សម្ដេចធិបតី​ ហ៊ុន​ ម៉ាណែត​៖​ មួយរយៈនេះខ្ញុំបានឃើញថ្នាក់ដឹកនាំនយោបាយ កងទ័ព និងបណ្ដាញសារព័ត៌មានថៃ បានធ្វើការចោទប្រកាន់ដោយគ្មានមូលដ្ឋានមកលើកម្ពុជាពាក់ព័ន្ធនឹងបញ្ហាមួយចំនួនដូចជាការដាក់មីន

ចែករំលែក៖

ភ្នំពេញ​៖​ សម្ដេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីកម្ពុជា​ នៅព្រឹក​ថ្ងៃ​អង្គារ​ទី​២២​ ខែកក្កដា​ ឆ្នាំ​២០២៥នេះ​ បានថ្លែង​ថា​ មួយរយៈនេះខ្ញុំបានឃើញថ្នាក់ដឹកនាំនយោបាយ កងទ័ព និងបណ្ដាញសារព័ត៌មានថៃ បានធ្វើការចោទប្រកាន់ដោយគ្មានមូលដ្ឋានមកលើកម្ពុជាពាក់ព័ន្ធនឹងបញ្ហាមួយចំនួនដូចជាការដាក់មីន ព្រមទាំងបានធ្វើការគម្រាមដាក់ចេញនូវវិធានការជាឯកតោភាគីនៅក្នុងតំបន់ដែលមានវិវាទ រួមមានតំបន់មុំបី និងប្រាសាទតាមាន់ធំ ។ល។

ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ក្រសួងការពារជាតិ ក្រសួង ស្ថាប័នជំនាញពាក់ព័ន្ធរបស់កម្ពុជា បានធ្វើការឆ្លើយតបយ៉ាងសកម្មទៅលើការចោទប្រកាន់ទាំងនោះ ដើម្បីការពារភាពត្រឹមត្រូវរបស់កម្ពុជាជាបន្តបន្ទាប់រួចហើយ ក៏ដូចជាការត្រៀមដាក់ចេញនូវវិធានការចាំបាច់បន្ថែមទៀតក្នុងគោលដៅការពារឧត្តមប្រយោជន៍ជាតិខ្មែរ។

សម្ដេចធិបតី​ បានថ្លែង​បញ្ជាក់ថា​ សម្ដេចមិនមានការចាំបាច់ធ្វើការអត្ថាធិប្បាយអ្វីបន្ថែមច្រើននោះទេ ប៉ុន្តែខ្ញុំគ្រាន់តែចង់ផ្ញើសារខ្លីប៉ុន្មានចំណុចតែប៉ុណ្ណោះដើម្បីរំលឹកទៅភាគីថៃថា ៖

១. តំបន់ឬទីកន្លែងដែលមានវិវាទ ឬមិនទាន់ដាច់ស្រេចថាស្ថិតក្នុងដែនអធិបតេយ្យរបស់ប្រទេសណាមួយ គឺគ្មានភាគីណាមានសិទ្ធិធ្វើសកម្មភាពឬដាក់ចេញនូវវិធានការជាឯកតោភាគីនៅក្នុងតំបន់ឬទីកន្លែងនោះ។ រាល់វិធានការនានាដែលអាចអនុវត្ត ត្រូវមានការឯកភាពគ្នារវាងភាគីទាំងពីរជាមុនសិន។

២. បន្ទាត់ក្រហមនៅតែជាបន្ទាត់ក្រហម មិនមានការប្រែប្រួលទេ។ សូមកុំបំពាន។

៣. កម្ពុជាមិនរំលោភបំពានលើអ្នកណាទេ ប៉ុន្តែកម្ពុជាក៏មិនឱ្យអ្នកណាមួយរំលោភបំពានលើខ្លួននោះដែរ។ កម្ពុជាមានសមត្ថភាពគ្រប់គ្រាន់និងបានត្រៀមខ្លួនជាស្រេចក្នុងការការពារខ្លួននិងការពារបូរណភាពទឹកដី តាមគ្រប់មធ្យោបាយទាំងអស់ប្រឆាំងនឹងការរំលោភបំពាន។

៤. វិធីសាស្រ្តបៀមឈាមព្រួសដាក់អ្នកដទៃ មិនមែនជាវិធីសាស្រ្តសុចរិត និងថ្លៃថ្នូរទេ។ វិធីសាស្ត្របែបនេះមិនត្រូវប្រើទេ បើយើងពិតជាចង់កសាងនូវទំនុកចិត្តរវាងគ្នានិងគ្នា។

៥. កម្ពុជានៅតែរក្សាជំហរក្នុងការស្វែងរកដំណោះស្រាយលើបញ្ហានេះ ដោយមធ្យោបាយអហឹង្សា ឱ្យបានឆាប់រហ័ស ប្រកបដោយភាពច្បាស់លាស់និងចីរភាព៕

...

ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print