ភ្នំពេញ៖ ល្ខោនបាសាក់រឿង តេជោមាស តេជោយ៉ត បានសម្ដែងនៅលើផ្លូវថ្មើរជើងWalk Street នារាត្រីថ្ងៃអាទិត្យសប្ដាហ៏ទី២៣ ត្រូវនិងថ្ងៃទី១៣ខែកក្ដដា ឆ្នាំ២០២៥ មានប្រជាពលរដ្ឋចូលរួមទស្សទស្សនារាប់ពាន់នាក់ ក្នុងនោះមាន លោក ឃួង ស្រេង និងលោកស្រី ព្រមទាំងមន្រ្ដីក្រោមឱវាទជាច្រើនចូរួមទស្សនាដល់ចប់ បើទោះបី នារាត្រីនោះមានភ្លៀងរលឹមយ៉ាងណាក្ដីតែតំណក់ទឹកភ្លៀងមិនបានរារាំង ពលរដ្ឋមកលេងកំសាន្តនៅលើផ្លូវថ្មេីរជេីង នោះទេ។
សូមបញ្ជាក់ថា៖ ផ្លូវថ្មើជើងWalk Street កាន់តែល្បីមានប្រជាពលរដ្ឋយ៉ាងច្រើន បានអញ្ជើញចូលរួមទស្សនាល្ខោនបាសាក់ នៃមន្ទីរវប្បធម៌និងវិចិត្រសឹល្បះរាជធានីភ្នំពេញក្រុមទី១ ដែលដឹកនាំការសម្ដែងដោយលោកអុល សំអាង ហើយបានសម្តែងជារឿងតេជោមាស តេជោយ៉ត ដែលជារឿងបុរាណរបស់ខ្មែរ នាសម័យប្រឆាំងការឈ្លាន ពានពីសំណាក់ចោរសៀម ដែលរោងល្ខោនខាងលើនៅផ្លូវថ្មើរជើង (Walk Street)។ រោងល្ខោនរៀបចំនាមាត់ទន្លេ ក្បែរទីតាំងរូបសំណាក់ តេជោមាស តេជោយ៉ត មុខវត្តឧណ្ណាលោម ដោយនាំគ្នាអង្គុយលើកន្ទេលស្លឹកត្នោតផ្ទាល់ដីមុខរោងល្ខោន មាន លោក អភិបាលរាជធានីភ្នំពេញ និងលោក ស្រី ព្រមទាំងក្រុមគ្រួសារបានចូលរួម ទស្សនាការសម្តែងល្ខោនបាសាក់រឿង តេជោមាស តេជោយ៉តជាមួយប្រជាពលរដ្ឋដែលមានទាំងអង្គុយ និងឈរ ទាំងចាស់ទាំង ក្មេង យ៉ាងច្រើន រួមជាមួយនិង ភាពប៉ិនប្រសព្វនៃការសម្តែង របស់ក្រុមដឹកនាំសម្តែង ដោយលោកអុល សំអាង បានញ៉ាំងឱ្យបរិយាកាស នៅមុខរោងល្ខោនកាន់តែអ៊ូរអរ ដោយបានទាក់ទាញអ្នកមកកម្សាន្តនៅ ផ្លូវថ្មើរជើង (Walk Street) ពី ម្នាក់ទៅម្នាក់ចូលមកទស្សនា បង្កើតបានភាពសប្បាយរីក រាយ និងចូលរួមទស្សនាយ៉ាងជក់ចិត្ត នាចុងសប្តាហ៍ទី២៣នេះ ។
នៅក្នុងការសម្តែងរបស់ក្រុមសម្តែងល្ខោន ក្នុងសាច់រឿង «តេជោមាស តេជោយ៉ត» ដែលសម្តែងជូនអ្នកទស្សនា នារាត្រីនេះ ជាសាច់រឿងមួយឆ្លុះបញ្ចាំង ពីភាពប៉ិនប្រសព្វ ការឈ្លាសវៃ របស់ព្រះមហាក្សត្រខ្មែរ និងមេទ័ពដ៏អង់អាចរបស់ខ្មែរ នាសម័យនោះ ដែលបានធ្វើឱ្យកម្លាំងទ័ពបច្ចាមិត្តសៀម ដែលចង់ឈ្លានពាន គ្រប់គ្រងដែន នគរខ្មែរ ត្រូវវិនាសរត់ខ្ចាត់ខ្ចាយ និងកោតខ្លាចអំណាចឥទ្ធិព លព្រះមហាក្សត្រខ្មែរ នាសម័យនោះ ពោលនៅចន្លោះឆ្នាំ ១៥៧៥ ដល់១៥៩៣ ។ ជាក់ស្តែងនៅឆ្នាំ២០២៥នេះទៀត សោត ប្រទេសភូមិផងរបងតែមួយរបស់ខ្មែរ ដដែលនេះ នៅតែចិញ្ចឹមចិត្តចង់បានទឹកដីរបស់ខ្មែរឥតឈប់ឈរ រហូតចូលមកលប់លួចបាញ់សម្លាប់ទាហានខ្មែរម្នាក់ ស្លាប់បាត់បង់ជីវិតក្នុងទឹកដីខ្មែរ ដែលហេតុការណ៍នេះ បានបង្ករជាបញ្ហាជម្លោះព្រំដែន និងឈានដល់ការបិទច្រកទ្វារព្រំដែន ចាប់ តាំងពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥នេះ រហូតដល់បច្ចុប្បន្ន ។
នៅក្នុងឈុតឆាក ដែលមេទ័ពអង់អាចរបស់ខ្មែរ ឈ្មោះតេជោមាស និងតេជោយ៉ត ដែលជាគ្រូនិងសិស្ស.បានបណ្តេញពួកចោរសៀមឈ្លានពានអស់ពីដែននគរខ្មែរ ធ្វើឱ្យប្រជាពលរដ្ឋដែលចូលរួមទស្សនា ស្រែកហ៊ោនិងទះដៃអបអរសាទរ យ៉ាងកងរំពង ដែលការណ៍នេះ បានបង្ហាញថា ប្រជាពលរដ្ឋខ្មែរ បានគាំទ្រពេញទំហឹង ដល់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាលើចំណាត់ការ ទាំងការប្តឹងទៅតុលាការអន្តរជាតិ ICJ និងយន្តការទ្វេភាគី ព្រមទាំងបន្តលើកទឹកចិត្ត ដល់វីរកងទ័ពជួរមុខ ដែលកំពុងត្រៀម២៤ម៉ោងលើ២៤ម៉ោង ក្នុងការការពារបូរណភាពទឹកដី ឯនាព្រំដែនផងដែរ ។
ដំណើររឿង«តេជោមាស តេជោយ៉ត» ត្រូវបានកើតឡើងនៅក្នុងសម័យឧដុង្គ រជ្ជកាលព្រះបាទជ័យ ចេស្តា (១៥៧៥ ដល់១៥៩៣) គឺពេលដែលប្រទេសខ្មែរ ស្ថិតនៅក្នុងការទន្រ្ទានយាយីពីបរទេស និងទំនាស់ផ្ទៃក្នុងព្រះរាជវាំង និងចង់បង្ហាញពីវីរភាពរបស់បុព្វបុរសខ្មែរ ក្នុងបុព្វហេតុជាតិមាតុភូមិ ក៏ដូចជាព្រះមហាក្សត្រ ក្នុង កិច្ចការពារបូរណ ភាពទឹកដី។ ក្នុងរឿងល្ខោននោះដែរតួអង្គតេជោយ៉ត បានប្រើយុទ្ធវិធីអូសប្ញស្សីបញ្ចាស់ចុងដើម្បីរកខ្មាំងសត្រូវនិងជនបង្កប់ផ្ទៃក្រោយប្រើវិធីនេះហើយពួកជន់បង្កប់និងសត្រូវផ្ទៃក្នុងត្រូវបានបង្ក្រាបទើបព្រះរាជាណាចក្រខ្មែរសម័យនោះទទួលបានជ័យជំនះពីការឈ្លានពាន។តេជោយ៉ត ជាតួអង្គតំណាងឱ្យមេទ័ពខ្មែរ នៅសម័យឧដុង្គដែល មានគំនិតស្រឡាញ់ជាតិ លើកតម្កើងជាតិ និងហ៊ានពលីជីវិតដើម្បីជាតិមាតុភូមិ ដែលទង្វើ នេះជាគម្រូមួយគួរជាទីមោទនៈ និងស្ញប់ស្ញែងក្រៃលែង ៕
