ភ្នំពេញ ៖ សេចក្តីព្រាងផែនការសកម្មភាពជាតិនេះ រៀបចំឡើងក្នុងគោលបំណងដើម្បីលើកកម្ពស់ប្រសិទ្ធភាពកិច្ចការពារកុមារ តាមរយៈការទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារគ្រប់រូបភាពឱ្យទាន់ពេលវេលា និងមានប្រសិទ្ធផល ព្រមទាំងបង្កើនការអន្តរាគមន៍លើកុមារ ដែលមានលក្ខណៈប្រទាក់ក្រឡាគ្រប់ជ្រុងជ្រោយ និងមានសង្គតិភាព ធានាបានថា កុមារកម្ពុជារស់នៅប្រកបដោយភាពកក់ក្តៅ និងស្នាមញញឹម ព្រមទាំងសម្រេចឱ្យបានការបញ្ចប់អំពើហិង្សាលើកុមារ ស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព រួមចំណែកក្នុងការអនុវត្តផែនការសកម្មភាពរបស់អាស៊ានស្តីពីការលុបបំបាត់អំពើហិង្សាលើកុមារ។ ផែនការសកម្មភាពជាតិនេះ គឺតម្រូវឱ្យគ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល កុមាររងគ្រោះនិងងាយរងគ្រោះ និងសាធារណជនទូទៅចូលរួមអនុវត្តប្រកបដោយការទទួលខុសត្រូវ ដើម្បីផ្លាស់ប្តូរឥរិយាបថ និងធានាបាននូវការគោរពសិទ្ធិជាមូលដ្ឋាន និងឧត្តមប្រយោជន៍របស់កុមារ។ សេចក្តីព្រាងផែនការសកម្មភាពជាតិនេះ ត្រូវបានរៀបចំដោយផ្អែកលើកត្តាជោគជ័យ បទពិសោធ និងមេរៀនដែលបានមកពីការអនុវត្ត និងការវាយតម្លៃការអនុវត្តផែនការសកម្មភាពជាតិដើម្បីទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារ ឆ្នាំ២០១៧-២០២១ និងរបាយការណ៍ស្តីពីការវាយតម្លៃពាក់កណ្តាលអាណត្តិ នៃវិស័យអាទិភាពក្រោមផែនការសកម្មភាពតំបន់អាស៊ានស្តីពីការលុបបំបាត់អំពើហិង្សាលើកុមារ ឆ្នាំ២០១៦-២០២៥។
សេចក្តីព្រាងផែនការសកម្មភាពជាតិនេះ មានសារៈសំខាន់ក្នុងការបន្តអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ឱ្យកាន់តែល្អប្រសើរថែមទៀត ក្នុងគោលដៅការពារសិទ្ធិ និងប្រយោជន៍របស់កុមារ ជាពិសេសការពារសិទ្ធិកុមារដែលរងនូវអំពើហិង្សាគ្រប់ទម្រង់។ កម្ពុជា ជាប្រទេសមួយក្នុងចំណោមសមាជិកអាស៊ានដែលត្រូវបានទទួលស្គាល់ជាប្រទេសដំបូងបង្អស់ដែលមានផែនការសកម្មភាពជាតិនេះ ហើយក៏ត្រូវបានទទួលស្គាល់នៅលើពិភពលោកថា ជាប្រទេសដែលមានការយកចិត្តទុកដាក់ខ្ពស់ក្នុងការទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារ៕
ដោយ ៖ សិលា