ភ្នំពេញ៖ នៅសល់តែ៤ឆ្នាំទៀតប៉ុណ្ណោះព្រឹត្តិការណ៍កីឡាអូឡាំពិក និងប៉ារ៉ាឡាំពិកនៅទីក្រុងតូត្យូប្រទេសជប៉ុននឹងចាប់ផ្តើម ដូច្នេះហើយថ្នាក់ដឹកនាំកីឡាប្រទេសនេះបានធ្វើយុទ្ធនាការផ្សព្វផ្សាយស្តីពីកីឡា អូឡាំពិកឆ្នាំ២០២០របស់ខ្លួនឲ្យប្រទេសនានាបានដឹងនិងបានត្រៀមខ្លួនទុកជាមុន ក្នុងនោះថ្នាក់ដឹកនាំគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកជប៉ុន តាមរយៈអង្គការបេះដួងមាសជប៉ុនប្រចាំនៅកម្ពុជាបានអញ្ជើញ កីឡាករកីឡាការិនីជនពិការរបស់កម្ពុជា២នាក់ទៅចូលរួមរត់ប្រណាំងដែលគេប្រសិទ្ធនាមថា “Sport for tomorrow” ដើម្បីឈានទៅចូលរួមការប្រកួតកីឡាជនពិការខ្នាត ពិភពលោកនៅឆ្នាំ២០២០ដែលប្រទេស ជប៉ុនធ្វើម្ចាស់ផ្ទះ ។
ទន្ទឹមនឹងការហ្វឹកហាត់ត្រៀមលក្ខណៈ របស់កីឡាករ បុង ហុង និងកីឡាការិនី ស្រ៊ុន ប៊ុនថង ក្នុងគោលបំណងចេញទៅប្រកួតនៅប្រទេសជប៉ុនតំណាងឲ្យប្រជា ពលរដ្ឋខ្មែរដូចជាតំណាងឲ្យជនពិការទូទាំងប្រទេសផងនោះ កីឡាករ បុង ហុងបាន ប្រាប់ឲ្យដឹងនាព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ ២០១៦ យ៉ាងដូច្នេះថា ការហ្វឹកហាត់របស់ខ្ញុំមានលក្ខណៈល្អប្រសើរច្រើន ប៉ុន្តែបើ និយាយពីការទៅចូលរួមប្រកួតក្នុងកម្មវិធី FUN RUN ចម្ងាយ៤២គីឡូម៉ែត្រនេះ ខ្ញុំ ដូចជាមិនមានការរំពឹងថា អាចដណ្តើមបានចំណាត់ថ្នាក់ឬក៏មេដាយអ្វីនោះទេ។ កីឡា ករអតីតម្ចាស់មេដាយមាសកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី៨នៅប្រទេសសិង្ហបុរីកាលពីឆ្នាំ២០១៥កន្លងទៅបានបញ្ជាក់ថា ដ្បិត វិញ្ញាសានេះខ្លួនខ្ញុំមិននឹកសង្ឃឹមថា ទទួល បានលទ្ធផលល្អក៏ពិតមែនតែយ៉ាងហោចណាស់ក៏ខ្ញុំអាចរត់មកដល់ទីព្រ័ត្រដូចគេ ឯងដែរ ពីព្រោះវិញ្ញាសានេះខ្ញុំធ្លាប់ចូលរួមម្តងនៅខេត្តបាត់ដំបងធ្វើបានក្នុងថិរវេលា៣ម៉ោង៣០នាទី។
បុង ហុង បានអះអាងកាលពីរត់អបអរសាទរថ្ងៃពិធីបុណ្យចម្រើនព្រះជន្មសម្តេចព្រះវររាជមាតាជាតិខ្មែរក្នុងសេរីភាពសេចក្តីថ្លៃថ្នូរក្នុងឆ្នាំ២០១៦កន្លងទៅថ្មីៗនេះថា ខ្ញុំបានចូលរួមរត់ប្រណាំង ចម្ងាយ២១គីឡូម៉ែត្រធ្វើបានសម្រេចក្នុង ថិរវេលា១ម៉ោង៣០នាទី ។ ចំណែកឯថិរ វេលាទទួលបានមេដាយមាសនៅប្រទេសសិង្ហបុរីរត់ល្បឿនចម្ងាយ៤០០ម៉ែត្រនោះ ធ្វើបានសម្រេចក្នុងថិរវេលា៥៣វិនាទី ។
ជាមួយនឹងការលើកឡើង របស់កីឡាករ បុង ហុង ខាងលើនេះដែរ លោក ផៃ សុខ គ្រូ បង្ហាត់កីឡាអត្តពលកម្មបានប្រាប់ឲ្យដឹងថា ការទៅចូលរួមរបស់កីឡាករ បុង ហុង និងកីឡាការិនី ស្រ៊ុន ប៊ុនថងនៅប្រទេស ជប៉ុននាខែវិច្ឆិកាខាងមុខនោះគឺដើម្បីចូល រួមអបអរសាទរកម្មវិធី FUN RUN ក្នុង ប្រទេសជប៉ុន ដែលមានឈ្មោះថា sport for tomorrow ជាការផ្សព្វផ្សាយព្រឹត្តិការណ៍ អូឡាំពិកនិងប៉ារ៉ាឡាំពិកខ្នាតពិភពលោកនៅឆ្នាំ២០២០៕
ដោយ៖ សារីម