ខេត្តកំពង់ឆ្នាំង ៖ ដោយសារតែបច្ចេកវិទ្យាកាន់តែរីកចម្រើន ដូច្នេះយុទ្ធសាស្ដ្រនៅក្នុងការធ្វើសង្គ្រាមក៏កាន់តែជឿនលឿនដែរ គឺគេមិនប្រើកងកម្លាំងប្រដាប់អាវុធទេ ប៉ុន្ដែគេប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានដើម្បីបំភ្លៃព័ត៌មាន ប្រើប្រាស់ក្រុមចោរបច្ចេកវិទ្យា(Hacker) ដើម្បីវាយប្រហារទៅលើប្រព័ន្ធបច្ចេកវិទ្យារបស់ស្ថាប័ននានាតួយ៉ាងមានក្រសួងការពារជាតិជាដើម ដែលនេះគេហៅថាសង្គ្រាមកូនកាត់។ នេះគឺជាការលើកឡើងរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា ដោយបន្ដថា បច្ចុប្បន្នគេអាចប្រើប្រាស់យន្ដហោះដ្រូនដើម្បីទម្លាក់គ្រាប់បាន ដូច្នេះសម្រាប់កម្ពុជាត្រូវគិតគូរថាតើគួរមានអង្គភាពណាមួយអាចប្រឆាំងនឹងក្រុមអេឡិចត្រូនិកបែបនេះដែរឬទេ។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «ថ្ងៃមុន មានការប្រជុំចង្អៀតមួយ ដែលមានការចូលរួម ពីរដ្ឋមន្ដ្រីក្រសួងការពារជាតិ, អគ្គមេបញ្ជាការ កងយោធពលខេមរភូមិន្ទ, មេបញ្ជាការកងទ័ពជើងគោក និងជំនាញមួយចំនួនរបស់កងទ័ព ដើម្បីពិនិត្យមើល ក្នុងការកែទម្រង់បន្ដទៀត ក្នុងការធ្វើទំនើបកម្មទ័ព»។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ផ្អែកលើបទពិសោធន៍ និងបញ្ហាប្រឈមចំពោះមុខ ដែលយើងមាន គឺសមត្ថភាពរបស់យើងនាពេលបច្ចុប្បន្ន មានសមត្ថភាពគ្រប់គ្រាន់ ក្នុងការការពារបូរណភាពទឹកដីរបស់យើង។
ទន្ទឹមគ្នានេះ សម្តេចបវរធិបតី នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានលើកឡើងថា ការដឹកនាំពង្រឹង ទៅលើជ្រុងខ្លះ នៃការកំណែទម្រង់ការពារជាតិ គឺត្រូវការកម្លាំងសរុបរបស់យើង ដូច្នេះការរៀបចំ ក្នុងការធ្វើពិនិត្យវាយតម្លៃ ការពង្រឹង និងទំនើបកម្មកងទ័ព ទៅថ្ងៃខាងមុខ គឺដើម្បីបង្កើនប្រសិទ្ធភាព។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងទៀតថា ការធ្វើទំនើបកម្មកងទ័ព ត្រូវធ្វើទំនើបកម្មចំនួន៣ រួមមាន៖ ទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធ ទំនើបកម្មធនធានមនុស្ស និងទំនើបកម្មគ្រឿងបំពាក់៕
ដោយ ៖ សិលា