អគ្គីភ័យបានឆាបឆេះផ្សារទំនើបមួយក្នុងទីក្រុង al-Kut ភាគខាងកើតប្រទេសអ៊ីរ៉ាក់ ដោយបានសម្លាប់មនុស្សយ៉ាងតិច ៦០ នាក់ និងបាត់ខ្លួន ១១ នាក់ ។
អគ្គីភ័យបានឆាបឆេះកាលពីយប់ថ្ងៃទី ១៦ ខែកក្កដា នៅផ្សារទំនើប និងភោជនីយដ្ឋានមួយកន្លែងក្នុងទីក្រុង al-Kut រដ្ឋធានីនៃខេត្ត Wasit ភាគខាងកើតប្រទេសអ៊ីរ៉ាក់ ខណៈដែលក្រុមគ្រួសារកំពុងទទួលទានអាហារ និងទិញទំនិញ។ វីដេអូនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបានបង្ហាញពីផ្សែងហុយចេញពីអគារកម្ពស់ប្រាំជាន់ ខណៈដែលក្រុមពន្លត់អគ្គីភ័យកំពុងប្រយុទ្ធដើម្បីទប់ស្កាត់ការឆាបឆេះនេះ។
មន្ត្រីអ៊ីរ៉ាក់បាននិយាយថា ពួកគេបានបញ្ជាក់ពីអត្តសញ្ញាណមនុស្សចំនួន 59 នាក់ដែលបានស្លាប់ ខណៈដែលសាកសពមួយត្រូវបានដុតបំផ្លាញយ៉ាងខ្លាំង ដែលមិនអាចកំណត់អត្តសញ្ញាណបាន។
ក្រុមអ្នកពន្លត់អគ្គីភ័យបានជួយសង្គ្រោះមនុស្សមួយចំនួន ខណៈដែលមនុស្ស ១១ នាក់ផ្សេងទៀតកំពុងបាត់ខ្លួននៅឡើយ។ លោក Ali al-Mayahi មន្ត្រីទីក្រុងបាននិយាយថា៖ «នៅមានសាកសពជាច្រើនទៀតដែលមិនត្រូវបានរកឃើញនៅក្រោមគំនរបាក់បែក។
លោក Nasir al-Quaraishi វេជ្ជបណ្ឌិតដែលបានបាត់បង់សាច់ញាតិប្រាំនាក់នៅក្នុងអគ្គីភ័យបាននិយាយថា “យើងខ្លាចម្ហូបអាហារពលនៅផ្ទះ ដូច្នេះយើងមកទីនេះដើម្បីទទួលទានអាហារពេលល្ងាច។ ប៉ុន្តែសោកនាដកម្មនេះបានវាយប្រហារយើង” ។
មូលហេតុនៃការឆេះនេះនៅមិនទាន់ដឹងច្បាស់នៅឡើយទេ ។ AFP បានរាយការណ៍ថា ផ្សារទំនើបបានបើកដំណើរការតែប្រាំថ្ងៃមុននេះ។ សាក្សីម្នាក់បាននិយាយថាម៉ាស៊ីនត្រជាក់នៅជាន់ទីពីរបានផ្ទុះ។
ប្រទេសអ៊ីរ៉ាក់បានប្រកាសកាន់ទុក្ខជាតិរយៈពេលបីថ្ងៃដើម្បីគោរពដល់ជនរងគ្រោះ។ លោក al-Mayahi បាននិយាយថា លទ្ធផលនៃការស៊ើបអង្កេតបឋមនឹងត្រូវបានប្រកាសក្នុងរយៈពេល 48 ម៉ោង។ អាជ្ញាធរខេត្តបានដាក់ពាក្យបណ្តឹងប្រឆាំងនឹងម្ចាស់អគារ និងផ្សារទំនើប៕
រូបថត: Rudaw