ភ្នំពេញ ៖ នាព្រឹកថ្ងៃសុក្រ ទី១៨ ខែកក្កដា ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក ឧត្តមសេនីយ៍ឯក Roy Mabagos Galido មេបញ្ជាការកងទ័ពជើងគោកហ្វីលីពីន និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។
ជាកិច្ចចាប់ផ្តើម សម្ដេចតេជោ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក មេបញ្ជាការកងទ័ពជើងគោកហ្វីលីពីន និងសមាជិកគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជាដើម្បីចូលរួមពិធីបិទវគ្គហ្វឹកហ្វឺនស្រាវជ្រាវ និងប្រយុទ្ធក្នុងទីក្រុងនាពេលនេះ។ សម្តេចតេជោ បានគូសបញ្ជាក់ថា វត្តមានរបស់លោក និងគណៈប្រតិភូ ក្នុងពេលនេះ ក៏ដូចជាកាលពីឆ្នាំកន្លងទៅ បានបង្ហាញឱ្យឃើញនូវទំនាក់ទំនងយ៉ាងជិតស្និត និងកិច្ចសហប្រតិបត្តិការល្អរវាងកងទ័ពជើងគោកនៃប្រទេសយើងទាំងពីរ។ សម្តេចតេជោ បានបន្តថា តាមរយៈទំនាក់ទំនងល្អរវាងកងទ័ពជើងគោក ដែលជាកងទ័ពស្នូលនៃប្រទេសយើងទាំងពីរនេះ សហប្រតិបត្តិការនៃវិស័យផ្សេងៗទៀត នឹងកាន់តែបង្កើនថែមទៀតផងដែរ។
នាឱកាសជំនួបនេះ លោកមេបញ្ជាការកងទ័ពជើងគោកហ្វីលីពីន បានសម្តែងនូវអំណរអរគុណ និងដឹងគុណចំពោះសម្តេចតេជោ ដែលបានផ្តល់នូវបុព្វសិទ្ធិក្នុងឱកាសដ៏កម្រនេះ អនុញ្ញាតឱ្យឯកឧត្តម និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម។ លោក បានគូសបញ្ជាក់ថា ទស្សនកិច្ចរបស់លោក និងគណៈប្រតិភូកងទ័ពជើងគោកហ្វីលីពីននៅកម្ពុជានាពេលនេះ នឹងបន្តលើកកម្ពស់ទំនាក់ទំនងទ្វេភាគីដែលមានស្រាប់ ជាពិសេសការបន្តចែករំលែកបទពិសោធរវាងកងទ័ពហ្វីលីពីន និងកម្ពុជា តាមរយៈសកម្មភាពហ្វឹកហ្វឺនរួមគ្នាផងដែរ។
ជាការឆ្លើយតប សម្តេចតេជោ បានសម្តែងនូវការសាទរចំពោះការរីកចម្រើនឥតឈប់ឈរនៃទំនាក់ទំនងកងទ័ពប្រទេសយើងទាំងពីរ។ សម្តេចតេជោ បានវាយតម្លៃខ្ពស់ចំពោះការរៀបចំឱ្យមានវគ្គហ្វឹកហ្វឺនស្រាវជ្រាវ និងប្រយុទ្ធក្នុងទីក្រុងនាពេលនេះ ហើយនេះ ជាផ្នែកមួយដ៏សំខាន់សម្រាប់កងទ័ពកម្ពុជាក្នុងការពង្រឹងសមត្ថភាពនិងបទពិសោធន៍ខ្លួន បន្ថែមលើសមត្ថភាពប្រយុទ្ធក្នុងព្រៃដែលមានកន្លងមក។
