លោក នុត សោភ័ណ្ឌ អភិបាលស្រុកត្បែងមានជ័យ ប៉ុនប៉ងចាប់រំលោភសេពសន្ថវៈ កូនចៅខ្លួនឯង ត្រូវ ស្ត្រីរងគ្រោះប្ដឹងទៅតុលាការពាក់ព័ន្ធករណី ប្រទូស្តកេរ្តិ៍ខ្មាស់មានស្ថានទម្ងន់ទោស

ចែករំលែក៖

ខេត្តព្រះវិហារ ៖ មានរឿងរ៉ាវ ស្ត្រីជាមន្ត្រីរាជការ បច្ចុប្បន្នបម្រើការងារនៅរដ្ឋបាលស្រុកត្បែងមានជ័យខេត្តព្រះវិហារ មានប្ដីជាមន្ត្រីយោធាកំពុងឈរជើងនៅសមរភូមិមុខទិសភ្នំខ្មោច ត្រូវបានលោកអភិបាលស្រុកគំរាមដេញចេញពីក្របខ័ណ្ឌមន្ត្រីរាជការ។ បន្ទាប់ពីរូបគាត់ស្ត្រីរងគ្រោះបានទម្លាយរឿងរ៉ាវនៃការលេបខាយពាក្យសំដី និងបៀតបៀនកេរ្តិ៍ខ្មាស់ ជាច្រើនលើកច្រើនសារ និងចុងក្រោយប៉ុនប៉ងចាប់រំលោភសេពសន្ថវៈ តែមិនបានសម្រេច នៅកន្លែងធ្វើការ(បរិវេណសាលាស្រុកស្បែកមានជ័យ)។

ជាមួយនិងសារសម្លេងរៀបរាប់ ពីសកម្មភាព (លោកអភិបាលស្រុក)បានប្រព្រឹត្តមកលើខ្លួន ស្ត្រីរងគ្រោះនិងស្វាមី បានស្នើសុំ ឱ្យលោកអភិបាលខេត្តព្រះវិហារ និងលោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ពិសេសសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្តល់ភាពយុត្តិធម៌និងភាពស្អាតស្អំ ដល់ក្រុមគ្រួសារពួកគាត់ផង ព្រោះពួកគាត់បានដាក់ពាក្យបណ្ដឹង ករណីនៃអង្គហេតុ ដែលបានកើតឡើងទៅកាន់ស្ថាប័នពាក់ព័ន្ធរួចអស់ហើយ រួមទាំងប្តឹងទៅតំណាងអយ្យការ តែហាក់ស្ងាត់ឈឹង និងមិនទាន់មានដំណោះស្រាយ សម្រាប់ពួកគាត់នៅឡើយនោះទេ ស្របពេលជនបង្ក(អភិបាលស្រុក) កំពុងធ្វើទុក្ខបុកម្នេញ និងគំរាមកំហែងបណ្ដេញជនរងគ្រោះ ចេញពីក្របខណ្ឌមន្ត្រីរាជការថែមទៀតផង។

ជាក់ស្ដែង យោងតាម ពាក្យបណ្ដឹង របស់ ស្រ្តី រងគ្រោះ ឈ្មោះ សួរ ចាន់ពិសី ភេទស្រី អាយុ ៣៦ឆ្នាំ មុខរបរ មន្ត្រីរាជការ មានទីលំនៅបច្ចុប្បន្ននៅភូមិស្ថាពរ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ បានសុំប្តឹងឈ្មោះ នុត សោភ័ណ្ឌ ភេទប្រុស អាយុ៥៨ឆ្នាំ មុខរបរមន្ត្រីរាជការ ឋានៈ អភិបាល ស្រុកត្បែងមានជ័យ មានទីលំនៅបច្ចុប្បន្ននៅភូមិដំណាក់ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ សុំប្តឹងពាក់ព័ន្ធករណី ប្រទូស្តកេរ្តិ៍ខ្មាស់មានស្ថានទម្ងន់ទោស ។

