ភ្នំពេញ ៖ ពេញមួយខែមិថុនា ឆ្នាំ២០២៥នេះ សាលាជាតិរដ្ឋបាលមូលដ្ឋាន នៃក្រសួងមហាផ្ទៃ បានបន្តរៀបចំបើកវគ្គបណ្តុះបណ្តាលមន្ត្រីចំនួន៧វគ្គ ដោយមានសិក្ខាកាមចូលរួមសិក្សាសរុបចំនួន៤៤៦រូប ក្នុងនោះមានសិក្ខាកាមជាស្ត្រីចំនួន១៨៣រូប។
លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងថា ក្នុងចំណោមមន្ត្រីទទួលការបណ្ដុះបណ្ដាលក្នុងខែមិថុនានោះ ភាគច្រើនគឺជាមន្ត្រីនៅតាមមូលដ្ឋាន ចាប់ពីថ្នាក់ក្រុមប្រឹក្សាឃុំ សង្កាត់ រហូតដល់រាជធានី ខេត្ត រួមទាំងមន្ត្រីជាប់ឆ្នោតក្រុមប្រឹក្សា។
បើតាមអ្នកនាំពាក្យក្រសួង នៅខែមុននេះដែរ សាលាជាតិរដ្ឋបាលមូលដ្ឋានក៏បាននិងកំពុងដាក់ឱ្យអនុវត្តសាកល្បងនូវការរៀនសូត្រតាមប្រព័ន្ធអនឡាញ(E-Learning) សម្រាប់ក្រុមគោលដៅជាក្រុមប្រឹក្សាក្រុង ស្រុក និងរៀបចំប្រព័ន្ធព័ត៌មានវិទ្យាសម្រាប់ប្រតិបត្តិការការងារ(NASLA-MIS)។
ការរៀបចំកម្មវិធីសិក្សាកម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ កម្មវិធីសិក្សារយៈពេលខ្លីសម្រាប់សាធារណជន និងកម្មវិធីសិក្សារយៈពេលវែង ក៏មានវឌ្ឍនភាពដែរ ដោយគិតមកដល់ខែមិថុនសម្រេចបានពី៧០%ទៅ៨០% ខណៈកម្មវិធីសិក្សាពិសេសសមមូលទៅនឹងមធ្យមសិក្សាទុតិយភូមិសម្រាប់ក្រុមប្រឹក្សាឃុំ សង្កាត់សម្រេចបាន១៥%។
សាលាជាតិរដ្ឋបាលមូលដ្ឋាន មានតួនាទីអភិវឌ្ឍសមត្ថភាពមន្រ្តីរាជការ ក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិ សិស្ស និស្សិត និងអ្នកពាក់ព័ន្ធដទៃទៀត សិក្សាស្រាវជ្រាវអំពីអភិបាលកិច្ច ការអភិវឌ្ឍមូលដ្ឋាន ការលើកកម្ពស់ស័្វយភាពមូលដ្ឋាន និងការគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ។
រចនាសម្ព័ន្ធរបស់សាលាជាតិរដ្ឋបាលមូលដ្ឋានមានចំនួន៤ រួមមាន១.នាយកដ្ឋានកិច្ចការទូទៅ ២.នាយកដ្ឋានបណ្ដុះបណ្ដាល ៣.នាយកដ្ឋានផែនការ និងកិច្ចសហប្រតិបត្តិការ ៤.នាយកដ្ឋានស្រាវជ្រាវ និងផ្សព្វផ្សាយ។នេះបើតាម អនុក្រឹត្យស្ដីពីការបង្កើតសាលាជាតិរដ្ឋបាលមូលដ្ឋាន៕
ដោយ ៖ កញ្ញា សេង សុខហ៊ុន មន្ត្រីអ្នកនាំពាក្យក្រសួងមហាផ្ទៃ