ខេត្តពោធិ៍សាត់ ៖ មន្ត្រីជំនាញរដ្ឋបាលជលផលបាន នាល្ងាចថ្ងៃពុធទី១៦ ខែកក្កដា ឆ្នាំ២០២៥ នេះថា កម្លាំងសហការរួមមាន មន្ត្រីរដ្ឋបាលជលផល យោធាជើងគោក សឹករងខេត្ត អាវុធហត្ថស្រុកក្រគរ ចេញល្បាតត្រួតពិនិត្យ ទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ(ជលផល)នារដូវបិទនេសាទ លទ្ធផលបង្ក្រាបរថយន្ត១គ្រឿង មានផ្ទុកផលនេសាទ(ខ្ចៅ)ចំនួន១៥០ការ៉ុង ដោយគ្មានលិខិតអនុញ្ញាត ដើម្បីយកទៅអនុវត្តច្បាប់។
មន្ត្រីរដ្ឋបាលជលផលដដែលឲ្យដឹងទៀតថា ករណីសមត្ថកិច្ចសហការបង្រ្កាបរថយន្តដឹកធន់ធានជលផលខាងលើ ធ្វើឡើងស្ថិតនៅភូមិកំពង់លើ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
មន្ត្រីរដ្ឋបាលជលផលឲ្យដឹងទៀតថា ខ្ចៅចំនួន១៥០ការ៉ុង សមត្ថកិច្ចយើងបានមូលមតិគ្នា សម្រេចដឹកយកទៅចាក់ចូលទឹកបឹងទន្លេសាបវិញ ចំណែកវត្ថុតាង រថយន្ត១គ្រឿងម៉ាក នីសាន់ ចង្កូតស្ដាំ ពាក់ស្លាកលេខ កំពង់ឆ្នាំង KCHH-0153 ពណ៌ខៀវ បច្ចុប្បន្ន រក្សាទុកជាបណ្ដោះអាសន្ន នៅផ្នែករដ្ឋបាលជលផលក្រគរ ដើម្បីរងចាំបន្តនីតិវិធី ចំពោះជនប្រព្រឹត្ត ពាក់ព័ន្ធ សមត្ថកិច្ចពុំបានបញ្ជាក់ចាប់បានរឺមិនបាននោះទេ ៕ ដោយៈ ប៉ឹម ពិន