នៅក្នុង ពាក្យ បណ្ដឹង ស្រ្តី រងគ្រោះ បានរៀបរាប់ ថា៖ កាលពីអំឡុងឆ្នាំ២០២២ និងឆ្នាំ២០២៣ ឈ្មោះ នុត សោភ័ណ្ឌ ជាអភិបាលស្រុក ត្បែងមានជ័យ តែងតែឡែបខាយពាក្យសម្តីលួងលោមសុំនាងធ្វើជាសង្សារជាញឹកញ៉ាប់ និងបានលូកលាន់ប៉ះរាងកាយនាង ដោយចាប់ចង្កេះ ចាប់ស្មាជាដើម តែនាងមិនព្រមនោះទេ ព្រោះមានគ្រួសាររៀងខ្លួន ។ ប៉ុន្តែលុះមកដល់ឆ្នាំ២០២៤ លោកអភិបាលស្រុករូបនេះ កាន់តែហ៊ានបំពានរូបនាងលើសដើម ដោយតែងតែឆ្លៀតឱកាសពេលគាត់ហៅជួបពិភាក្សាការងារក្នុងបន្ទប់គាត់ និង នៅបន្ទប់ធ្វើការរបស់នាង ខណៈដែលមិនមានមនុស្សនៅគាត់តែងតែស្ទុះចូល មកអោបថើបរូបនាងពីក្រោយ ហើយបំពានលើរូបរាងកាយនាងថែមទៀត ដោយអត់ទ្រាំនឹងទង្វើដ៏ថោកទាបបែបនេះមិន ទើបរូបនាងបានពិភាក្សាជាមួយមិត្តរួមការងារ(អ្នករងគ្រោះដូចគ្នា និងសាក្សី)ដើម្បីធ្វើការដាក់ពាក្យបណ្ដឹងតែដោយ អ្នកខ្លះនិយាយថាអត់មានភស្តុតាង ខ្លាចប៉ះពាល់កិត្តិយស,ខ្សែខ្នងគេធំណាស់,គេអ្នកមាន,គាត់ជិតដល់អាណត្តិចេញទៅកន្លែងផ្សេងហើយអត់ធ្មត់តិចទៅ,យើងតូចតាចធ្វើអីមិនឈ្នះគេ……….។ល។

ស្រ្តី រងគ្រោះ បានបន្តថា រូបនាងពិតជាមានការភ័យខ្លាចខ្លាំងណាស់ ខ្លាចអំណាចគេ ខ្លាចខូចកិត្តិយស ខ្លាចគេធ្វើបាប ណាមួយខ្លាចគេបំពាន ទើបខ្លួនត្រូវបង្ខំចិត្តខាំមាត់ សង្កត់ចិត្តទាំងឈឺចាប់ ពិបាកចិត្តស្ត្រេសចង់សតិអារម្មណ៍ ហើយខ្លួនតែងតែព្យាយាមគេចចេញឱ្យឆ្ងាយពីគាត់(លោកអភិបាលស្រុក ) តែគាត់រិតតែតាមបៀតបៀននាងកាន់តែខ្លាំងឡើងដោយបានធ្វើសកម្មភាពលូកលាន់រាងកាយខ្លួន ដោយហ៊ាន ចាប់ចង្កេះ ចាប់ស្មា…នៅមុខមិត្តរួមការងារជាច្រើនក្នុងបន្ទប់ធ្វើការរបស់នាងលែងមានការខ្មាស់អៀន គ្មានសីលធម៌ក្នុងខ្លួនទាល់តែសោះ(មានសាក្សីឃើញផ្ទាល់ភ្នែក)។ គាត់មិនបានឈប់ត្រឹមនឹងទេ ដោយកាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង១២ និង២២នាទីថ្ងៃត្រង់ ឈ្មោះ នុត សោភ័ណ្ឌ បានតេទូរស័ព្ទផ្ទាល់ខ្លួនមកនាងទៀត បាននិយាយពាក្យអសុរោះអសីលធម៌ជាច្រើនពាក់ព័ន្ធផ្លូវភេទ ពេលនោះនាងក៏បានចុចថតសម្លេង តែគាត់ដឹងខ្លួនទាន់ក៏ចុច បិទទូរស័ព្ទភ្លាមៗ ។

