ភ្នំពេញ ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ និងរថយន្ត បណ្តាលឲ្យម្ចាស់ម៉ូតូរងរបួសធ្ងន់ ត្រូវបានរថយន្តសាម៉ុយ បញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យ ។
ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង១០យប់ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ ទីតាំងកើតហេតុ ស្ថិតនៅបណ្តោយផ្លូវសម្តេចសុធារស ចំណុចស្តុបនាគបាញ់ទឹក ស្ថិតនៅក្នុងសង្កាត់ ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីពលរដ្ឋដែលឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ ជិះម៉ូតូ ហុងដា wave ពណ៌ខ្មៅ ស្លាកលេខ រដ្ឋ37 1-0110 ធ្វើដំណើរតាមបណ្តោយផ្លូវសម្តេចសុធារស ឆ្ពោះទៅស្តុបនាគបាញ់ទឹក គោលបំណងបត់ទៅវិថីព្រះសុរាម្រិត ។ បន្ទាប់មកគេបានឃើញរថយន្ត រថយន្តអាល់ហ្វាត១គ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2CC-0058 បើកបរតាមបណ្តោយវិថីព្រះសុរាម្រិត ទិសដៅពីកើតទៅលិច បុកគ្នាជាមួយម៉ូតូនៅផ្លូវប្រសព្វ បណ្តាលឲ្យម្ចាស់ម៉ូតូដួលរងរបួសធ្ងន់ ។
ភ្លាមនោះពលរដ្ឋនាំគ្នាហៅថយន្តសង្គ្រោះ ដើម្បីមកដឹកបុរសរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ជាក់ស្តែងរថយន្តត្រូវបានរងការខូចខាតផ្នែកខាងមុខខាងឆ្វេង ចំណែម៉ូតូខូចខាតគួរសម ។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ ដើម្បីចុះមកបានអោយភាគីទាំងសងខាងធ្វើជជែកដោះស្រាយគ្នាដោយខាងរថយន្តព្រមសងសំណង៧០០$ដើម្បីបញ្ចាប់រឿងតែម្ដង៕
ដោយ៖ ជ្រោយពេជ្រ