ទីកំសាន្តកោះស្នេហ៍១កន្លែងនៅមាត់ទន្លេមេគង្គក្នុងស្រុកស្រីសន្ធរ ឆក់យកជីវិតនារីក្រមុំម្នាក់

ចែករំលែក៖

ខេត្តកំពង់ចាម÷ កោះស្នេហ៍ ដែលត្រូវបានបង្កើតឡើងដោយឧកញ៉ាម្នាក់មានទីតាំងស្ថិតនៅក្នុងឃុំឬស្សីស្រុក ស្រុកស្រីសន្ធរ តែងតែមានប្រជាពលរដ្ឋមកពីគ្រប់ទិសទីនាំគ្នាមកលេងស្រូបយកខ្យល់អាកាសភាគច្រើននៅចុងសប្តាហ៍។ តែគួរឱ្យអាណិតមានក្រុមយុវជនប្រុសស្រីបួននាក់បាននាំគ្នាមកងូតទឹកលេង ដោយលង់ចំនួន២នាក់ក្នុងនោះ ត្រូវបានគេសង្គ្រោះទាន់ពេលវេលាបានម្នាក់ផុតពីគ្រោះថ្នាក់ដល់ជីវិត ចំណែកម្នាក់ទៀតគ្រោះអកុសលបានស្លាប់បាត់បង់ជីវិត។

លោកសូ សេងហៀង មេឃុំឬស្សីស្រុកមានប្រសាសន៍ឱ្យដឹងតាមទូរសព្ទថា នៅព្រឹកថ្ងៃទី១៤កក្កដាឆ្នាំ២០២៥ រូបលោករួមនឹងមន្ត្រីមួយចំនួនបានចុះពិនិត្យទីតាំងកន្លែងកើតហេតុកោះស្នេហ៍ស្ថិតនៅក្នុងភូមិត្នោតក្រោម ឃុំឬស្សីស្រុក ។ ជាមួយនោះគឺនឹងដាក់កម្លាំងប្រជាការ ពារចំនួន៤នាក់ ដើម្បីតាមឃ្លាំមើលបងប្អូនប្រជាពលរដ្ឋដែលបាននាំគ្នាមកលេងទឹកក្នុងរដូវវស្សានេះធ្វើយ៉ាង ណាការពារសុវត្ថិភាពជូនពួកគាត់។

លោកមេឃុំមានប្រសាសន៍បន្តថា កាលពីវេលាម៉ោង២ និង៣០នាទីរសៀលថ្ងៃទី១៣កក្កដា មានករណីលង់ទឹក (ស្លាប់) នៅចំណុចមាត់ច្រាំងទន្លេមេគង្គកោះស្នេហ៍ ស្ថិតនៅភូមិត្នោតក្រោម ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ ជនរងគ្រោះឈ្មោះ ភាន គីមបូរ៉ា ភេទស្រី អាយុ១៦ឆ្នាំ នៅភូមិស្យាអំពិល ឃុំបារាយណ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាមបានចុះលេងទឹកទន្លេ បណ្តាល ឱ្យលង់ទឹកស្លាប់។ក្នុងពេលកើតហេតុនោះគឺមានមនុស្សលង់ពីរនាក់ដោយមិត្តប្រុសម្នាក់ត្រូវបានសង្គ្រោះទាន់ ពេល ហើយមិត្តស្រីនេះបានលង់ក្នុងទឹកជម្រៅជាង២ ម៉ែត្រ ដោយមិនចេះហែលទឹក ជាហេតុបណ្ដាលឱ្យមានការភ្ញាក់ផ្អើលដល់មនុស្សម្នាដែលមកលេង។

អ្នកដែលចេះហែលទឹក នាំគ្នាជ្រមុជរកមើលកន្លែងលេងទឹកនោះក៏ប្រទះឃើញសព លើកមកដាក់នៅច្រាំងទន្លេ ។ បន្ទាប់មកកម្លាំងប៉ុស្តិ៍រដ្ឋបាលឬស្សីស្រុកសហការជាមួយនឹងមណ្ឌលសុខភាពបង្កើតគណៈកម្មការចម្រុះត្រួតពិនិត្យសាកសពឃើញថា ពិតជាបានលង់ទឹកស្លាប់មែនមិនមានការពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌនោះទេ សពត្រូវបានប្រគល់ទៅឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។

មេឃុំឫស្សីស្រុកបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះទឹកទន្លេមេគង្គបានឡើងស្រកៗ ជាហេតុធ្វើឲ្យអ្នកជួលពោងមិនបានមកដូចសពមួយដង។ នាពេលកន្លងទៅឱ្យតែអ្នកមកលេងទឹក តែងតែជួលអាវពោងពាក់ដើម្បីសុវត្ថិភាពការពារកុំឲ្យលង់ដោយប្រការណាមួយ។ ថ្ងៃ កើតហេតុមិនមានអ្នកជួលពោងមកនោះទេ ហើយក្រុមយុវជនទាំង៤នាក់នោះបាននាំគ្នាងូតទឹកលេងកន្លែងរាក់ ហើយចេះតែនាំគ្នារំកិលខ្លួនមកចំកន្លែងជ្រៅ ស្របពេលមិនចេះហែលទៀតទើបបណ្ដាលឱ្យលង់២នាក់សំណាងជួយសង្គ្រោះបានម្នាក់។

...

ទីតាំងកោះស្នេហ៍នេះគឺបានបង្កើតឡើងដោយឧកញ៉ាម្នាក់ ដោយគាត់យកគ្រឿងចាស់ឈូសឆាយដីរបស់គាត់ហើយរៀបស្មើល្អងាយស្រួលមនុស្សមកលេង តំបន់នេះមិនទាន់បានបង្កើតឲ្យមានអាហារដ្ឋានអ្វីនោះទេ ហើយឧកញ៉ានោះក៏មិនមានប្រយោជន៍ដល់គាត់ដែរ។សូមបញ្ជាក់ថាករណីលង់ទឹកស្លាប់នេះជាករណីលើកទី៣ ហើយ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print