ប្រជាជនថៃរស់នៅតាមព្រំដែន កំពុងជួបទុក្ខលំបាកជាខ្លាំង រហូតដល់ប្រធានសភាពាណិជ្ជកម្មខេត្តស្រះកែវ អង្វរឱ្យយោធាថៃបើកច្រកព្រំដែនដូចធម្មតាឡើងវិញដោយកុំខ្លាចបាក់មុខអី

ចែករំលែក៖

ប្រទេសថៃ ៖ ប្រធានសភាពាណិជ្ជកម្មខេត្តស្រះកែវ អង្វរឱ្យយោធាថៃបើកច្រកព្រំដែនដូចធម្មតាឡើងវិញដោយកុំខ្លាចបាក់មុខ ដ្បិតប្រជាជនថៃរស់នៅតាមព្រំដែន កំពុងជួបទុក្ខលំបាកជាខ្លាំង ហើយប្រជាជនថៃមិនចង់ឱ្យមានសង្គ្រាមកើតឡើងសម្រាប់ប្រទេសទាំងពីរទេ ។

សូមបញ្ជាក់ថា ៖ ស្របពេលដែលបញ្ហាវិវាទរវាងប្រទេសថៃនិងកម្ពុជា នៅតែបន្តមិនទាន់អាចដោះស្រាយចេញ ប្រធានសភាពាណិជ្ជកម្មខេត្តស្រះកែវរបស់ថៃ ក្នុងសប្តាហ៍នេះ បានចេញមុខអង្វរសុំឱ្យរដ្ឋាភិបាលក៏ដូចជាយោធាថៃ បើកឱ្យច្រកព្រំដែនធ្វើប្រតិបត្តិការដូចកាលពីមុនឡើងវិញ ដោយកុំខ្លាចបាក់មុខបាក់មាត់ចំពោះភាគីកម្ពុជា។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានថៃ Khaosod។

ការចេញផ្សាយដោយសារព័ត៌មានថៃ Khaosod បានបញ្ជាក់ថា ៖ កាលពីថ្ងៃចន្ទ ទី២១ ខែកក្កដា លោក Bamrung Lorcharoenwatchai ដែលជាប្រធានសភាពាណិជ្ជកម្ម និងជាប្រធានសមាគមនាំចេញ នៅខេត្តស្រះកែវ (Sao Kaeo) បានលើកឡើងថា បន្ទាប់ពីប្រទេសថៃបានអនុវត្តវិធានការរឹតត្បិតការបើក-បិទច្រកព្រំដែនជាមួយប្រទេសកម្ពុជា អស់រយៈពេលជាង១ខែមកនេះ ប្រជាជនឥឡូវកំពុងរងទុក្ខលំបាកខ្លាំងក្រៃលែង។

លោក Bamrung បាននិយាយដូច្នេះថា «នាពេលនេះ ខ្ញុំសូមអំពាវនាវឱ្យលុបចោលវិធានការនេះវិញ។ ចូរឈប់លេងល្បែងទម្លាក់កំហុសតទៀតទៅ វាគ្មានផ្តល់ប្រយោជន៍ណាមួយឡើយ។ សូមមេត្តាពិចារណាបើកច្រកព្រំដែនឱ្យដូចប្រក្រតីវិញ។ អ្នកនឹងមិនបាក់មុខមាត់ឡើយ ផ្ទុយទៅវិញ អ្នកនឹងទទួលបានការកោតសរសើរនិងសាទរ ពីសំណាក់ប្រជាជន ដែលរស់នៅអាស្រ័យផល ដោយសារការធ្វើពាណិជ្ជកម្មតាមច្រកព្រំដែន»។

លោក Bamrung បានបន្តថា «រដ្ឋាភិបាលថៃ គួរតែព្យាយាមជួយប្រជាជននៅតំបន់ព្រំដែន ហើយពួកគេនឹងទទួលបានការគាំទ្រ ពីប្រជាជនទាំងនោះត្រឡប់ទៅវិញ។ ទោះបីមានមនុស្សមួយចំនួនរិះគន់ក៏ដោយ ទុកឱ្យអ្នកទាំងអស់នោះបន្តរិះគន់ទៅចុះ ព្រោះពួកគេមិនយល់ទេបញ្ហានៅព្រំដែនទេ ហើយភាគច្រើននៃពួកគេ គឺរស់នៅយ៉ាងសុខស្រួលតាមទីក្រុង ខណៈប្រជាជននៅទីនេះ បាននិងកំពុងជួបទុក្ខលំបាកច្រើនសប្តាហ៍ហើយ»។

