ប្រសិនបើខ្ញុំរត់ ខ្ញុំអាចត្រូវកងទ័ពខ្មែរក្រហមបាញ់ដោយគ្រាប់កាំភ្លើងដែលអាចឆាប់ស្លាប់ស្រួលជាងវាយនឹងត្បូងចប។ បន្ទាប់ពីខ្ញុំគិតរួចហើយ ជើងរបស់ខ្ញុំបានឡើងរត់យ៉ាងត្របាញ់។ កងទ័ពខ្មែរក្រហមបានបាញ់ខ្ញុំ។ គ្រាប់កាំភ្លើងបាញ់កិតៗនិងជើងរបស់ខ្ញុំ ប៉ុន្តែមិនត្រូវខ្ញុំទេ។ កងទ័ពខ្មែរក្រហមទាំងអស់នោះមិនបានតាមមករកខ្ញុំភ្លាមៗ នោះទេ ព្រោះខ្លាចប្រជាជនផ្សេងទៀតមានឱកាសរត់ដែរ។ ខ្ញុំបានរត់ទៅតាមផ្លូវដែលកងទ័ពខ្មែរក្រហមទាំងអស់នោះបានបណ្ដើរខ្ញុំមក។នៅពេលដែលខ្ញុំខំរត់ទៅដល់ខាងជើងក្លោងទ្វារវត្តជីផុច មានមនុស្សម្នាជាច្រើននៅទីនោះផ្អើលនឹងសំឡេងកាំភ្លើងដែលកងទ័ពខ្មែរក្រហមបានបាញ់ខ្ញុំ។ កងទ័ពខ្មែរក្រហមផ្សេងទៀតបានឃើញខ្ញុំហើយស្រែកគំរាមឲ្យខ្ញុំឈប់ ប៉ុន្តែខ្ញុំនៅតែព្យាយាមរត់គេចចេញ។ពេលនោះខ្ញុំបានឮកងទ័ពខ្មែរក្រហមម្នាក់ស្រែកឱ្យបាញ់សម្លាប់ខ្ញុំ បន្ទាប់ខ្ញុំរត់បានចម្ងាយ១០ម៉ែត្រចេញពីទីនោះ។ សំណាងល្អខ្ញុំអាចគេចផុតពីគ្រាប់កាំភ្លើងដោយសុវត្ថិភាព។ នៅពេលដែលខ្ញុំរត់បានចម្ងាយប្រហែសជាង ២០០ ម៉ែត្រ ខ្ញុំបានឈប់កាច់បង្គោលឈើមួយទំហំប៉ុនកដៃការពារខ្លួន។ ម៉ោងប្រហែលពីរំលងអធ្រាត្រ ខ្ញុំបានធ្វើដំណើរដល់ផ្លូវបំបែកទៅភូមិត្រខុប និងថ្មស ហើយខ្ញុំបានជួបអ្នកយាមដែលមានគ្នីគ្នាប្រហែល ៣ឥ នាក់។ មុនខ្ញុំដើរសំដៅអ្នកយាម ខ្ញុំបានស្រាយក្រមាពីដៃមករុំបង្គោលឈើធ្វើដូចជារុំកាំភ្លើងមកឱបនឹងខ្លួន រួចដើរចូលទៅ។ ខ្ញុំបានស្រែកសួរអ្នកយាមថា បងប្អូនមានឃើញខ្មាំងរត់មកតាមផ្លូវនេះទេ ? អ្នកខ្លះឆ្លើយថា មិនឃើញហើយអ្នកខ្លះឆ្លើយថា បើឃើញវិញចិញ្ច្រាំតែម្ដងពួកអាក្បត់។ អ្នកទាំងអស់គ្នាមានឮសំឡេងកាំភ្លើងដែលខ្ញុំបានបាញ់ទេ? ខ្ញុំដេញបាញ់ជិតទាន់ខ្មាំងទៅហើយ តែវារត់មកក្បែរៗនេះ។ ដូច្នេះសូមបងប្អូនទាំងអស់គ្នាថយប្រហែល ១០០ ម៉ែត្រចៀសសវាងខ្ញុំបាញ់ចំត្រូវបងប្អូន។ ក្រុមកងទ័ពទាំងនោះបានថយបន្តិច។ ខ្ញុំខំប្រឹងរត់ពួយចំដៅទៅខាងក្នុងភូមិខ្លាចកងទ័ពខ្មែរក្រហមតាមមកទាន់។ ខ្ញុំបានរត់កាត់វាលស្រែ និងឆ្លងព្រែកកាត់តំបន់រលួស។ ខ្ញុំធ្វើដំណើររហូតដល់ម៉ោង៤ភ្លឺទើបបានខ្ញុំមកដល់ផ្ទះរបស់ខ្ញុំនៅក្នុងភូមិ ប្រហូ៊ត។ ខ្ញុំមិនហ៊ាននៅផ្ទះទេខ្ញុំខ្លាចកងទ័ពខ្មែរក្រហមតាមចាប់ព្រោះខ្មែរក្រហមបានដឹងថា ខ្ញុំគឺជាអ្នកភូមិប្រហូ៊ត។ ខ្ញុំបានរត់ទៅរស់នៅក្នុងព្រៃខាងត្បូងវត្តព្រហូតជាបណ្ដោះអាសន្នសិន។ បងប្អូននិងម៉ែរបស់ខ្ញុំបានផ្លាស់ប្ដូរវេនគ្នាលួចយកបាយមកឲ្យខ្ញុំហូប។ ក្រោយមកខ្ញុំឮថា អង្គការលែងឱ្យសម្លាប់មនុស្ស ហើយអ្នកដែលមានកាន់អាវុធត្រូវប្រមូលយកមកឱ្យអង្គការវិញ។ ពេលនោះហើយដែលខ្ញុំបានត្រឡប់ចូលមករស់នៅក្នុងភូមិវិញ។
ខែមិថុនាឆ្នាំ ១០៧៨ ខ្ញុំត្រូវអង្គការបង្ខំឲ្យរកគូស្រករ។ នៅទីបំផុតខ្ញុំបានស្នើឲ្យមេកងតូចទៅសួរចិត្តនារីម្នាក់ ឈ្មោះឌឹក សាវង្ស រស់នៅភូមិត្បែង ក្បែរភូមិរបស់ខ្ញុំ។ អង្គការបានរៀបការឲ្យយើងរួមជាមួយគូស្រករដទៃទៀតប្រមាណ ៧០ គូ។ ពិធីរៀបការនេះបានរៀបចំឡើងនៅវត្តក្រាំងចេតិយ ដែលស្ថិតនៅភូមិត្រពាំងស្រែ ស្រុកមេសាង ខេត្តព្រៃវែង ។ បន្ទាប់ពីខ្ញុំរៀបការរួចបានប្រហែលជាកន្លះខែអង្គការបានបញ្ជូនឲ្យខ្ញុំនឹងប្រពន្ធទៅលើកទំនប់ទឹកទៅឯភូមិស្វាយជោរ ឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង។ យើងលើកទំនប់នៅទីនោះបានប្រហែលជាកន្លះខែប៉ុណ្ណោះ។ ក្រោយមកអង្គការបានចាត់ឲ្យយើងនៅយាមទឹកបន្តទៀតដោយបានបែងចែកតួនាទីឱ្យយើងយាមចន្លោះ ៥ ម៉ែត្រ មានអ្នកយាមម្នាក់ក្រែងមានដាច់ឬជ្រាបទឹកត្រង់ណា។ បន្ទាប់ពីទឹកស្រកទៅវិញទើបយើងបានត្រឡប់មកផ្ទះវិញ។