បន្ទាប់ពីនោះមកនៅវេលាម៉ោងប្រហែលជាង១០ព្រឹក ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ឈ្មោះ នុត សោភ័ណ្ឌ បានហៅនាង(ស្រ្តី រងគ្រោះ ) ទៅយកឯកសារនៅបន្ទប់ធ្វើការរបស់គាត់ ខណៈពេលដែលនាងដើរចេញមកវិញឈ្មោះ នុត សោភ័ណ្ឌ បានស្ទុះមកអោបនាងពីក្រោយទាំងមិនដឹងខ្លួន ដោយថើបញីក់ញី ភ្លាមនោះ ស្រ្តី រងគ្រោះ បានស្រែកថាមេកុំធ្វើចឹង រួចនាងខំរើបំរ៉ាស់ ខ្លួនរត់ចេញមកក្រៅយ៉ាងលឿន។ ចុងក្រោយនៅល្ងាចថ្ងៃទី២ ខែមេសាឆ្នាំ២០២៥ ការិយាល័យអប់រំស្រុកបានរៀប ចំពិធីជប់លៀងជួបជុំមន្ត្រីរាជការ និងគ្រូបង្រៀន ឈ្មោះ នុត សោភ័ណ្ឌ ក៏បានចូលរួមដែរ និងដេីរមកស្រ្តីរងគ្រោះព្យាយាម បំពាន រាងកាយនាងទៀត ឃើញមិនស្រួលនាងក៏ងើបដើរចេញ។ ដោយព្រួយបារម្ភណ៍ពីសុវត្ថិភាពផ្ទាល់ខ្លួនខ្លាចថ្ងៃណាមួយបុគ្គលនេះអាចឈានដល់ ចាប់នាងរំលោភសេពសន្ថវៈ និងអស់ការអត់ធ្មត់នឹងទង្វើថោកទាប និងអសីលធម៌ របស់បុគ្គលនេះតទៅទៀត ក៏មិនអាចអោយខ្លួនឯងរងនូវការឈឺចាប់ផ្លូវចិត្តទៀតដែរ និងដើម្បីកុំអោយស្ត្រីជាច្រើនទៀតរងគ្រោះ ដោយសារអំពើអសីលធម៌បែបនេះទៀត ទើបស្រ្តីរងគ្រោះសម្រេចចិត្តប្តឹងបុគ្គលនេះទៅតាមផ្លូវច្បាប់ ដោយស្រ្តីរងគ្រោះសង្ឃឹម យ៉ាងមុតមាំថាផ្លូវច្បាប់នឹងផ្តល់យុត្តិធម៌ដល់រូបនាង។

ជុំវិញករណីខាងលេីនេះ អង្គភាព កាសែតនគរវត្ត និងនគរដ្រេហ្គន បានទំនាក់ទំនងតាមទូរស័ព្ទ ទៅលោក នុត សោភ័ណ្ឌ អភិបាលស្រុកត្បែងមានជ័យ នៅរសៀល ថ្ងៃ ទី ១៦ ខែកក្កដា ឆ្នាំ ២០២៥នេះ មិនអាចទាក់ទងសុំការបំភ្លឺបាន ដោយទូរសព្ទចូល ប៉ុន្តែ គ្មានអ្នកលើក។

