ស្រ្ដីដែលជិះម៉ូតូមកលោតទឹកសម្លាប់នៅលើស្ពានជ្រោយចង្វារ ឃើញសពអណ្តែតឡើងហើយ

ចែករំលែក៖

ភ្នំពេញ៖ ស្ត្រីមានវិបត្តិម្នាក់ ដែលបានជិះម៉ូតូទៅលោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វាកាលពីម្សិលមិញបានឃើញសពអណ្ដែតឡើងហើយកាលពីម៉ោង ៥និង៤៥នាទីព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០២៥ ក្នុងភូមិដើមគរ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា សពស្ត្រីរូបនោះឈ្មោះ សឿង គឹមលាង អាយុ៣១ឆ្នាំ មុខរបរលក់ដូរ ទីលំនៅភូមិពានាផ្សារ ឃុំក្ដឿងរាយ ស្រុកកញ្ច្រៀច ខេត្តព្រៃវែង។

ពាក់ព័ន្ធនឹងការធ្វើអត្តឃាតនេះស្រ្តី ឈ្មោះ ឃ្វាំង ភាព អាយុ៥៤ឆ្នាំ មុខរបរកសិករ ត្រូវជាម្ដាយ សពបានឲ្យដឹងថា កូនស្រីរបស់គាត់មានជំងឺសសៃប្រសាទ ហើយបានលេបថ្នាំជាប្រចាំ។នៅពេលថ្មីៗនេះអាការៈជំងឺកូនស្រី បានរើឡើងនិងតែងតែឧស្សាហ៍រវើរវាយ។ នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ កូនស្រីបានជិះម៉ូតូមកលោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វាម្ដងមកហើយ តែត្រូវបានសមត្ថកិច្ចឃាត់ទាន់ បានទាក់ទងគាត់ឲ្យមកទទួលត្រឡប់ទៅផ្ទះវិញ។ លុះ នៅម៉ោងប្រហែល០៦ និង៣០នាទី ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ កូនស្រីបានជិះម៉ូតូឌុបកូនទៅសាលារៀនហើយមិនឃើញត្រឡប់មកផ្ទះវិញ ស្រាប់តែនៅម៉ោង ៩និង៣០នាទីព្រឹកមានសមត្ថកិច្ចទូរសព្ទមកប្រាប់ថា កូនស្រីរបស់គាត់លោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វា ហើយលិចបាត់បន្សល់ទុកតែម៉ូតូមួយគ្រឿងម៉ាក zoomer x ពាក់ផ្លាកលេខភ្នំពេញ១GC- 0761 ទូរស័ព្ទដៃមួយគ្រឿង និងសម្ភារៈមួយចំនួនក្នុងកែបម៉ូតូ ។

តាមព័ត៌មានឲ្យដឹងទៀតថា បន្ទាប់ពីលោតទឹកលិចបាត់មួយយប់នៅព្រឹកថ្ងៃទី២៣ខែកក្កដាឆ្នាំ ២០២៥ នេះសពបានអណ្ដែតឡើងនិងបានរសាត់តាមខ្សែទឹកហូរទៅទើរនៅច្រាំងទន្លេនៅភូមិដើមគរ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញហើយត្រូវបានសមត្ថកិច្ចអូសឡើងច្រាំងធ្វើការត្រួតពិនិត្យនិងទាក់ទងទៅក្រុមគ្រួសារ។

បន្ទាប់ពីស្រង់សពឡើងគោកហើយសមត្ថកិច្ចប៉ុស្ដិ៍បានទាក់ទងទៅសមត្ថកិច្ចជំនាញ ផ្នែកកោសល្យវិច្ច័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះពិនិត្យរួច ក៏ប្រគល់សពអោយក្រុមគ្រួសារនាំយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើតខេត្ដព្រៃវែង ៕

...

ដោយ៖ ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print