កូនស្រីមេយោធាមួយរូបឈ្មោះស្រីពេជ្រ ត្រូវបានគេចាត់ទុកថា គាត់គឺជាមេឈ្មួញដ៏ធំក្នុងមុខរបរដឹកជញ្ជូនឈើខុសច្បាប់ ចេញពីតំបន់អូរាំង មកស្តុកទុកនៅស្រុកកែវសីមា ខេត្តមណ្ឌលគិរី និងបន្តដឹកជញ្ជូនទៅប្រទេសវៀតណាមទាំងយប់ ទាំងថ្ងៃ តាមច្រករបៀងមួយកន្លែងនៅជិតច្រកឡាប៉ាខេ ។ គេបានបង្ហើបឲ្យដឹងថា ក្នុងមួយថ្ងៃៗ ស្រីពេជ្រ បានដឹកជញ្ជូនឈើចាប់ពី៣០ឡានទៅ៥០ឡាន ប្រភេទជារថយន្តកាមរី ឡង់គ្រីស័រ ឡិចស៊ីស សម្រាប់ជាមធ្យោបាយដឹកជញ្ជូន ជាពិសេសបើទោះជាទាំងនេះជាបទល្មើសក៏ដោយ គឺខាងសមត្ថកិច្ចជំនាញរដ្ឋបាលព្រៃឈើមិនអើពើ ខណៈការដឹកជញ្ជូននេះ បើកកាត់នឹងស្នាក់ការព្រៃឈើកែវសីមានេះតែម្តង ។
ស្រីពេជ្រ មានមុខរបរល្មើសច្បាប់នេះជាយូរមកហើយ ក្នុងនោះ គេបានចាត់ចែងជាមួយនឹងសមត្ថកិច្ចជាច្រើនស្ថាប័ន បន្ទាប់ពីបើកភ្លើងខៀវដោយរដ្ឋបាលព្រៃឈើ ។ ជាទម្លាប់ ឈ្មួញរូបនេះ បានប្រមូលទិញឈើប្រណីតនៅអូររាំង រួចហើយដឹកជញ្ជូនតាមង៉ាំដី និតាមង៉ាំបាតឹង ឆ្លងទៅវៀតណាម តាមច្រករបៀង ជិតនឹងច្រកឡាបាខេ ស្រុកកែវសីមា ។ អ្នកស្រុករិះគន់ថា ឪពុកជាមេយោធា កូនជាមេឈ្មួញឈើល្មើសច្បាប់ សុទ្ធតែក្រុមបំផ្លាញកិត្តិយសអង្គភាពស្ថាប័នរដ្ឋ និងធ្វើឲ្យប្រជាពលរដ្ឋស្អប់ខ្ពើមចំពោះភាពមានបានដោយទង្វើខុសច្បាប់ ។ នៅក្នុងស្រុកអូររាំង ក៏ដូចជាស្រុកកែវសីមា ស្រីពេជ្របានចេញមុខដឹកជញ្ជូនឈើទាំងយប់ ទាំងថ្ងៃបន្តកន្ទុយគ្នាទាំងខ្សែៗ នៅចំពោះមុខសមត្ថកិច្ច ក៏ដូចជាឆ្លងកាត់មុខស្នាក់ការរដ្ឋបាលព្រៃឈើជាដើម ។ ប្រជាពលរដ្ឋរិះគន់ថា អស់លោកសមត្ថកិច្ច និងមេព្រៃ យកចិត្តទុកដាក់បានត្រឹមតែការបង្ក្រាបចាប់ប្រជាពលរដ្ឋដឹកឈើធ្វើផ្ទះបន្តិចបន្តួចតែប៉ុណ្ណោះ ។ ដោយឡែកក្រុមឈ្មួញ ដឹកជញ្ជូនឈើប្រណីតលក្ខណៈទ្រង់ទ្រាយធំ មិនត្រឹមតែសមគំនិតជួយការពារប៉ុណ្ណោះទេ កំពុងចាត់ទុកថា ការដឹកជញ្ជូនឈើនេះ គឺជាប្រភពសេដ្ឋកិច្ច ឆ្នាំងបាយរបស់ពួកគេយ៉ាងខ្លាំងផងដែរ ។
វិធានការរបស់រដ្ឋាភិបាលរិតបន្តឹងការកាប់បំផ្លាញព្រៃឈើ ដឹកជញ្ជូន ប៉ុន្តែសមត្ថកិច្ចជាច្រើនបានពាក់ព័ន្ធនឹងបទល្មើសនេះ ដូចជាស្រីពេជ្រ កូនមេយោធា កំពុងតែមានមោទនភាពសម្រាប់ការចាយវាយ ជះទៅលើសមត្ថកិច្ច ក៏ដូចជាអាងខ្នងបង្អែកឪពុករបស់ខ្លួនជាមេសមត្ថកិច្ច ។ ប្រជាពលរដ្ឋសំណូមពរឲ្យមានការបង្ក្រាបក្រុមឈ្មួញប្រភេទនេះ ទើបវិធានការទប់ស្កាត់បទល្មើសព្រៃឈើអាចនឹងទទួលបានលទ្ធផល ៕
ខ្សឹបដាក់ត្រចៀក
...