ជាមួយគ្នានេះ ស្រ្តី រងគ្រោះ ឈ្មោះ សួរ ចាន់ពិសី ក៏បានបញ្ជាក់ប្រាប់ អង្គភាព កាសែតនគរវត្ត និងនគរដ្រេហ្គន តាមប្រព័ន្ធ ទូរស័ព្ទ នៅថ្ងៃនេះដែរថា៖ ក្រោយពីបានដាក់ពាក្យបណ្ដឹងទៅតំណាង អយ្យការ សាលាដំបូង ខេត្ត ព្រះវិហារ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ ២០២៥ កន្លងទៅ ហើយខាង តំណាង អយ្យការ បានកោះហៅគាត់ឱ្យចូលមកឆ្លើយបំភ្លឺ ជុំវិញករណីខាងលេីនេះ ម្ដងដែរ ប៉ុន្តែ មិនចាំថ្ងៃ ក្នុងខែ ឧសភា ឆ្នាំ ២០២៥ ។ ស្រ្តី រងគ្រោះ បន្ថែម ថា ប៉ុន្តែ រហូត មក ទល់ ពេល នេះ ខាងតំណាង អយ្យការ មិនទាន់មាន ដំណោះស្រាយ ។
បន្ទាប់ពីស្ត្រីរងគ្រោះថាបានប្តឹងទៅស្ថាប័នពាក់ព័ន្ធដែរ ! ដោយឡែក លោក បណ្ឌិត ទូច សុខៈ អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ បានប្រាប់អង្គភាព យើង តាមប្រព័ន្ធ តេឡេ ក្រាម ថា៖ ករណីនេះលោកមិនទាន់បានឃើញពាក្យបណ្ដឹងនៅឡើយទេ ម្យ៉ាងទៀតមានបណ្ដឹងច្រើន ប៉ុន្តែបើមានករណីនេះក៏ត្រូវធ្វើការស៊ើបអង្កេតស្រាវជ្រាវសិនដែរ អំពីដំណើរដើមទងនៃអង្គហេតុ ។ លោកបានលើកឡើងថា ម្យ៉ាងទៀតរឿងនេះជារឿងបុគ្គលរបស់គាត់ ឬមួយក៏ទាក់ទងជាមួយនឹងអង្គភាព ចង់សំដៅថារឿងនេះកើតឡើង នៅក្នុងកន្លែងធ្វើការឬមួយយ៉ាងណា ! បើករណីនេះជនរងគ្រោះបានប្ដឹងទៅតុលាការហើយ ទុកឱ្យតុលាការជាអ្នកធ្វើការវិនិច្ឆ័យ រកឱ្យឃើញ ខុសនឹងត្រូវ សិនទៅ ប៉ុន្តែបើសម័យខ្លួនសុំឱ្យក្រសួងជួយ គឺយើងត្រូវសហការ ក្នុងរឿងនេះ ។
ដោយឡែកសាក្សី បាននិយាយថា , ពួកគាត់ពិតជាបានចូលទៅបំភ្លឺនៅតំណាងអយ្យការពិតមែន។ ដោយគាត់បញ្ជាក់ថា ជនរងគ្រោះបានដាក់ពាក្យបណ្ដឹងទៅតំណាងអយ្យការកាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ ចំពោះតំណាងអយ្យការកោះហៅជនរងគ្រោះសាកសួរនៅថ្ងៃណានោះគាត់មិនចាំទេ។ គ្រាន់តែសម្រាប់រូបគាត់ជាសាក្សី ត្រូវបានតំណាងអយ្យការកោះហៅទៅសាកសួរនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ ។ សាក្សីបន្តថា គាត់ត្រូវចូលខ្លួនបំភ្លឺនៅអយ្យការនាម៉ោង២កន្លះរសៀល  ប៉ុន្តែលោកអភិបាលស្រុក បានព្យាយាមមកជួបគាត់ នៅម៉ោង 9:30 ព្រឹកមុនតំណាងអយ្យការហៅសួរ ដោយប្រាប់គាត់ថា សូមជួយគាត់ផង គឺនិយាយប្រាប់តុលាការថាអ្នកឯងមិនដឹងរឿងអីទាំងអស់ទៅ !  ប៉ុន្តែធាតុពិត ! សាក្សីបានអះអាងថា ខ្លួនពិតជាបានឃើញអំពើដែលប្រព្រឹត្តដោយអភិបាលស្រុកត្បែងមានជ័យនោះពិតប្រាកដមែន មកលើជនរងគ្រោះ។  គាត់បញ្ជាក់ថា ថ្ងៃមួយខ្ញុំមិនចាំថ្ងៃខែឆ្នាំទេ តែដឹងថា ចប់ម៉ោងធ្វើការពេលថ្ងៃ លោកអភិបាលស្រុកតែងតែនៅកន្លែង ហើយមានអង្រឹងមួយសម្រាប់គេង គាត់ក៏បានឃើញលោកអភិបាលស្រុកចាប់ស្ត្រីគោររងគ្រោះឱបថើប ដល់ជនរងគ្រោះស្រែក គាត់ក៏នៅជិតទីនោះប្រមាណមួយម៉ែត្រ ដែលអភិបាលស្រុកប្រហែលជាមិនដឹងថាគាត់នៅទីនោះទេ។ សាក្សីបានបញ្ជាក់ទៀតថា ការប្រព្រឹត្តរបស់លោកអភិបាលស្រុកមកលើជនរងគ្រោះ ជាច្រើនលើកផងដែរ។ ក្នុងនោះសូម្បីតែរូបគាត់ក៏ជាជនរងគ្រោះ ធ្លាប់លោកអភិបាលស្រុកធ្វើអំពើផ្ដេសផ្ដាសគ្មានសីលធម៌ សូម្បីតែករណីដែលគាត់មានជម្លោះជាមួយនឹងប្ដីបន្តិចបន្តួច លោកអភិបាលស្រុក ថែមទាំងប្រើភាសាលេបខាយ ដោយអះអាងថា បើប្ដីលេង ឬមិនត្រូវជាមួយប្ដី មិនអីទេគាត់ជាអ្នកចិញ្ចឹម នឹងប្រើពាក្យថា គាត់ស្រឡាញ់ដើមទ្រូងរបស់ខ្ញុំ។ ប៉ុន្តែខ្ញុំជាកូនចៅ មិនហ៊ាននិយាយអ្វីធ្ងន់ធ្ងរប៉ះពាល់ដល់គាត់ទេព្រោះជាមេ ។