ក្នុងខែធ្នូឆ្នាំ ១៩៧៨ ខ្ញុំបានមករស់នៅភូមិកំណើតវិញ។ ខ្ញុំរស់នៅជួបជុំប្រពន្ធ និងគ្រួសារបានមួយរយៈពេល ទើបអង្គការបានហៅប្រជាជនទាំងអស់ក្នុងឃុំមកប្រជុំផ្សព្វផ្សាយផែនការ។ អង្គការបានប្រកាសថា បងប្អូនយើងមួយចំនួនមានឈ្មោះត្រូវទៅរស់នៅតំបន់កណ្ដាល។ នៅទីនោះសំបូរសប្បាយណាស់ មានសុទ្ធតែមើមត្រាវធំៗ ត្រីក៏សម្បូរ ត្រីក៏សម្បូរ និងបាយស្រូវអង្ករមិនខ្វះទេ។ ពេលនោះខ្ញុំ ប្រពន្ធឪពុកម្ដាយក្មេក និងបងប្អូនសាច់ញាតិខាងប្រពន្ធខ្ញុំមានឈ្មោះត្រូវបញ្ជូនទៅរស់នៅតំបន់កណ្ដាលដែរ។ តំបន់កណ្ដាលស្ថិតនៅខាងលិចក្រុងពោធិ៍សាត់ប្រហែលជា ១០ គីឡូម៉ែត្រ។ទៅដល់តំបន់កណ្ដាល ខ្ញុំរស់នៅភូមិអន្លង់សម្បូរឃុំស្វាយស ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។ ដំបូងខ្ញុំ ជាមួយនឹងប្រពន្ធ និងគ្រួសារធ្វើដំណើរដោយថ្មើរជើងដោយមានតែអម្រែកខោអាវទេ។ រយៈពេលបីយប់ ទើបយើងធ្វើដំណើរទៅដល់អ្នកលឿរួចហើយយើងត្រូវចុះទូកបន្តដំណើរទៅទៀត។ យើងបានដេកក្នុងទូកមួយយប់រហូតដល់ម៉ោងប្រាំពីរព្រឹក ទើបទូកចេញដំណើរទៅទៀតដោយមានផ្ទុកអ្នកដំណើរប្រហែលជា ៥០០នាក់ទៅ ៦០០ នាក់។ នៅម៉ោង ១១ កន្លះ យើងបានធ្វើដំណើរទៅដល់ច្បារអំពៅ។ ទូកឈប់នៅត្រង់ច្រាំងបាក់ហើយមានឡានមកចាំទទួលយើង។ អង្គការបានយកយើងទៅដាក់ឲ្យសម្រា
កនៅច្បារអំពៅ។ ពេលល្ងាចអង្គការ បានចែកបាយឱ្យយើងហូប រួចអង្គការបានបញ្ចាំងកុនឲ្យយើងមើលអំពីនយោបាយរបស់អង្គការ មហាលោតផ្លោះ មហាអស្ចារ្យ ថែមទាំងបានបញ្ចាំងកុនពីការចាប់បានជនជាតិវៀតណាមដែលខ្មែរក្រហមចាត់ទុកថាសត្រូវឈ្លានពានទឹកដី។ យើងមើលកុនរួចហើយ អង្គការបានឱ្យយើងឡើងឡានរួចដឹកយើងយកទៅដាក់នៅស្ថានីយ៍រថភ្លើងទាំងយប់។ បន្ទាប់ពីសម្រាកក្នុងស្ថានីយ៍រថភ្លើងបានមួយយប់ ម៉ោងប្រហែលជា ៧ ព្រឹក
រថភ្លើងចេញដំណើរ ហើយម៉ោងប្រហែលជា១២កន្លះ រថភ្លើងបានធ្វើដំណើរមកដល់ខេត្តពោធិ៍សាត់។ អ្នកដំណើរទាំងអស់ត្រូវសម្រាកមួយយប់នៅពោធិ៍សាត់។ (នៅមានត)