ខេត្តកណ្តាល÷ កម្លាំងនគរបាលស្រុកអង្គស្នួល បានឃាត់ខ្លួនបុរស ២នាក់ កាលពីវេលាម៉ោង ១២និង៥៥ នាទី ថ្ងៃទី២១ កក្កដា ២០២៥ នៅភូមិដំណាក់អំពិល ឃុំដំណាក់អំពិល។ ជនសង្ស័យទាំងពីរ គឺឈ្មោះ ឈឿន រស្មី ហៅដុស (ប្រុស, ២២ឆ្នាំ) ដែលធ្លាប់ជាប់មណ្ឌលស្តារនីតិសម្បទា និងឈ្មោះ ចាន់ ចំរើន ហៅឃ្លាច ភេទ ប្រុស អាយុ ១៨ឆ្នាំ។ ពួកគេត្រូវបានឃាត់ខ្លួនពាក់ព័ន្ធនឹងករណីជួញដូរ និងប្រើប្រាស់សារធាតុញៀន (ម៉ាទឹកកក)។ ក្រោយពិនិត្យ ទឹកនោមជនសង្ស័យទាំងពីរនាក់ក៏មានផ្ទុកសារធាតុញៀនផងដែរ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ការបង្ក្រាបនេះធ្វើឡើងក្រោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋ។ កម្លាំងបានដកហូតម៉ាទឹកកក ០៦កញ្ចប់តូច (ទម្ងន់ ០,៨៨ក្រាម) លាក់ក្នុងម៉ូតូ ទូរស័ព្ទដៃ ២គ្រឿង ម៉ូតូ ១គ្រឿង និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។
ជនសង្ស័យទាំងពីរបានសារភាពថា ថ្នាំញៀននេះជារបស់ពួកគេ ហើយបានទិញពីមុខសញ្ញាមិនស្គាល់នៅខេត្តកំពង់ស្ពឺ តម្លៃ ៥ម៉ឺនរៀល ដើម្បីលក់បន្ត និងប្រើ ប្រាស់។ ឈ្មោះ ឈឿន រស្មី បានជួញដូរប្រហែល ១ខែ និងប្រើប្រាស់ប្រហែល ១ឆ្នាំ ចំណែកឈ្មោះ ចាន់ ចំរើន បានជួញដូរ និងប្រើប្រាស់ច្រើនលើកប្រហែល ២ខែ។
បច្ចុប្បន្ន ជនសង្ស័យទាំងពីរនាក់កំពុងត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