ចំពោះករណីសំណុំរឿងនេះ ! ជនរងគ្រោះបានបញ្ជាក់ថា តំណាងអយ្យការមិនទាន់ដំណើរការនីតិវិធីនៅឡើយទេ សំដៅថាគាត់អត់ទាន់បានទទួលភាពយុត្តិធម៌ ។ ករណីនេះអង្គភាពមជ្ឈមណ្ឌលព័ត៌មាន នគរវត្ត នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ បានធ្វើការទំនាក់ទំនងទៅកាន់លោក ស្រេង វុទ្ធា ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យ អយ្យការអមសាលាដំបូងខេត្តព្រះវិហារតាមរយៈលេខទូរសព្ទលេខ​ ០១២​ ៦៧៩០២៦ ប៉ុន្តែគាត់បានបញ្ជាក់ថា គាត់មិនមែនជាតំណាងអយ្យការ ឬឈ្មោះហ្នឹងទេ ។ ទោះបីជាយ៉ាងណាក៏ដោយ សំណុំរឿងនេះត្រូវបានគេដង្ហើបថា គឺស្ថិតនៅដៃប្រធានព្រះរាជអាជ្ញាជាអ្នកចាត់ការ ។
មន្ត្រីក្រសួងយុត្តិធម៌បាន លើកឡើងផងដែរថា ប្រសិនបើជនរងគ្រោះយល់ឃើញថា តំណាងអយ្យការ ឬក៏សាលាដំបូងខេត្តព្រះវិហារដំណើរការនីតិវិធីយឺតយ៉ាវ មិនធ្វើឬមួយយ៉ាងណានោះ សម័យខ្លួនអាចដាក់ពាក្យបណ្ដឹងសុំអន្តរាគមន៍មកក្រសួងយុត្តិធម៌។ ខាងក្រសួងយុត្តិធម៌មានក្រុមការងារដើម្បីជួយជំរុញការងារនេះតាមនីតិវិធី៕

...

ដោយ ៖ ស តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print