អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ) បានរៀបចំ វគ្គបណ្តុះបណ្តាលស្ដីពីការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយអាវុធមហាប្រល័យ

ចែករំលែក៖

ភ្នំពេញ ៖ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ) បានរៀបចំ វគ្គបណ្តុះបណ្តាលស្ដីពីការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយអាវុធមហាប្រល័យ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ នៅសាលាជាតិគយ ជូនដល់មន្ត្រីគយនិងរដ្ឋាករជួរមុខចំនួន ៦០រូប ដែលជាសមាជិកក្រុមការងារប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម នៅតាមនាយកដ្ឋាន សាខា និងការិយាល័យគយនិងរដ្ឋាករមួយចំនួន។

វគ្គបណ្តុះបណ្តាលនេះជាកម្មវិធីវគ្គទី១ ប្រចាំឆ្នាំ២០២៥ ដែលប្រព្រឹត្តទៅក្នុងគោលបំណងធ្វើការរំឭក និងលើកកម្ពស់បន្ថែមនូវចំណេះដឹងរបស់មន្ត្រីគយនិងរដ្ឋាករអំពីច្បាប់ គោលការណ៍ យន្តការ និងវិធីសាស្រ្តស៊ើបអង្កេតបទល្មើសសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយអាវុធមហាប្រល័យ ដើម្បី មានសមត្ថភាពកាន់តែល្អប្រសើរក្នុងការចូលរួមការពារប្រព័ន្ធហិរញ្ញវត្ថុរបស់ព្រះរាជាណាចក្រកម្ពុជា។
ក្នុងនាម លោកបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយដ្ឋានគយនិងរដ្ឋាករកម្ពុជា លោកអគ្គនាយករង សែ សុឃន និងជាប្រធានក្រុមការងារប្រឆាំងការសម្អាតប្រាក់និងហិរញ្ញ-ប្បទានភេរវកម្មប្រចាំ អគរ បានបញ្ជាក់ថា ទោះបីព្រះរាជាណាចក្រកម្ពុជា បានចេញពីបញ្ជីប្រផេះពិតមែន ក៏គ្រប់ក្រសួង-ស្ថាប័នជាតិពាក់ព័ន្ធ រួមទាំង អគរ នៅតែបន្តផ្តល់ការងារអាទិភាព និងប្រកាន់ខ្ជាប់ឆន្ទៈខ្ពស់ អនុវត្តការងារប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្មនិងហិរញ្ញប្បទានដល់ការរីកសាយអាវុធមហាប្រល័យ ប្រកបដោយ និរន្តរភាព។ ជាក់ស្តែង អគរ បានដាក់បញ្ចូលសកម្មភាពការងារនេះក្នុងឯកសារយុទ្ធសាស្ត្រកែទម្រង់និងទំនើបកម្មគយ ២០២៤-២០២៨ និងផែនការសកម្មភាពប្រតិបត្តិប្រចាំឆ្នាំ។ ការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម ក្លាយជាបញ្ហាមួយក្នុងចំណោមបញ្ហាសំខាន់ៗសម្រាប់ប្រទេសនានានៅទូទាំងពិភពលោក ដោយសារផលវិបាកនៃឧក្រិដ្ឋកម្មនេះ មិនត្រឹមតែបង្កហានិភ័យលើប្រព័ន្ធហិរញ្ញវត្ថុនិងសេដ្ឋកិច្ចរបស់ប្រទេសមួយទេ ប៉ុន្តែថែមទាំងអាចបង្កហានិភ័យលើសន្តិសុខជាតិ និងសណ្តាប់ធ្នាប់សាធារណៈ ប្រសិនបើគោលដៅនៃការសម្អាតប្រាក់ជាការគាំទ្រដល់សកម្មភាពរបស់ក្រុមភេរវករ។ ម្យ៉ាងទៀត ក្នុងសម័យសាកលភាវូបនីយកម្ម និងបច្ចេកវិទ្យាជឿនលឿននេះ ក្រុមឧក្រិដ្ឋជនក៏បានប្រើវិធីសាស្ត្រថ្មីៗ និងមានឱកាសច្រើនក្នុងការសម្អាតប្រាក់ និងធ្វើប្រតិបត្តិការខុសច្បាប់កាន់តែស្មុគ្រស្មាញ។ ហេតុដូចនេះ ការបន្តកិច្ចខិតខំលើកកម្ពស់សមត្ថភាពនិងជំនាញដល់មន្ត្រីគយនិងរដ្ឋាករដែលបម្រើការងារនៅជួរមុខតាមមាត់ច្រកព្រំដែន គឺជាកត្តាចាំបាច់បំផុតសម្រាប់រដ្ឋបាលគយ ដើម្បីអាចចូលរួមទប់ស្កាត់ និងប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មនេះ។
វគ្គបណ្តុះបណ្តាលបានដំណើរការទៅតាមកម្មវិធី ប្រកបដោយភាពជោគជ័យ និងការយកចិត្តទុកដាក់ខ្ពស់ តាមរយៈការចូលរួមកិច្ចពិភាក្សា និងផ្លាស់ប្តូរយោបល់ក្នុងក្រុម និងជាមួយគ្រូឧទ្ទេសនាម នៅតាមប្រធានបទនីមួយៗ យ៉ាងផុសផុល៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print