រឿង ស្រមោលអតីតកាល (ត)

ចែករំលែក៖

តា÷ កាលនោះយាយឯងកូនអ្នកមានរស់នៅភ្នំពេញ ឯតាវិញជាកូនអ្នកស្រែកចម្ការរស់នៅស្រុកបាត់ដំបងនេះផ្ទាល់តែម្ដង។ ពេលគ្រួសារយាយឯងមកលេងបងប្អូននៅខេត្តនេះក៏ឃើញតា។ ពួកគេក៏ចាប់ចាប់អារម្មណ៍នឹងតា តែតាមិនពេញចិត្តតទេ ព្រោះពេលនោះតាក៏មានមនុស្សដែលតាស្រលាញ់ហើយ តែក្រុមគ្រួសាររបស់តាពេញចិត្តជាមួយយាយឯង រួចក៏ចេះតែនិយាយហើយ និយាយទៀត រហូតដល់ម្តាយរបស់តាស្លាប់បាត់ក៏តានៅមិនទាន់ព្រមដែរ។ ក្រោយមកក៏តាមិនទាន់ព្រមទៀត រហូតដល់ពុកតាស្លាប់ចោលដែរ។ មុនពេលដែលពួកគាត់ស្លាប់សុទ្ធតែឱ្យត្រូវតែរៀបការជាមួយយាយឯងជាដាច់ខាត បើពុំដូច្នោះ ពួកគាត់ប្រាកដជាបិទភ្នែកមិនជិតឡើយ ទោះបីពួកគាត់ស្លាប់ក៏ដោយ។
មនោរា ក៏ហាមាត់កាត់សំដីរបស់តាថាសាក៏សម្រេចចិត្តយកយាយទៅមែនទេ?
តា÷ មែនហើយ ពេលនោះយាយឯងសប្បាយចិត្តខ្លាំងណាស់ ប៉ុន្តែតាមិនសប្បាយចិត្តទេ។ ក្រោយមកទៀតតាបានបែកពីមនុស្សស្រីដែលតែស្រឡាញ់ហើយចាប់ផ្ដើមមកកសាងជីវិតជាមួយយាយរបស់ឯងរហូតបានម៉ាក់ឯងហ្នឹងណា។
មនោរា÷ នេះពិតជាស្នេហាដ៏លំបាកមែនទែនតា។ ហើយចុះស្នេហារវាងម៉ែ និងពុកវិញតើបែបណាទៅយាយ?
ពេលឮសំណួរនេះ តានិងយាយចាប់ផ្ដើមអ្នកមើលមុខគ្នាដូចជាមិនចង់និយាយ។ មនោរា ឃើញដូច្នោះក៏សួរតា និងយាយថាយ៉ាងម៉េចទៅយាយតា ចៅចង់ដឹងណាស់តើគាត់ទាំងពីរមានរឿងអីដែរ? លំបាកដូចតា និងយាយដែរឬទេ? ហើយមានអ្វីដែលពុកនិងម៉ែធ្លាប់មានអនុស្សាវរីយ៍ផ្អែមល្ហែមនឹងគ្នានោះ? ឮដូច្នោះយាយក៏និយាយតបទៅចៅថាមនោរា ចៅនៅក្មេងណាស់មិនគួរដឹងរឿងនោះទេ។
មនោរា ក៏ទម្លាក់ទឹកមុខវិញហើយសួរតបទៅតាវិញម្ដង។
មនោរា÷ យ៉ាងម៉េចទៅតា គ្រប់រឿងដែលខ្ញុំសួរមិនថា យាយមិនថាតា និងមីងលក់នំអាកោទេ គឺមិនចង់ឆ្លើយ។ គាត់តែងតែថាខ្ញុំជាក្មេងរហូត។ ប្រសិនបើចៅចង់ដឹងរឿងរ៉ាវកើតមាននៅពេលនោះលោកតាប្រាប់ចៅបានទេ? ចៅសូមអង្វរណា។
យាយ÷ មនោរា យប់ហើយចៅយាយ គិតថាយើងចូលដេកសិនទៅ ព្រោះស្អែកព្រឹកចៅត្រូវងើបទៅរៀនពីព្រលឹមផង។ ប្រយ័ត្នងើបយឺតណាចៅ មកឆាប់ចូលគេងទៅ។
មនោរា÷ អត់ទេយាយ ខ្ញុំមិនគេងទេបើថាយាយមិនព្រមឆ្លើយសំណួរដែលខ្ញុំសួរ។ ខ្ញុំប្រាកដជាស្វែងរកចម្លើយនេះនៅថ្ងៃណាមួយមិនខាន។
