម្ពុជាយល់អំពីការលំបាករបស់ប្រជាពលរដ្ឋ ប៉ុន្ដែកម្ពុជាមានសិទ្ធិក្នុងការឆ្លើយតបចំពោះការគំរាមកំហែងរបស់ក្រុមយោធាថៃ។ កម្ពុជាបញ្ជាក់ជំហរច្បាស់ គឺនៅពេលថៃបើកទាំងអស់ឲ្យវិលមករកប្រក្រតីភាពវិញ កម្ពុជានឹងអនុវត្តតាមក្រោយ។
សម្ដេចលើកឡើងទៀតថា កម្ពុជាចង់បានដំណោះស្រាយមួយច្បាស់លាស់ មាននិរន្ដរភាព ហើយបញ្ឈប់ការប្រើប្រាស់វិធានច្រកព្រំដែនជាឯកតោភាគីរបស់ថៃ មកធ្វើជាល្បែង ឬធ្វើជាលក្ខខណ្ឌនៃជីវភាពប្រជាជន ដើម្បីដោះស្រាយបញ្ហាវិវាទព្រំដែននោះទេ៕