លោកប្រធានសភាពាណិជ្ជកម្មខេត្តស្រះកែវ បានបន្ថែមទៀតថា «ប្រសិនបើថៃព្រមបើកច្រកព្រំដែនដូចដើមវិញនោះ កម្ពុជាក៏នឹងត្រៀមបើកវិញភ្លាមៗដែរ ហើយវានឹងបញ្ចប់បញ្ហាត្រឹមតែប៉ុននេះ។ ឥឡូវពួកយើងចាំបាច់ត្រូវឈប់ទម្លាក់កំហុសរកអ្នកណា ខុសអ្នកណាត្រូវធ្វើអីទៀត យើងត្រូវផ្តោតលើប្រជាជនយើងក្នុងតំបន់ជាសំខាន់សិន។ រយៈពេលជាង១ខែមកនេះ ដោយគ្មានការធ្វើពាណិជ្ជកម្ម យើងបានខាតបង់រាប់ពាន់លានបាតរួចស្រេចទៅហើយ»។ 

ជាចុងក្រោយ លោក Bamrung បានសង្កត់ធ្ងន់ថា «មនុស្សភាគច្រើនមិនដឹងច្បាស់អំពីការខូចខាតច្រើនប៉ុណ្ណាទេ ដែលបានកើតឡើង ប៉ុន្តែបើអ្នកណាចង់ដឹងច្បាស់នោះ អាចមកមើលផ្សារ Rong Klua, ផ្សារ Aranyaprathet, ផ្សារ Sa Kaeo និងផ្សារ Watthana Nakhon ជាដើមបាន គឺសុទ្ធតែស្ងាត់ជ្រាបទាំងអស់។ ពីមុនមក សេដ្ឋកិច្ចយើងរីកលូតលាស់ដោយគ្មានបញ្ហា ដោយសារពាណិជ្ជកម្មតាមព្រំដែនជាមួយកម្ពុជា។ ឥឡូវដោយពាណិជ្ជកម្មតាមព្រំដែន នៅជាប់គាំងបែបនេះ ពួកយើងកំពុងរងទុក្ខ។ រដ្ឋាភិបាលគួរតែបែងចែកឱ្យដាច់រវាងបញ្ហាសន្តិសុខ និងពាណិជ្ជកម្ម ដើម្បីកុំឱ្យវិស័យពាណិជ្ជកម្មរងការខូចខាតដោយប្រយោល» ។ 

ដោយឡែក ប្រជាជនថៃនៅតំបន់ជាប់ព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តសុរិន្ទ សម្តែងការព្រួយបារម្ភអំពីស្ថានភាពបិទព្រំដែន និងទំនាក់ទំនងរវាងប្រទេសថៃ និងកម្ពុជា ។ ក្នុងនោះ អ្នកភូមិនៅតំបន់ជាប់ព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តសុរិន្ទ ប្រទេសថៃ បានសម្តែងការព្រួយបារម្ភអំពីស្ថានភាពដែលបណ្តាលមកពីការញុះញង់ ឲ្យមានចលាចលដែលអាចប៉ះពាល់ដល់ទំនាក់ទំនងរវាងប្រទេសថៃ និងកម្ពុជា។ ពួកគាត់បានស្នើដល់គ្រប់ភាគីទាំងអស់ កុំប្រើអំពើហិង្សា និងខ្វល់ខ្វាយពីកូនៗ និងរបៀបរស់នៅប្រចាំថ្ងៃរបស់ពួកគេ។

ប្រជាជនថៃ ដែលរស់នៅតាមព្រំដែនទាំងនោះ បានប្រាប់ដល់សារព័ត៌មានថៃថា ពួកគេមិនចង់ឲ្យមានការប្រយុទ្ធទាល់តែសោះ ដោយពួកគេត្រូវជម្លៀសចេញ ហើយបោះបង់ផ្ទះចោល។ ពួកគេបានព្រួយបារម្ភអំពីក្មេងៗ និងមនុស្សចាស់ដែលពួកគាត់លំបាកវេទនា។

ប្រជាជនថៃទាំងនោះ បានទទូចប្រាប់រដ្ឋាភិបាលឱ្យផ្សះផ្សា ដែលក្នុងនាមជាពលរដ្ឋខេត្តសុរិន្ទ ពួកគេមិនចង់ឲ្យប្រទេសទាំងពីរមានបញ្ហាទេ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print