សម្តេចតេជោ បានបន្តចែករំលែកប្រវត្តិ និងបទពិសោធ ក៏ដូចជាផលវិបាកនៃសង្រ្គាមរបស់កម្ពុជាទាំងនៅទីក្រុងនិងនៅព្រំដែន ដែលបានជួបប្រទះនាពេលកន្លងមក។ សម្តេចតេជោ បានគូសរំលេចថា តាមរយៈការឈឺចាប់ទាំងនេះ សម្តេចបានដាក់ចេញនូវនយោបាយឈ្នះ-ឈ្នះ ដែលបាននាំមកនូវការឯកភាពទឹកដី និងសុខសន្តិភាពជូនកម្ពុជាប្រមាណជិត ២៧ឆ្នាំ មកហើយ ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្តកម្ពុជាប្រមាណ ៥០០ឆ្នាំចុងក្រោយនេះ។ សម្តេចតេជោ បានសង្កត់ធ្ងន់ថា ការឯកភាពទឹកដី និងសុខសន្តិភាពនេះហើយ ដែលជាបុរេលក្ខខណ្ឌក្នុងការនាំមកនូវការអភិវឌ្ឍ។
សម្តេចតេជោ បានបន្តកត់សម្គាល់ អំពីសារៈសំខាន់នៃការចាប់ផ្តើមអនុវត្តកាតព្វកិច្ចយោធាចាប់ពីឆ្នាំ២០២៦តទៅ ដូចដែលបានលើកឡើងដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងដែលច្បាប់កាតព្វកិច្ចយោធានេះ មានតាំងពី២០ឆ្នាំមុនម្លេះ។ សម្តេចតេជោ បានបន្តថ្លែងថា សាលានាយទាហាន ព្រមទាំងសាលាពលទាហាននៅតាមបណ្តាភូមិភាគនានា គួរត្រូវបានរៀបចំក្នុងកាលៈទេសៈដ៏សមស្របនេះ។ សម្តេចតេជោ បានបន្តចែករំលែកពីប្រវត្តិនៃការហ្វឹកហ្វឺន អាជីពកងទ័ព និងការកសាងបង្កើតកងទ័ពរបស់សម្តេច ជាពិសេសចក្ខុវិស័យសម្តេចក្នុងការរក្សាធនធានមនុស្ស ដែលជាមេទ័ពចាស់មានបទពិសោធន៍ ព្រោះមេទ័ព ត្រូវតែរក្សានូវភាពនឹងនរ និងភាពម្ចាស់ការក្នុងការប្រយុទ្ធ។ សម្តេចតេជោ ក៏បានលើកឡើងអំពីសក្តានុពលស្បៀងរបស់កម្ពុជាក្នុងការនាំចេញទៅទីផ្សារហ្វីលីពីន និងកាលានុវត្តភាពនៃវិស័យផ្សេងៗទៀតក្នុងការពង្រឹងភាពជាដៃគូល្អកម្ពុជា-ហ្វីលីពីន។
លោកមេបញ្ជាការកងទ័ពជើងគោកហ្វីលីពីន បានវាយតម្លៃខ្ពស់ចំពោះការចែករំលែករបស់សម្តេចតេជោ និងគូសបញ្ជាក់អំពីសារៈសំខាន់នៃមេរៀននិងបទពិសោធន៍ស្វែងរកសន្តិភាពរបស់សម្តេចតេជោ ដែលឯកឧត្តមបានសិក្សារៀនសូត្រនាពេលកន្លងមក ជាពិសេសការប្រើប្រាស់បទពិសោធន៍នយោបាយឈ្នះ ឈ្នះ របស់កម្ពុជា សម្រាប់រដ្ឋាភិបាល និងកងទ័ពហ្វីលីពីនក្នុងការរក្សាស្ថិរភាពនៅភាគខាងត្បូងនៃប្រទេសហ្វីលីពីនផងដែរ។ ឯកឧត្តម បានបន្តសង្កត់ធ្ងន់ថា កងទ័ពជើងគោកហ្វីលីពីន នឹងបន្តធ្វើការយ៉ាងជិតស្និតជាមួយកងទ័ពជើងគោកកម្ពុជា ដើម្បីបម្រើផលប្រយោជន៍នៃប្រជាជនយើងទាំងពីរ។
នៅចុងបញ្ចប់ សម្តេចតេជោ បានជូនពរលោក ឧត្តមសេនីយ៍ឯក Roy Mabagos Galido មេបញ្ជាការកងទ័ពជើងគោកហ្វីលីពីន និងគណៈប្រតិភូ ទទួលបានជោគជ័យក្នុងដំណើរទស្សនកិច្ចនាពេលនេះ និងសង្ឃឹមថា នឹងបានជួបឯកឧត្តមជាថ្មីនាពេលក្រោយ៕
ដោយ ៖ សិលា