ខេត្តព្រះវិហារ៖ លោកកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បន្តអញ្ជើញសួរសុខទុក្ខ និងរៀបចំទីតាំងសម្រាប់ទទួលជនភៀសសឹកដែលបន្តជម្លៀសពីតំបន់ប្រឈម ក្នុងខេត្តព្រះវិហារ ខណៈមកទល់ពេលនេះជនភៀសសឹកកើនឡើងរាប់ម៉ឺននាក់។
នាថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ លោកកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពស្នាក់នៅជាក់ស្តែងរបស់ជនភៀសសឹក នៅវត្តពោធិ៍៥០០០ដើម ស្រុកគូលែន ខេត្តព្រះវិហារ ដើម្បីរៀបចំទីតាំងទទួលការបន្តជម្លៀសជនភៀសសឹកពីតំបន់ប្រឈមតាមបន្ទាត់ព្រំដែន។
ការចុះពិនិត្យនេះ មានការចូលរួមពី លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ, អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងទាំងបី។
នាឱកាសនោះ លោកទេសរដ្ឋមន្រ្តី គន់ គីម បាននាំយកការផ្តាំផ្ញើសាកសួរសុខទុក្ខរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ជូនបងប្អូនប្រជាពលរដ្ឋជាជនភៀសសឹកទាំងអស់ ដែលត្រូវបានជម្លៀសដោយការវាយប្រហារ ឈ្លានពានរបស់កងទ័ពថៃ។
ក្នុងនាមសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោកទេសរដ្ឋមន្រ្តី គន់ គីម បញ្ជាក់ថា យោងតាមសភាពការណ៍នេះ រាជរដ្ឋាភិបាលបន្តរក្សាគោលជំហរ និងភាពម៉ឺងម៉ាត់ដាច់ខាចការពារបូរណភាពទឹកដីពីការឈ្លានពានរបស់កងទ័ពថៃ ពិសេសមិនភ្លេចឡើងការគិតគូរយ៉ាងយកចិត្តទុកដាក់ចំពោះសុវត្ថិភាព និងអាយុជីវិតរបស់បងប្អូនជនភៀសសឹកទាំងអស់ដែលបានជម្លៀសចេញពីព្រំដែនកម្ពុជា ថៃ។
ចំពោះមណ្ឌលសុវត្ថិភាពនៅវត្តពោធិ៍៥០០០ដើម លោកទេសរដ្ឋមន្រ្តី គន់ គីម ថ្លែងថា ស្របពេលចំនួនភៀសសឹកកើនឡើង រាជរដ្ឋាភិបាលតាមរយៈរដ្ឋបាលខេត្តព្រះវិហារបាននាំយកអំណោយបញ្ជូនទៅជនភៀសសឹកជាបន្តបន្ទាប់ ដើម្បីធានាដល់ការស្នាក់នៅបណ្តោះអាសន្នអំឡុងការឈ្លានពានរបស់ថៃនៅតែអូសបន្លាយ។
ជនភៀសសឹក បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលដែលបានយកចិត្តទុកដាក់រៀបចំទីតាំង និងផ្តល់អំណោយជាបន្តបន្ទាប់ជូនពួកគាត់។
អំឡុងពេលចុះពិនិត្យនេះ លោកទេសរដ្ឋមន្រ្តី គន់ គីម មានប្រសាសន៍ថា តបតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងតបតាមបទបញ្ជារបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានបញ្ជាដល់ក្រសួងពាក់ព័ន្ធ ដើម្បីបញ្ជូនអំណោយរបស់រាជរដ្ឋាភិបាភិបាល ជាស្បៀង មានដូចជា គ្រឿងឧបភោគ បរិភោគ និងសម្ភាៈប្រើប្រាស់ជាឃីត រួមមាន មុង ភួយ កន្ទេលជាដើម សម្រាប់ចែកជូនជនភៀសសឹក។
លោកទេសរដ្ឋមន្រ្តី គន់ គីម បានស្នើដល់រដ្ឋបាលខេត្ត អាជ្ញាធរមូលដ្ឋាន កងកម្លាំងទាំងអស់ និងមន្រ្តីពាក់ព័ន្ធត្រូវរៀបចំ និងដោះស្រាយនូវរាល់សេចក្តីត្រូវការបន្ទាន់ណាមួយជូនជនភៀសសឹក ពិសេសត្រូវតាមដានជាប់ប្រចាំចំពោះស្រ្តីមានផ្ទៃពោះ និងកុមារជាដើម។
បន្ថែមលើនេះ លោកទេសរដ្ឋមន្រ្តី គន់ គីម ណែនាំដល់ជនភៀសសឹកទាំងអស់ត្រូវថែទាំសុខភាពឱ្យបានល្អ ក្នុងករណីមានបញ្ហាឈឺស្កាត់ ឬត្រូវការសេវាពិនិត្យសុខភាពអាចទាក់ទងក្រុមគ្រូពេទ្យ និងអាជ្ញាធរមូលដ្ឋានដែលប្រចាំការនៅវត្តកំបោរ៕