ភ្នំពេញ ៖ ដោយគោរពយ៉ាងខ្ជាប់ខ្ជួននូវអភិក្រម «ពង្រឹងជាជាងពង្រីក» និង «រៀបចំផ្ទះឱ្យរៀបរយ» ក្រសួងមុខងារសាធារណៈ ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានអនុវត្តវិធានការគន្លឹះទី២ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ពោលគឺបានអនុវត្តការងារពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន ហើយបានធ្វើការជាមួយក្រសួង ស្ថាប័នទាំងអស់ ដើម្បីរៀបចំរចនាសម្ព័ន្ធ និងតាក់តែងសេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួង ស្ថាប័ននីមួយៗ។
ក្រោយពេលទទួលបាននូវសេចក្តីព្រាងអនុក្រឹត្យពីក្រសួង ស្ថាប័ននីមួយៗ ក្រសួងមុខងារសាធារណៈ បានរៀបចំប្រជុំដើម្បីពិនិត្យ និងពិភាក្សាទៅលើខ្លឹមសារនៃអនុក្រឹត្យនីមួយៗ។ កិច្ចប្រជុំនេះ ប្រព្រឹត្តទៅនារសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ ដឹកនាំដោយ លោក យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ នៅសាលប្រជុំសាលាភូមិន្ទរដ្ឋបាល ដោយមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ និងមន្រ្តីបច្ចេកទេសក្រសួងសរុបចំនួន ៣៣រូប។
សូមជម្រាបថា កិច្ចប្រជុំបច្ចេកទេសនេះ គឺដើម្បីរៀបចំឆ្ពោះទៅកិច្ចប្រជុំលេខាធិការដ្ឋាន គ.វ.រ. ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការនៃ គ.វ.រ. ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ ខាងមុខ៕
ដោយ ៖ សិលា