កម្លាំងទាហ៊ានរុស្ស៊ី ក្រោមការដឹកនាំរបស់លោកពូទីន បានធ្វើសមយុទ្ធជាបន្តបន្ទាប់ក្នុងនោះមានសមយុទ្ធទ្រង់ទ្រាយធំ ដែលមិនប្រកាសឲ្យដឹងជាមុន ធ្វើឲ្យសម្ព័ន្ធមិត្តយោធាណាតូព្រួយបារម្ភយ៉ាងខ្លាំងពីការវាយប្រហារ។
លោក Alexander Vershbow អគ្គលេខាធិការរងណាតូ បានបង្ហាញក្តីបារម្ភលើសកម្មភាពគំរាមកំហែងរបស់រុស្ស៊ីដល់ដំបន់អឺរ៉ុបទាំងមូល ។ លោក បន្តទៀតថា រុស្ស៊ីបានធ្វើសមយុទ្ធរាប់សិបឡើងក្នុងរយៈពេលពីរឆ្នាំកន្លងមក ហើយសមយុទ្ធនោះមិនបានប្រកាសឲ្យដឹងជាមុនឡើយ។
លោក Alexander Vershbow បញ្ចាក់ថា រុស្ស៊ីគួរតែបើកជំហរព័ត៌មានស្តីពីសកម្មភាពធ្វើសមយុទ្ធរបស់ខ្លួន ដើម្បីបញ្ចៀសការការយល់ច្រឡំថា បានគម្រាមកំហែងដល់អឺរ៉ុប។ ប្រទេសដែលជាសមាជិកណាតូ ដូចជាប៉ូឡូញ និងរ៉ូម៉ានី បង្ហាញការមិនពេញចិនចំពោះសកម្មភាពយោធារបស់រុស្ស៊ីនៅជិតព្រំដែនរបស់ខ្លួន។
កន្លងមកថ្មីៗ រុស្ស៊ីក៏បានបានចាប់ផ្តើមធ្វើសមយុទ្ធជាទ្រង់ទ្រាយធំ នៅជាប់ព្រំដែនប្រទេសអ៊ុយក្រែន បង្កជាក្តីព្រួយបារម្ភយ៉ាងខ្លាំងដល់ប្រទេសអ៊ុយក្រែន ដែលកំពុងតែមានភាពតានតឹងជាមួយរុស្ស៊ី ។ ការធ្វើសមយុទ្ធរបស់រុស្សីគឺដូចជាការត្រៀមលក្ខណៈវាយប្រហារគ្រប់គ្រងប្រទេសអ៊ុយក្រែន ទាំងមូល ។
កាលពីថ្ងៃទី២៥ ខែសីហា រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ីលោក Sergei Shoigu ប្រកាសថា ការធ្វើសមយុទ្ធជាបន្ទាន់នេះគឺធ្វើតាមការបញ្ជារបស់ប្រធានាធិបតីពូទីន។ លោកបន្តទៀតថា តាមការសម្រេចរបស់អគ្គមេបញ្ជាការកងទ័ពរុស្ស៊ីលោកវ្លាឌឺមៀ ពូទីន បានចេញបញ្ជាឲ្យចាប់ផ្តើមធ្វើសមយុទ្ធជាទ្រង់ទ្រាយធំដែលការធ្វើសមយុទ្ធនោះមានកម្លាំងទាហ៊ាននិងអាវុធទំនើបៗជាច្រើនចូលរួមក្នុងនោះមានទាំងកម្លាំងឆត្រយោងទៀតផង ។
ការធ្វើសមយុទ្ធកើតឡើងនៅតាមបណ្តោយព្រំដែនជាប់ប្រទេសអ៊ុយក្រែន និងប្រទេសនៅក្នុងតំបន់បាល់ទិកជាសមាជិករបស់ណាតូ ។ សមយុទ្ធនោះបានអូសបន្លាយរហូតដល់ដំណាច់ខែសីហា។ យុទ្ធសាស្ត្រនៅក្នុងការធ្វើសមយុទ្ធនោះគឺជាការត្រួតពិនិត្យកម្លាំងប្រដាប់អាវុធប្រចាំនៅតំបន់ភាគខាងត្បូងដើម្បីដោះស្រាយបន្ទាន់ ពេលមានសង្គ្រាមកើតឡើង ។
ក្រសួងការពារជាតិរុស្ស៊ីបានឲ្យដឹងថា ការធ្វើសមយុទ្ធនោះគឺជាការត្រួតពិនិត្យសមត្ថភាពធ្វើសង្គ្រាមក្នុងពេលដែលពិភពលោកកំពុងតែប្រឈមមុខនឹងសង្គ្រាមជាទ្រង់ទ្រាយធំ៕
ប្រែសម្រួល៖ ម៉ែវ សាធី