ខេត្តកណ្តាល÷ ហេតុការណ៍ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសមួយ ដែលបង្កឡើងដោយក្រុមក្មេងទំនើងមានគ្នា ១០នាក់ បានកើតឡើងកាលពីវេលាម៉ោង ០២:រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៣ កក្កដា ២០២៥ នៅលើផ្លូវជាតិលេខ ២១ ភូមិត្រពាំងឈូក ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល។ ករណីនេះបណ្ដាលឲ្យជន សង្ស័យម្នាក់ស្លាប់និងជនរងគ្រោះ៨នាក់រងរបួសខណៈ ជនសង្ស័យ ៦នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន។
លោកវរសេនីយ៍ឯក រស់ ចន្ថា អធិការនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនរងគ្រោះទាំងអស់ជាបុរសមានចំនួន ៨នាក់ រួមមាន៖ ឈ្មោះ រឿន ណារិន (១៧ឆ្នាំ) រងរបួសចំដៃ, ឈ្មោះ ឃឹម វាសនា (១៨ឆ្នាំ), ឈ្មោះ ហេង សុខបាន (១៧ឆ្នាំ), ឈ្មោះ សល់ ស ហៅ វិសាល (១៨ឆ្នាំ), ឈ្មោះ ម៉េត យុទ្ធា (១៩ឆ្នាំ), ឈ្មោះ វ៉ុន សាវុធ (១៩ឆ្នាំ), ឈ្មោះ សត ស៊ីន (២២ឆ្នាំ) រងរបួសផ្ទៃមុខ, និងឈ្មោះ ធា ចន្ទថា (១៨ឆ្នាំ)។ ជនរងគ្រោះទាំង ៨នាក់នេះ ជាកម្មករ និងមានទីលំនៅជាមួយគ្នា ក្នុងភូមិកំពង់ទ្រា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល។
ចំណែកបក្ខពួកក្រុមជនសង្ស័យមានគ្នា១០នាក់ សុទ្ធតែ ជាបុរស។ ជនសង្ស័យ ៦នាក់ដែលឃាត់ខ្លួនបានរួម មាន៖ ឈ្មោះ ធី វិសាល (១៧ឆ្នាំ) កម្មករ មានទីលំនៅភូមិដំណាក់សង្កែ សង្កាត់ព្រែកកំពិស ខណ្ឌដង្កោ រាជធានីភ្នំពេញ (ជាអ្នកបើកម៉ូតូ), ឈ្មោះ ជុំ ជេដ្ឋា រ៉ូហ្សា (១៧ឆ្នាំ) កម្មករ មានទីលំនៅភូមិថ្មី១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ (ជាអ្នកបើកម៉ូតូ), ឈ្មោះ ហួត ខ្លាអាដាម ហៅអាខ្លា (១៦ឆ្នាំ) មានទីលំនៅភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ (ជាអ្នកបើកម៉ូតូ), ឈ្មោះ វន្ថា ដេវីត (១៥ឆ្នាំ) មានទីលំនៅភូមិព្រែកសំរោង ក្រុងតាខ្មៅ (ជាអ្នកកាន់កាំបិតប៉័ងតូអង្គុយពីក្រោយ), ឈ្មោះ ជា ភារៈ ហៅយួន (១៦ឆ្នាំ) មានទីលំនៅភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ (ជាអ្នកបើកម៉ូតូ), និងឈ្មោះ អ៊ូ សុវណ្ណឡុង (១៧ឆ្នាំ) មានទីលំនៅភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ជាអ្នកអង្គុយពីក្រោយកាន់ដាវ)។
៊រីឯជនសង្ស័យ ៤នាក់ទៀតដែលបានគេចខ្លួនរួមមាន៖ ឈ្មោះ ឡេង សុភ័ក្ត្រា (១៦ឆ្នាំ) ជាជនដៃដល់ (បានស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ), ឈ្មោះ ឈឿន ស៊ីវហេង ហៅ បារាំង (១៦ឆ្នាំ) (ជាអ្នកកាន់ដាវអង្គុយពី ក្រោយ), ឈ្មោះ ឃឿន សីហា (១៨ឆ្នាំ) (ជាអ្នកកាន់ដាវអង្គុយពីក្រោយ), និងឈ្មោះ អឿន ថុនា ហៅថុ (១៧ឆ្នាំ) (ជាអ្នកបើកម៉ូតូ)។
លោកអធិការបានឲ្យដឹងទៀតថា វត្ថុតាងចាប់យកបានរួមមាន៖ កាំបិតប៉័ងតោកែឆ្នៃ ១ដើម, ដាវកែឆ្នៃ ២ដើម, និងម៉ូតូ Honda Dream C125 ពណ៌ខ្មៅ ផ្លាកលេខភ្នំពេញ 1JP – 9954 ចំនួន ១គ្រឿង (ជារបស់ក្រុមជនសង្ស័យ)។
លោកអធិការប្រាប់ពីសភាពរឿងហេតុបន្តទៀតថា នៅវេលាកើតហេតុ ក្រុមជនរងគ្រោះមានគ្នា ៨នាក់ បានជិះម៉ូតូ ៤គ្រឿង ក្នុងទិសដៅពីក្រុងតាខ្មៅ ទៅស្រុកស្អាង។ ពេលជិះម៉ូតូមកដល់ចំណុចវត្តឈូងលៀប សង្កាត់រកា ខ្ពស់ បានជួបបក្ខពួកជនសង្ស័យជិះម៉ូតូដេញកាប់ក្រុមជនរងគ្រោះរហូតមកដល់ក្លោងទ្វារវត្តត្រពាំងឈូក។ ពេលនោះ ក្រុមជនសង្ស័យបានធ្វើ សកម្មភាពយកដាវកាប់ទៅលើជនរងគ្រោះ រឿន ណារិន បណ្ដាល ឲ្យរងរបួសដៃ និងឈ្មោះ សត ស៊ីន រងរបួសផ្ទៃមុខ ហើយក៏ដួលម៉ូតូ។ ចំណែកម៉ូតូរបស់ជនសង្ស័យ ធី វិសាល បានទៅបុកជាមួយបង្គោលភ្លើងបំភ្លឺផ្លូវនៅក្បែរនោះ។
បន្ទាប់មក ក្រុមជនសង្ស័យក៏បន្តធ្វើសកម្មភាពដេញកាប់ទៅលើឈ្មោះ រឿន ណារិន បន្ថែមទៀត តែត្រូវជនរងគ្រោះ រឿន ណារិន រើសដុំឥដ្ឋ និង សត ស៊ីន យកមួកការពារគប់ទៅលើក្រុមជនសង្ស័យវិញ រួចក៏បានរត់គេចចេញពីកន្លែងកើតហេតុ។ ចំណែកជនសង្ស័យ ឡេង សុភ័ក្ត្រា ពេលដួលម៉ូតូរងរបួសធ្ងន់ដោយបុកបង្គោលភ្លើង ត្រូវបានក្រុមរបស់ខ្លួនលើកដាក់លើម៉ូតូ យកទៅមន្ទីរពេទ្យជ័យជំនះក្រុងតាខ្មៅ តែដោយស្ថានភាពរបួសធ្ងន់ពេក ជនសង្ស័យម្នាក់នេះបានស្លាប់នៅក្នុងមន្ទីរពេទ្យ។
បច្ចុប្បន្ន ជនសង្ស័យទាំង ៦នាក់ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