ភ្នំពេញ ៖ នៅក្នុងពិធីទទួលដំណើរមាតុភូមិនិវត្តន៍កងទ័ពមួកខៀវ ដែលបញ្ចប់បេសកកម្មរក្សាសន្តិភាពនៅអាហ្វ្រិកកណ្ដាល នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ ប្រមុខការពារជាតិកម្ពុជា នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អះអាងយ៉ាងច្បាស់ៗថា ៖ កម្ពុជានៅសល់កងទ័ពជាច្រើនទៀត ហើយនឹងបញ្ជូនទ័ពបន្ថែមទៀតទៅកាន់ព្រំដែនជួរមុខ ដើម្បីការពារទឹកដីប្រឆាំងការឈ្លានពាន ហើយកម្ពុជា មិនដកទ័ព និងសព្វាវុធធ្ងន់ ចេញពីទីតាំងប្រឈមផ្ទុះសង្គ្រាមដាច់ខាត ដរាបណាថៃមិនដកកងទ័ព សព្វាវុធចេញមុន និងមិនបើកព្រំដែនទាំងអស់ឡើងវិញ នឹងធ្វើឱ្យស្ថានការណ៍ច្រកទ្វារព្រំដែនមានប្រក្រតី ដូចមុនកាលពីថ្ងៃទី០៧ ខែមិថុនា។ ប្រមុខការពារជាតិកម្ពុជា អះអាងថា ក្រសួងការពារជាតិកម្ពុជា តាមដានជាប់ជានិច្ចចំពោះករណីនេះ មិនឱ្យរួចផុតដោយងាយៗឡើយ។
ក្នុងនោះប្រមុខការពារជាតិកម្ពុជា ហួសចិត្តចំពោះករណីជនកំសាកថៃ វាយកងទ័ពកម្ពុជា នៅប្រាសាទតាមាន់ធំកន្លងទៅ។
ប្រមុខការពារជាតិកម្ពុជា នាយឧត្តមសេនីយ៍ ទៀ សីហា ហួសចិត្តនឹងករណីជនកំសាកថៃ២នាក់ ក្នុងនោះម្នាក់ពាក់ឯកសណ្ឋានយោធាថៃ ឆ្លៀតចាប់ដៃ រួចដាល់កងទ័ពកម្ពុជានៅប្រាសាទតាមាន់ធំ។ លោក ទៀ សីហា ក៏បង្ហាញការមិនពេញចិត្តមិនបានសុំទោសមកកម្ពុជាជាផ្លូវការ ឬផ្សព្វផ្សាយថា ថៃសុំទោសចំពោះករណីប្រើហិង្សាលើកងទ័ពមម្ពុជា៕
ដោយ ៖ សិលា