ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តមួយគ្រឿងក្នុងល្បឿនលឿនមិនប្រយ័ត្នដល់ចំណុចផ្លូវកោងបួងចង្កូតមិនទាន់បណ្តាលអោយបុករះបង្គោលផ្ទាំងប៉ាណូ និងសម្បត្តិរដ្ឋមួយចំនួនតាមដងផ្លូវជាតិ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៤និង៥០នាទីព្រឹក ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់បើកបររថយន្តម៉ាក Chevrolet Colorado ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BJ-8929 ដោយបើកបរតាមបណ្តោយផ្លូវជាតិលេខ៥ក្នុង ទិសដៅពីត្បូងទៅជើង។ លុះបើកមកដល់ចំណុចកើតហេតុ ត្រង់ផ្លូវកោងបួងចង្កូតមិនផុតបណ្តាលឲ្យរថយន្តជ្រុលចង្កូត ហួសទៅបុកខឿនសួនច្បារពុះចែកទ្រូងផ្លូវ និងបន្តទៅបុករះបង្គោលស្លាកសញ្ញាប្រាប់ទិសដៅចរាចរណ៍ និងបុកបង្គោលស្លាកប៉ាណូផ្សព្វផ្សាយពាណិជ្ជកម្មបាក់អស់១ដើមទៀតទើបរថយន្តមិនអាចបន្តដំណើរទៅមុខបានទៀតនិងខូចខាតមួយកំណាត់មុខ ។ តែសំណាងល្អក្នុងហេតុការខាងលើនេះមិនបង្កគ្រោះថ្នាក់ដល់អ្នកណាម្នាក់ទេ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅកាន់សមត្ថកិច្ចជំនាញចរាចរណ៍ដើម្បីចុះមកធ្វើការវាស់វែង និងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំម្ចាស់រថយន្តចូលខ្លួនទៅដោះស្រាយតាមនីតិវិធីច្បាប់នៅពេលក្រោយ៕ដោយ ៖ ភារ៉ា ដង្កោ