ខេត្តព្រះវិហារ ៖ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥នេះ លោក វ៉ា ថន អភិបាលខេត្ត និងលោក ហឿ សុីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងលោក លោកស្រី ប្រធានមន្ទីរអង្គភាព អភិបាលក្រុងស្រុក និងមន្ត្រីរាជការជុំវិញខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងប្រគល់អំណោយជាគ្រឿងឧបភោគ បរិភោគ រួមនិងថវិកាជូនដល់កងទ័ពជួរមុខ នៅបញ្ជាការដ្ឋានកងអង្គរក្ស ប្រចាំទិសខេត្តព្រះវិហារ ទទួលស្វាគមន៍ដោយនាយឧត្តមសេនីយ៍ផ្កាយមាស៤ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការអង្គរក្ស ស្ថិតនៅឃុំស្រែអែម និងទីបញ្ជាការ វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៧៩៥ ទទួលស្វាគមន៍ដោយ ឯកឧត្តម ឧត្តមសេនីយ៍ទោ ស៊ឹម សំអាត ប្រធាននាយដ្ឋាននគរបាលការពារព្រំដែរគោក នៃក្រសួងមហាផ្ទៃ ស្ថិតនៅឃុំមរកត៍ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។
លោក វ៉ា ថន អភិបាលខេត្តក្រចេះ បាននាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ សេចក្តីនឹករលឹក និងសេចក្តីស្រឡាញ់ដ៏ជ្រាលជ្រៅ ព្រមទាំងពរសព្ទសាធុការពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោកស្រីបណ្ឌិត ជូនចំពោះនាយឧត្តមសេនីយ៍ផ្កាយមាស៤ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការអង្គរក្ស និងឯកឧត្តម ឧត្តមសេនីយ៍ទោ ស៊ឹម សំអាត ប្រធាននាយដ្ឋាននគរបាលការពារព្រំដែរគោក នៃក្រសួងមហាផ្ទៃ រួមនិងបងប្អូននាយទាហាន នាយទាហានរង ពលទាហាន និងកងកម្លាំងជួរមុខ គ្រប់លំដាប់ថ្នាក់ទាំងអស់ ។
លោក វ៉ា ថន អភិបាលខេត្ត ថ្លែងការកោតសរសើរដោយស្មោះ និងការដឹងគុណចំពោះការលះបង់គ្រប់បែបយ៉ាងរបស់វីរយុទ្ធជន និងបងប្អូនកងទ័ពជួរមុខទាំងអស់ ក្នុងបុព្វហេតុរក្សាការពារ បូរណភាពទឹកដី និងប្រជាពលរដ្ឋ ដែលជាការរួមចំណែកមួយយ៉ាងធំធេង និងប្តេជ្ញាចិត្តខ្ពស់បន្តរក្សាការពារបូរណភាពទឹកដី អធិបតេយ្យភាពជាតិ ភាពសុខសាន្តរបស់ប្រជាពលរដ្ឋខ្មែរ ក៏ដូចជាការពារសុខសន្តិភាពជូនមាតុភូមិ ជាពិសេសតំបន់តាមបន្ទាត់ព្រំដែន។
លោក វ៉ា ថន បន្តថា ការចូលរួមចំណែកក្នុងពេលនេះ គឺជាថាមពលជំរុញទឹកចិត្ត បងប្អូនកងកម្លាំងប្រដាប់អាវុធទាំងអស់ ឱ្យមានស្មារតីអង់អាច ត្រៀមលក្ខណៈបានរួចជាស្រេច ក្នុងបុព្វហេតុការពារជាតិ មាតុភូមិឱ្យរឹងមាំ និងកាន់តែខ្លាំងក្លាបំផុត ព្រមទាំងគាំទ្រដល់ការត្រៀមរៀបចំខ្លួន ២៤ម៉ោងលើ២៤ម៉ោង ក្នុងការវាយបកការពារខ្លួន ក្នុងករណីមានការឈ្លានពាន និងសម្រាប់បណ្តាខេត្ត ដែលនៅជិតព្រំដែនត្រៀមជម្លៀសប្រជាជនចេញ មកតំបន់មានសុវត្ថិភាព ជាមួយការដោះស្រាយស្បៀងអាហារ ថ្នាំពេទ្យ និងសម្ភារប្រើប្រាស់ចាំបាច់ផ្សេងៗ ។ នឹងបានបញ្ជាក់ពីការជឿទុកចិត្ត លើកងកម្លាំងដែលឈរជើងជួរមុខ ហើយកងកម្លាំងប្ដេជ្ញាតស៊ូយ៉ាងអង់អាចក្លាហាន ក្នុងបុព្វហេតុការពារបូរណភាពទឹកដី ដែនអធិបតេយ្យជាតិ និងជាតិមាតុភូមិកម្ពុជាដ៏បវរនៃកម្ពុជា៕
ប្រភព ៖ រដ្ឋបាលខេត្តក្រចេះ