សារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែកក្កដា រុស្ស៉ីបាននិយាយថា ខ្លួនបានបាញ់ស្ទាក់យន្តហោះដ្រូនចំនួន ១២៦គ្រឿងរបស់អ៊ុយក្រែន ក្នុងការវាយប្រហារមួយ ដែលបានបណ្តាលឱ្យមនុស្សម្នាក់ស្លាប់ និង៤នាក់ផ្សេងទៀតរងរបួស។
ក្រសួងការពារជាតិរុស្ស៉ី បានអះអាងថា កងកម្លាំងការពារដែនអាកាសរបស់ខ្លួន បានបាញ់ទម្លាក់ដ្រូនអ៊ុយក្រែនសរុប១២៦គ្រឿង កាលពីវេលាយប់កន្លងទៅ ដែលភាគច្រើននៅលើបណ្តាតំបន់ ដែលស្ថិតនៅភាគនិរតីប្រទេសរុស្ស៉ី ជាប់ព្រំប្រទល់ជាមួយអ៊ុយក្រែន ប៉ុន្តែក៏មាន៣គ្រឿង ដែលហោះសំដៅមករកទីក្រុងមូស្គូផងដែរ។
អភិបាលតំបន់ Belgorod បាននិយាយថា ស្រ្តីម្នាក់បានបាត់បង់ជីវិត ខណៈបុរសជាជនស៉ីវិលម្នាក់ បានរងរបួស។ ចំណែកបើតាមអភិបាលតំបន់ Voronezh ក្មេងៗវ័យជំទង់៣នាក់ បានរងរបួស នៅពេលបំណែកដ្រូនធ្លាក់ចំអគារមួយ។
កាលពីថ្ងៃទី១៦ខែកក្កដា រុស្ស៉ីបានបន្តការវាយប្រហារតាមផ្លូវអាកាសលើអ៊ុយក្រែន ជាមួយយន្តហោះដ្រូនរាប់រយគ្រឿង រួមទាំងការបាញ់កាំភ្លើងធំ និងមីស៉ីលបាលិស្ទីគ បើទោះបីជាប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានទទូចឱ្យទីក្រុងមូស្គូបិទបញ្ចប់ សង្រ្គាមឈ្លានពានរយៈពេលជាង៣ឆ្នាំ របស់ខ្លួនក៏ដោយ។ កាលពីថ្ងៃចន្ទ លោក ត្រាំ បានប្រកាសទុកពេល៥០ថ្ងៃ ឱ្យរុស្ស៉ីសម្រេចឱ្យបានកិច្ចព្រមព្រៀងសន្តិភាព បើមិនចង់ទទួលរងការដាក់ទណ្ឌកម្មធ្ងន់ធ្ងរ៕
រូបថត: Getty image