ខេត្តក្រចេះ៖ ករណីបាញ់រះ៧គ្រាប់នៅខេត្តក្រចេះ រហូតមកដល់ពេលនេះ សមត្ថកិច្ចទើបតែវែកមុខបានជនសង្ស័យ៣នាក់នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦ ។
អធិការរងទទួលការងាយុតិ្តធម៌ ស្រុកសំបូរ បានឲ្យប្រភពព័ត៌មានដឹងថា ជនសង្ស័យទាំងបីនាក់ បានបាញ់រះចំនួន៧គ្រាប់ទៅលើជនរងគ្រោះជាអ្នកនេសាទកាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦ នៅចំណុចអន្លង់ត្រឡោកកន្ទុយកោះតាចាន់ភូមិពន្ធជា ឃុំអូរគ្រៀងស្រុកសំបូរ ខេត្តក្រចេះ ។
ប្រភពបន្តថា ការបាញ់ប្រហារនោះបានបណ្តាលឲ្យជនរងគ្រោះ ត្រូវ១គ្រាប់ចំត្រគៀកពីម្ខាងធ្លាយទៅម្ខាង ។ ជនរងគ្រោះឈ្មោះ ឃឹម សុខន ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរជាអ្នកនេសាទ រស់នៅភូមិកំពង់រទះ ឃុំបឹងចារ ស្រុកសំបូរ ខេត្តក្រចេះ ។ ការបាញ់ប្រហារបានកើតឡើងនៅពេលដែលជនរងគ្រោះ កំពុងបើកទូកមកពីលើកលបកាលពីវេលាម៉ោង១១៖៣០នាទី ថ្ងៃទី២៦ ខែសីហា ។
ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានយកកាំភ្លើង អាការស្វាយត្រង់បាញ់រះទៅលើជនរងគ្រោះចំនួន៧គ្រាប់ បណ្ដាលឲ្យរងរបួសធ្ងន់មែន ព្រោះរងគ្រោះ ជាជនល្មើសឆកត្រី ហើយខ្លួនចុះបង្រ្គាបបទល្មើសនេសាទ រីឯឈ្មោះ ទីល ខាន ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិព្នងជាឪពុកជនដៃដល់ ពុំមានការពាក់ព័ន្ធក្នុងករណីបាញ់នេះឡើយ ៕
ដោយ៖ ថាច់ យ៉ាត