ភ្នំពេញ ៖ សេចក្តីព្រាងកម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ២០២៦-២០២៨ (ក.វ.ស.៣ឆ្នាំរំកិល២០២៦-២០២៨) ត្រូវបានរៀបចំឡើងដើម្បីបង្ហាញពីទិន្នន័យនៃគម្រោងវិនិយោគសាធារណៈ ដែលមានអាទិភាពខ្ពស់របស់ក្រសួង ស្ថាប័ន សម្រាប់អនុវត្តដើម្បីចូលរួមចំណែកសម្រេចបានគោលដៅជាយុទ្ធសាស្ត្រទាំង៥ និងគោលនយោបាយអាទិភាពនានា ដែលមានចែងនៅក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ព្រមទាំងកម្មវិធីនិងសកម្មភាពអាទិភាពដែលបានដាក់ចេញនៅក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ (ផ.យ.អ.ជ.) របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា និងធ្វើជាធាតុចូលសម្រាប់ការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦។ ក.វ.ស.៣ឆ្នាំរំកិល២០២៦-២០២៨ ត្រូវបានរៀបចំឡើង តាមរយៈការប្រមូលព័ត៌មានគម្រោងពីគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធក្នុងនោះមាន «គម្រោងកំពុងដំណើរការ» គឺជាគម្រោងដែលកំពុងត្រូវបានអនុវត្ត ឬមានកិច្ចសហការនិងសម្របសម្រួលជាមួយក្រសួង ស្ថាប័ន របស់រាជរដ្ឋាភិបាល ហើយការអនុវត្តគម្រោងទាំងនោះ នឹងត្រូវបន្តនៅក្នុងអំឡុងពេលនៃ ក.វ.ស.៣ឆ្នាំរំកិល២០២៦-២០២៨ និង «គម្រោងសម្រាប់អនុវត្ត ផ.យ.អ.ជ. ឬគម្រោងថ្មី» ដែលនឹងត្រូវអនុវត្តក្នុងអំឡុងពេលនៃ ក.វ.ស.៣ឆ្នាំរំកិល២០២៦-២០២៨។ ក.វ.ស.៣ឆ្នាំរំកិល២០២៦-២០២៨មានគម្រោងសរុបចំនួន ៦៣៩គម្រោង ក្នុងនោះគម្រោងកំពុងដំណើរការមានចំនួន ១៦២គម្រោង និងគម្រោងសម្រាប់អនុវត្ត ផ.យ.អ.ជ. មានចំនួន ៤៧៧គម្រោង។ បើប្រៀបធៀបជាមួយ ក.វ.ស.៣ឆ្នាំរំកិល២០២៥-២០២៧ គម្រោងសរុបនៅក្នុង ក.វ.ស.៣ឆ្នាំរំកិល២០២៦-២០២៨ មានការកើនឡើងចំនួន ២២គម្រោង ក្នុងនោះគម្រោងកំពុងដំណើរការថយចុះចំនួន ១១គម្រោង និងគម្រោងសម្រាប់អនុវត្ត ផ.យ.អ.ជ. កើនឡើងចំនួន ៣៣គម្រោង។
ជារួម ក.វ.ស.៣ឆ្នាំរំកិល២០២៦-២០២៨ បានឆ្លុះបញ្ចាំងយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលក្នុងកិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីធានាថា ធនធានជាតិ និងហិរញ្ញប្បទានកិច្ចសហប្រតិបត្តិការអភិវឌ្ឍត្រូវបានកៀរគរ ហើយធ្វើការវិភាជទៅតាមគម្រោងនិងវិស័យអាទិភាព ដើម្បីពង្រឹងប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព និងតម្លាភាពនៃការគ្រប់គ្រងការវិនិយោគសាធារណៈ ក្នុងការគាំទ្រដល់គោលដៅអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាល ដើម្បីឈានទៅសម្រេចបាននូវគោលដៅជាយុទ្ធសាស្ត្រទាំង៥ របស់យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ នៃរដ្ឋសភា នីតិកាលទី៧៕
ដោយ ៖ សិលា