ខេត្តពោធិ៍សាត់៖ យ៉ាងហោចបុរស២នាក់បានរងរបួសនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បុករះ ដែលបង្កឡើងដោយរថយន្តកាមរីឆ្លាមបើកបរក្នុងល្បឿនលឿនដូចហោះនៅក្នុងក្រុង ក៏បានជ្រុលទៅបុកម៉ូតូរួចហោះទៅបុកបន្តរថយន្ត១គ្រឿងទៀត បណ្ដាលឲ្យរបួសរដូករណេលនិងរងការខូចខាតមធ្យោបាយធ្វើដំណើរផងដែរ ប៉ុន្តែគិតមកដល់ត្រឹមថ្ងៃនេះ១សប្ដាហ៍គត់គេមិនទាន់ឃើញភាគីបង្កចូលខ្លួនមកដោះស្រាយនៅឡើយទេ។
ប្រភពព័ត៌មាននានាជុំវិញកន្លែងកើតហេតុបានលើកឡើងស្រឌៀងៗគ្នាថា មុនដំបូងគេឃើញបុរស២នាក់ធ្វើដំណើររួមគ្នាដោយម៉ូតូ១គ្រឿង ម៉ាកវ៉េវ ពណ៌ខ្មៅ គ្នានស្លាកលេខ បានធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៥ក្នុងទិសដៅពីទៅលិច លុះមកដល់ចំណុចខាងលើមិនដឹងយ៉ាងម៉េចស្រាប់តែម៉ូតូដួលកណ្ដាលទ្រូងផ្លូវ គ្រានោះស្រាប់តែមានរថយន្ត១គ្រឿងម៉ាកកាមរីឆ្លាម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2D-4472 ដែលកំពុងបោះពួយក្នុងល្បឿនយ៉ាងលឿនដូចហោះមកពីទិសខាងលិចទៅកើតបានបុកពេញទំហឹង រួចរេចង្កូតមកឆ្វេងដៃបន្តទៅមុខជិត១០០ម៉ែត្រទៀតក៏បុករថយន្ត១គ្រឿងម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2D-9141 ពេញទំហឹងបន្ថែមទើបអស់ខ្យល់ ដែលកំពុងធ្វើដំណើរបញ្រ្ចាស់ទិសគ្នាពីកើតទៅលិច បណ្ដាលឲ្យបុរសភាគីម៉ូតូរងរបួស២នាក់ និងរងការខូចខាតម៉ូតូ១គ្រឿង,រថយន្ត២គ្រឿងផងដែរ។
សមត្ថកិច្ចនគរបាលចរាចរណ៍ក្រុងពោធិ៍សាត់បានឲ្យដឹងថាជនរងរបួសភាគីម៉ូតូទី១-ឈ្មោះ គង់ ខេមរិទ្ធ អាយុ ២៨ឆ្នាំ រស់នៅភូមិរ៉ា សង្កាត់ផ្ទះព្រៃ ក្រុង-ខេត្តពោធិ៍សាត់(បើកម៉ូតូ) និងអ្នករួមដំណើរឈ្មោះ កុយ អាយុ ៣០ឆ្នាំ រស់នៅភូមិ-សង្កាត់ជាមួយគ្នា។
ប្រភពពីនគរបាលបន្តថា អ្នកបើកបររថយន្តបង្កឈ្មោះ ឈុន វីរ៉ា អាយុ ៥២ឆ្នាំ (រស់នៅរាជធានីភ្នំពេញ)។ ចំណែកអ្នកបើកបររថយន្តសាំយ៉ុងឈ្មោះ ទូច ស៊ីថា អាយុ៣៦ឆ្នាំ រស់នៅភូមិ-ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់។ ប្រភពដដែលបន្តទៀតថា វត្ថុតាងម៉ូតូ១គ្រឿងនិងរថយន្តចំនួន២គ្រឿង ដែលរងការខូចខាតយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ដើម្បីរងចាំធ្វើការដោះស្រាយបន្តតាមនីតិវិធី ប៉ុន្តែបើគិតមកដល់ត្រឹមថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦នេះ គឺមានរយៈពេលមួយសប្ដាហ៍ហើយពុំទាន់ឃើញភាគីណាមកសម្របសម្រួលគ្នានៅឡើយទេ។
គួររំលឹកថា ហេតុការណ៍នេះបានកើតឡើងតាំងពីវេលាម៉ោង២០និង៤០នាទីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦មកម៉្លេះ នៅលើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិរ៉ា សង្កាត់ផ្ទះព្រៃ ក្រុង-ខេត្តពោធិ៍សាត់៕
ដោយ៖ ប៉ឹម ពិន