ភ្នំពេញ៖ វាគួរឲ្យអាណោចអាធ័មបំផុត ប្រសិនបើយើងឃើញទិដ្ឋភាពគួរឲ្យខ្លោចផ្សានៅលើហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ ដែលឆក់យកជីវិតស្ត្រីម្នាក់ ខណៈជិះម៉ូតូម្នាក់ឯងលើបណ្តោយផ្លូវ៥៩៨ ដោយសាររថយន្តហ៊ីយ៉ាន់ដាយធុនធំ កិនចំក្បាលបណ្តាលឲ្យធ្លាយខួរ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅតាមបណ្តោយផ្លូវ៥៩៨ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
ស្ត្រីរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណ និងទីលំនៅពិតប្រាកដនៅឡើយ ដោយគ្រាន់តែដឹងថា គាត់បានជិះម៉ូតូ១គ្រឿងម៉ាកហុងដា សេ ១១០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១BD -២៥៥៧ ។ រីឯរថយន្តបង្ក ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ត្រួយចេក ពាក់ស្លាកលេខភ្នំពេញ ៣C -២៥៣៧ អ្នកបើកបរបានគេចខ្លួនពីកន្លែងកើតហេតុ ។
តាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា ស្ត្រីរងគ្រោះបានជិះម៉ូតូម្នាក់ឯង ធ្វើដំណើរតាមបណ្តោយផ្លូវ៥៩៨ ក្នុងទិសដៅពីត្បូងទៅជើង (ចេញពីភ្នំពេញទៅព្រែកព្នៅ) ហើយរថយន្តបង្កក៏ធ្វើដំណើរស្របទិសគ្នាជាមួយជនរងគ្រោះ គាប់ជួនម៉ូតូស្ត្រីរងគ្រោះក៏បានដួល ហើយអ្នកបើករថយន្តបង្កជាន់ហ្វ្រាំងមិនទាន់ ក៏កិនបណ្តាលឲ្យធ្លាយខួរស្លាប់តែម្តង ៕
ដោយ៖ អារុណរះ