យន្តហោះរុស្ស៊ីដឹកមនុស្ស ៥០នាក់ ធា្លក់នៅតំបន់ Amur គ្មានអ្នកនៅរស់នោះទេ

ចែករំលែក៖

ទីភ្នាក់ងារព័ត៌មាន Interfax របស់រុស្ស៊ីបានផ្សាយថា យន្តហោះមួយគ្រឿងដែលផ្ទុកមនុស្សប្រហែល 50 នាក់បានបាត់ខ្លួន ខណៈកំពុងហោះហើរពីលើតំបន់ Amur ភាគខាងកើតប្រទេសរុស្ស៊ី។ យោងតាមការអាប់ដេតពីទីភ្នាក់ងារព័ត៌មាន TASS ទិន្នន័យបឋមបង្ហាញថាគ្មាននរណាម្នាក់រួចផុតពីគ្រោះថ្នាក់នេះទេ។
យោងតាមទីភ្នាក់ងារព័ត៌មាន Reuters នៅវេលាថ្ងៃត្រង់ ថ្ងៃទី២៤ ខែកក្កដា យន្តហោះដឹកអ្នកដំណើរ An-24 ដែលមានមនុស្សប្រហែល ៥០នាក់នៅលើនោះ បានបាត់បង់ការទាក់ទងជាមួយការគ្រប់គ្រងចរាចរណ៍ផ្លូវអាកាស ខណៈកំពុងហោះហើរពីលើតំបន់ Amur ភាគខាងកើតប្រទេសរុស្ស៊ី ។
SHOT ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យរបស់រុស្ស៊ី ដែលប្រតិបត្តិការជាចម្បងលើបណ្តាញទំនាក់ទំនងសង្គមដូចជា Telegram ជាដើម។ SHOT ជារឿយៗរាយការណ៍ព័ត៌មានដ៏រំជើបរំជួល អំពីព្រឹត្តិការណ៍បច្ចុប្បន្ន គ្រោះថ្នាក់ ឧក្រិដ្ឋកម្ម ឬស្ថានភាពអាសន្ននៅក្នុងប្រទេសរុស្ស៊ី។
SHOT បានផ្សាយថា យន្តហោះដែលដំណើរការដោយក្រុមហ៊ុន Angara Airlines កំពុងធ្វើដំណើរទៅកាន់ទីប្រជុំជន Tynda ក្នុងតំបន់ Amur ដែលជាប់ព្រំដែនប្រទេសចិន។ យន្តហោះនេះត្រូវបានគេជឿថាមានចម្ងាយតែប៉ុន្មានគីឡូម៉ែត្រពីគោលដៅរបស់វានៅពេលដែលបាត់ការទាក់ទង។ ស្ថានភាពរបស់យន្តហោះ ក៏ដូចជាអ្នកដំណើរ និងនាវិក មិនទាន់ដឹងនៅឡើយទេ។
អភិបាលតំបន់ លោក Vasily Orlov បាននិយាយថា ការស្វែងរកកំពុងដំណើរការ។ យោងតាមទិន្នន័យបឋម អ្នកដំណើរនៅលើយន្តហោះមាន 43 នាក់ រួមទាំងកុមារ 5 នាក់ រួមជាមួយសមាជិកនាវិក 6 នាក់ផងដែរ។
គាត់បានសរសេរនៅលើ Telegram ថា “កងកម្លាំង និងមធ្យោបាយចាំបាច់ទាំងអស់ត្រូវបានប្រមូលផ្តុំដើម្បីស្វែងរកយន្តហោះ” ។ ទន្ទឹមនឹងនេះ ក្រសួងគ្រាអាសន្នក្នុងតំបន់បានប៉ាន់ប្រមាណថា ចំនួនមនុស្សនៅលើយន្តហោះមានតិចជាងនេះ គឺប្រហែល ៤០នាក់។
នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters នៅវេលាម៉ោង ១ និង ៤១ នាទីរសៀល។ ថ្ងៃទី ២៤ ខែកក្កដា បំណែកយន្តហោះត្រូវបានរកឃើញនៅតំបន់ Amur ភាគខាងកើត។
មន្ត្រីសេវាសង្គ្រោះបន្ទាន់បានប្រាប់រ៉យទ័រថា ឧទ្ធម្ភាគចក្រជួយសង្គ្រោះបានប្រទះឃើញតួយន្តហោះកំពុងឆេះ។ ទីភ្នាក់ងារព័ត៌មាន TASS បានផ្សាយថា មិនមានអ្នកនៅរស់រានមានជីវិតនៅក្នុងឧបទ្ទវហេតុនេះទេ នេះបើយោងតាមទិន្នន័យបឋម៕

...

រូបថត​: Tasnim

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print