ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយលួចម៉ូតូអតីតគ្រូបង្រៀន នៅក្រុងអរិយក្សត្រ

ចែករំលែក៖

ខេត្តកណ្តាល÷ បុរសម្នាក់ត្រូវបានកម្លាំងនគរបាលក្រុងអរិយក្សត្រ ឃាត់ខ្លួនភ្លាមៗ បន្ទាប់ពីធ្វើសកម្មភាពលួចម៉ូតូរបស់អតីតគ្រូបង្រៀនម្នាក់ កាលពីវេលាម៉ោង ១៦ និង៥០នាទី ល្ងាច ថ្ងៃទី១៨ កក្កដា ២០២៥ នៅចំណុចដីចំការមួយកន្លែង ក្នុងភូមិព្រែកក្មេង សង្កាត់ព្រែកក្មេង ក្រុងអរិយក្សត្រ ខេត្តកណ្ដាល។

ប្រភពពីមន្ត្រីនគរបាលក្រុងអរិយក្សត្របានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ប្រាក់ សារី ភេទប្រុស អាយុ៦៦ឆ្នាំ មុខរបរអតីតគ្រូបង្រៀន រស់នៅភូមិព្រែកក្មេង សង្កាត់ព្រែកក្មេង ក្រុងអរិយក្សត្រ។ ចំណែកជនសង្ស័យដែលត្រូវបានឃាត់ខ្លួនឈ្មោះ រិន ណារ័ត្ន ភេទប្រុសអាយុ២៥ ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិព្រែកតាអុងទី១ សង្កាត់ពាមឧកញ៉ាអុង ក្រុងអរិយក្សត្រ។

ប្រភពដដែលបានបន្តថា នៅថ្ងៃកើតហេតុ វេលាម៉ោង ២ រសៀល ជនរងគ្រោះបានជិះម៉ូតូម៉ាក Honda Dream ឆ្នាំ២០២២ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល 1AM- 5369 ចេញពីផ្ទះទៅចំការដែលមានចម្ងាយប្រហែល ១គីឡូម៉ែត្រ រួចក៏ទុកម៉ូតូក្នុងដីចំការ។ លុះដល់ម៉ោងប្រហែល ៤និង៣០នាទីល្ងាច ឈ្មោះ ចាន់ណា ដែលមានផ្ទះជាប់ចំការរបស់ជនរងគ្រោះ បានស្រែកប្រាប់ថាមានចោរលួចម៉ូតូហើយ។ ភ្លាមៗនោះ ជនរងគ្រោះបានងាកទៅមើលកន្លែងដាក់ម៉ូតូ ស្រាប់តែបាត់ម៉ូតូ។

ក្រោយមក ឈ្មោះចាន់ណា បានឌុបជនរងគ្រោះទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលព្រែកក្មេង។ ក្រោយទទួលពាក្យបណ្ដឹងភ្លាម សមត្ថកិច្ចមូលដ្ឋានក៏បានរាយការណ៍មកកម្លាំងអធិការដ្ឋាននគរបាលក្រុងអរិយក្សត្រ។ កម្លាំងអធិការដ្ឋានបានដាក់កម្លាំងតាមផ្លូវដើម្បីស្ទាក់ និងបានប្រដេញចាប់ជនសង្ស័យបានភ្លាមៗ រួមជាមួយវត្ថុតាងម៉ូតូរបស់ជនរងគ្រោះ និងទូរស័ព្ទដៃ ១គ្រឿងម៉ាក Realme ពណ៌ខៀវ។ ក្រោយឃាត់ខ្លួន ជនសង្ស័យ រិន ណារ័ត្ន ក៏ត្រូវបានរកឃើញថាមានផ្ទុកសារធាតុញៀនក្នុងទឹកនោមផងដែរ។

...

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ រិន ណារ័ត្ន បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះពិតប្រាកដមែន។ បច្ចុប្បន្ន ជន សង្ស័យត្រូវបាននាំខ្លួនមកកាន់អធិការដ្ឋាននគរបាលក្រុងអរិយក្សត្រ ដើម្បីបន្តចាត់ការតាមនីតិវិធីច្បាប់៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print