តាឮដូច្នោះ ក៏ដកដង្ហើមធំរួចតបទៅចៅវិញដោយសំឡេងថ្នមៗថា មិនមែនតា និងយាយមិនចង់ប្រាប់ចៅទេ ប៉ុន្តែរឿងនោះបានធ្វើឲ្យយើងគ្រប់គ្នាបាក់ស្បាតខ្លាំងណាស់។ មនោរាក៏ចាប់ផ្ដើមនិយាយ ព្រោះវាជាពេលដែលនាងចង់ដឹងបំផុតនូវរឿងរា៉វដែលកើតមានឡើងទៅលើគ្រួសាររបស់នាង តែត្រូវបានឈប់វិញដោយយាយជាអ្នកកាត់សម្តីថា ខ្ញុំគិតថាយប់ហើយតានាំចៅដេកសិនទៅ។មនោរា ចាំស្អែកយាយ និងតានិយាយប្រាប់ណា យើងសន្យា។
មនោរាឮបែបនេះ ចាប់ផ្ដើមមានក្តីសង្ឃឹមទៅលើសំណួររបស់នាងជាច្រើនដែលកំពុងតែផុសចេញពីការចង់ដឹងរឿងរ៉ាវទាំងអស់នោះ។មនោរា គិតក្នុងចិត្តថា ខ្ញុំពិតជាបានស្ដាប់រឿងទាំងអស់នេះហើយ។
ក្រោយពីការសន្ទនាបានបញ្ចប់ទៅ អ្នកទាំងបីនាក់បានចូលដេកលង់លក់យ៉ាងស្កប់ស្កល់នាពេលរាត្រីខ្យល់ត្រជាក់រងារដូវស្លឹកឈើជ្រុះ។ ម៉ោង ៥ ទៀបភ្លឺយាយផេម និងតាភុំ ភ្ញាក់ពីដំណេកចេញមកក្រៅផ្ទះបង្កាត់ភ្នក់ភ្លើងដើម្បីអាំងកម្តៅខ្លួន។ រីឯ មនោរា វិញគេងលក់ដោយមិនដឹងយាយ និងតាភ្ញាក់មុនឡើយ។ ពេលកំពុងតែបង្កាត់ភ្លើងយាយស្រែកសួរតា។
យាយ÷ តើវាអើយមានដកដំឡូងមកអត់ល្ងាចមិញ?
តា÷ មានតើយាយវាមើលទុកឲ្យខ្ញុំទៅរកមើលវិញ មើលល្ងាចមិញខ្ញុំទុកនៅក្បែរទ្រុងមាន់នេះតើ។ នេះឃើញហើយ។
យាយឮហើយត្រេកអរ ក៏យកដំឡូងពីដៃតា និងគ្រាប់ខ្នុរដែលគាត់ទុកពីល្ងាចមិញមកដុតជាមួយគ្នា សម្រាប់ឲ្យចៅយកទៅរៀនពេលព្រឹក។ មនោរា ភ្ញាក់ឡើង ហើយដើរមករកតានិងយាយ ។
យាយ÷ ក្រោកហើយឬចៅ?ងើបលឿនម៉្លេះ ថ្ងៃហ្នឹងទើបតែម៉ោង ៥កន្លះ តើចៅ។
មនោរា÷ ខ្ញុំឮសំឡេងយាយនឹងតាជជែកគ្នាហើយក៏ក្រោកមកតែម្ដងទៅ។ នោះដំឡូងដុតមែននិយាយក្លិនឈ្ងុយខ្លាំងណាស់ខ្ញុំឃ្លានហើយ។
យាយ÷ អើចាំមួយភ្លែតទៀតទៅឲ្យដំឡូងផុយជាងហ្នឹងបន្តិចសិនបានឆ្ងាញ់ជាប់មាត់តែម្ដងណា។
បីនាក់តាយាយនិងចៅ កំពុងតែអាំងភ្លើង និងដុតដំឡូង ស្រាប់តែមានសំឡេងសត្វខ្លែងស្រាក់ហើរកាត់ហើយយប់ទៀត។ ឮដូច្នោះមនោរា ក៏ខិតមកជិតយាយសួរ។
មនោរា÷ សំឡេងអីហ្នឹងយាយ?
យាយ÷ ហើរទៅឆ្ងាយទៅវើយប្រយ័ត្នចាប់វះពោះប្រឡាក់អំបិល។ តាក៏តបទៅ មនោរា វិញ។
តា÷ សត្វនឹងហៅថាខ្លែងស្រាក់ណាចៅ។ ពេលដែលឮវាយំបែបនេះយើងត្រូវស្រែកជេរវាដោយពាក្យណាដែលអាក្រក់ ព្រោះចាស់ៗពីដើមគាត់និយាយថាសត្វនឹងចង្រៃខ្លាំងណាស់ ហើយតែយំនៅផ្ទះអ្នកណាប្រាកដជាឲ្យហេតុចម្លែក ឬមានអ្នកស្លាប់ជាមិនខានទេ។
មនោរា÷ ពិតមែនហើយ សំឡេងវាគួរឱ្យខ្លាចខ្លាំងណាស់។

(នៅមានត)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print