ខេត្តបន្ទាយមានជ័យៈ អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង១៥:៣០នាទីរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ កម្លាំងផែនជំនាញ កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានសហការជាមួយរដ្ឋបាលក្រុងប៉ោយប៉ែត ដឹកនាំសម្របសម្រួលពីលោកសំរិទ្ធ សុខុន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត បានចុះបង្ក្រាបទីតាំងអគារអនឡាញខុសច្បាប់០១កន្លែងនៅចំណុចផ្លូវស្តង់តាងួន ទល់មុខផ្លូវខាងលិចបុរីដឹផាកស៊ីធី ស្ថិតក្នុងភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។
ប្រតិបត្តិការនេះកម្លាំងនគរបាលបានធ្វើការឆែកឆេរអគារមានកម្ពស់០៣ជាន់ បន្ទប់៧០បន្ទប់ ជាន់ទី១,ទី២ជាបន្ទប់ស្នាក់នៅ និងជាន់ទី០៣ជាបន្ទប់លួចលាក់សម្រាប់បើកអនឡាញ រកឃើញជនជាតិឥណ្ឌូនេស៊ីចំនួន២៧១នាក់ ស្រី៤៥នាក់។ ដកហូតកុំព្យូទ័រ៣៤១គ្រឿង និងទូរស័ព្ទ៣៥២គ្រឿង។
បច្ចុប្បន្នជនបរទេសទាំងនោះ កម្លាំងជំនាញកំពុងសួរនាំ និងចាត់ការតាមនីតិវិធី៕
ដោយ៖ វណ្ណា