អគ្គលេខាធិការ​អាជ្ញាធរ​ជាតិ​ប្រឆាំង​គ្រឿងញៀន​ សរសើរ​នគរបាល​ខណ្ឌ​មានជ័យ​ បន្ទាប់ពី​លោក​ព្រះរាជអាជ្ញា​រង ​ងិន ​ពេ​ជ ដោះលែង​ស្ត្រី​ម្នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​

ចែករំលែក៖

ភ្នំពេញ ៖ លោក មាស វិរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រឆាំងគ្រឿងញៀន កោតសរសើរចំពោះនគរបាលខណ្ឌមានជ័យ ដែលខិតខំយកចិត្តទុកដាក់បង្ក្រាបរាល់បទល្មើសគ្រប់ទម្រង់នាពេលកន្លងមក ដើម្បីរក្សាសន្តិសុខក៏ដូចជាសណ្ដាប់ធ្នាប់ ភាពសុខសាន្តជូនប្រជាពលរដ្ឋ ។

ការលើកឡើងរបស់លោក មាស វិរិទ្ធ នាពេលនេះ គឺបន្ទាប់ពីលោក ងិន ពេជ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានដោះលែងស្ត្រីម្នាក់ដែលពាក់ព័ន្ធនឹងករណីជួញដូរគ្រឿងញៀនខុសច្បាប់ ។

លោក មាស វិរិទ្ធ ចូលរួមយោបល់ ឬ Coment ចូលក្នុងអត្ថបទព័ត៌មានមានចំណងជើងថា ” ករណីគ្រឿងញៀន៖ព្រះរាជអាជ្ញារង ងិន ពេជ ដោះលែងស្ត្រី , ឃុំខ្លួនបុរស ” ។ លោក សរសេរថា ” សូមអបអរសាទរនិងថ្លែងនូវការកោតសរសើរដល់សមត្ថកិច្ច នគរបាលខណ្ឌមានជ័យ ដែលខិតខំយកចិត្តទុកដាក់បង្ក្រាបរាល់បទល្មើសគ្រប់ទម្រង់នាពេលកន្លងមក ដើម្បីរក្សាសន្តិសុខក៏ដូចជាសណ្ដាប់ធ្នាប់និងភាពសុខសាន្តជូនប្រជាពលរដ្ឋដែលរស់នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន រួមទាំងធ្វើការ បង្ការនិងបង្ក្រាបបទល្មើស ជួញដូរ រក្សាទុក និងការប្រើប្រាស់គ្រឿងញៀន” ។

លោក មាស វិរិទ្ធ បន្ថែមថា ” គ្រឿងញៀនបំផ្លាញសុខភាព អនាគតយុវវ័យ ហើយអ្នកដទៃក៏អាចក្ស័យដោយសារឥទ្ធិលកើតចេញពីអ្នកប្រើប្រាស់គ្រឿងញៀនដែរ ” ។

គួររំលឹកថា បុរសស្ត្រីពីរនាក់ជាប់ពាក់ព័ន្ធនឹងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ត្រូវបាននគរបាលខណ្ឌមានជ័យ ឃាត់ខ្លួនបញ្ជូនមកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦ ដើម្បីចាត់ការតាមច្បាប់ ។

នគរបាលខណ្ឌមានជ័យ ថ្លែងថា ស្ត្រីម្នាក់ត្រូវបានលោក ងិន ពេជ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ដោះលែងឲ្យមានសេរីភាពឡើងវិញ កាលពីថ្ងៃទី២៩ ខែសីហា ។ ដោយឡែកបុរសម្នាក់ ត្រូវបានចៅក្រមស៊ើបសួរ សម្រេចឃុំខ្លួនដាក់ពន្ធនាគារ ដើម្បីរង់ចាំការស៊ើបអង្កេតបន្តទៀត ។

ពាក់ព័ន្ធករណីនេះ លោក លី សុផាណា អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពុំអាចសុំការអត្ថាធិប្បាយបានទេ កាលពីព្រឹកថ្ងៃទី៣០ ខែសីហា ដោយសារទូរស័ព្ទចូលគ្មានអ្នកទទួល ។

លោក ហួរ ម៉េងវ៉ាង អធិការរងនគរបាលខណ្ឌមានជ័យទទួលផែនព្រហ្មទណ្ឌ ថ្លែងកាលពីព្រឹកថ្ងៃទី៣០ ខែសីហា ថា ជនសង្ស័យ ឈ្មោះ លាង សុខលីន ភេទប្រុស អាយុ ៣៤ឆ្នាំ និង ឈ្មោះ ហុក សី ភេទស្រី អាយុ២៣ឆ្នាំ ត្រូវបាននគរបាលឃាត់ខ្លួនកាលពីយប់ថ្ងៃទី២១ ខែសីហា នៅចំណុចមុខរោងចក្រអគ្គិសនី ផ្លូវបេតុង ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។

លោកអធិការរង ហួរ ម៉េងវ៉ាង បន្តថា ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចដកហូតវត្ថុតាងរួមមាន ម្សៅក្រាមពណ៌សថ្លាមួយកញ្ចប់ធំ ជញ្ជីងថ្លឹង អេឡិចត្រូនិកមួយគ្រឿង និងម៉ូតូម៉ាកZOOMER ពណ៌ខ្មៅ ស៊េរី២០១៦ ពាក់ស្លាកលេខភ្នំពេញ 1-FY-2753 ៕

image image image

ដោយ ចេស្តា

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print