ខេត្តកំពង់ស្ពឺ៖ យុវជនម្នាក់ដែល ជាសិក្ខាកាមអង្គរក្ស បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ខណៈដែលជិះម៉ូតូម្នាក់ឯងពេលយប់ហើយបុកជាមួយរថយន្តធុនធំដឹកអីវ៉ាន់ចំពីមុខយ៉ាងពេញទំហឹង។ ក្រោយកើតហេតុអ្នក បើកបររថយន្តបានរត់គេចខ្លួនបាត់ស្រមោល។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៣៥នាទីយប់ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ នៅលើកំណាត់ផ្លូវជាតិលេខ១៤៣ ត្រង់ចំណុចភូមិភែក ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
មន្ត្រីនគរបាលស្រុកគងពិសីឱ្យដឹងថា ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតឈ្មោះ ងួន រ៉ាឈិ ភេទប្រុស អាយុ២២ឆ្នាំ ជាសិក្ខាកាមអង្គរក្ស រស់នៅភូមិត្រពាំងថ្ម ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។ ជនរងគ្រោះជិះម៉ូតូ១គ្រឿងម៉ាកហុងដា ធុនសេ១២៥ ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ស្ពឺ 1R-5099 ។ ចំណែក ភាគីខាងរថយន្តមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខកំពង់ស្ពឺ2A-7363 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួនបាត់ ។
ប្រភពខាងលើបានឱ្យដឹងបន្តថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាពណ៌ខ្មៅ ធ្វើដំណើរតាមបណ្តោយផ្លូវលេខ១៤៣ ក្នុងទិសដៅ ពីទិសខាងលិច ឆ្ពោះទៅទិសខាងកើត។ ពេលធ្វើដំណើរទៅដល់ចំណុចខាងលើក៏បានបុកជាមួយរថយន្តមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ខណៈដែលរថយន្តខាងលើបានបើកបរមកពីទិសខាងកើតទៅទិសខាង លិច ចំពីមុខយ៉ាងពេញទំហឹងតែម្តង បណ្តាលឱ្យអ្នក បើកបរម៉ូតូស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។
មន្ត្រីនគរបាលស្រុកគងពិសីបានបន្តទៀតថា ក្រោយកើតហេតុ នគរបាលជំនាញបានចុះធ្វើការវាស់វែងនៅកន្លែងកើតហេតុ ហើយសពយុវជនរងគ្រោះ ខាងលើ ត្រូវបាននគរបាលជំនាញប្រគល់ជូនសាច់ញាតិក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
នគរបាលស្រុកគងពិសីបានបញ្ជាក់ថា ចំពោះវត្ថុតាងទាំង២គ្រឿង សមត្ថកិច្ចនគរបាលបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកគងពិសី ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