រដ្ឋបាលខេត្តជាប់ព្រំដែនកំពុងស្រាក់ដៃគ្នាគាំពារពលរដ្ឋភៀសខ្លួន និងទទួលពលករវិលពីប្រទេសថៃ ប្រកបដោយភាពកក់ក្ដៅ និងស្មារតីម្ចាស់ការ!

ចែករំលែក៖

ភ្នំពេញ ៖ ស្របតាមគោលការណ៍ណែនាំ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយប្រតិភាណឈ្លាសវៃ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លោក លោកស្រី ជាអភិបាលខេត្តជាប់ព្រំដែន និងខេត្តពាក់ព័ន្ធ បាននិងកំពុងសកម្មស្រាក់ដៃគ្នាទទួលគាំពារពលរដ្ឋភៀសខ្លួនពីតំបន់ប៉ះទង្គិចអាវុធ និងទទួលសម្របសម្រួលដំណើរវិលចូលប្រទេសរបស់ប្រជាពលរដ្ឋ រួមទាំងពលករពីប្រទេសថៃ។

លោក រ៉េន រតនៈ អ្នកនាំពាក្យលោកអភិសន្តិបណ្ឌិត បានគូសបញ្ជាក់នៅថ្ងៃទី២៥ ខែកក្កដានេះថា ស្របតាមបទបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់ សម្ដេចធិបតីនាយករដ្ឋមន្ត្រី លោកអភិសន្តិបណ្ឌិត បានណែនាំរដ្ឋបាលខេត្តជាប់ព្រំដែន ផ្ដល់កិច្ចសហការគាំទ្រកម្លាំងកងយោធពលខេមរភូមិន្ទ និងនគរបាលការពារព្រំដែន ត្រៀមលក្ខណៈជម្លៀសពលរដ្ឋមកកាន់តំបន់មានសុវត្ថិភាព និងចាត់មន្ត្រីប្រចាំការសម្របសម្រួលដំណើរវិលពីប្រទេសថៃ របស់ប្រជាពលរដ្ឋខ្មែរ ចាប់តាំងពីពេលមានភាពតានតឹងតាមខ្សែបន្ទាត់ព្រំដែន ក្រោយកងទ័ពថៃឆ្មក់បាញ់ប្រហារ មកលើកងទ័ពកម្ពុជា នៅតំបន់មុំបី មកម្ល៉េះ។

អ្នកនាំពាក្យដដែលបានឱ្យដឹងថា ចាប់ពីពេលនោះរហូតមានការប៉ះទង្គិចទ្រង់ទ្រាយធំពីថ្ងៃម្សិលមិញមកដល់ថ្ងៃនេះ លោក លោកស្រី អភិបាលខេត្តជាប់ព្រំដែន ក៏បាននិងកំពុងម្ចាស់ការ យកចិត្តទុកដាក់ខ្ពស់ជាប់ជាប្រចាំ ដោយបានរៀបចំទីតាំង សុវត្ថិភាពជាបន្តបន្ទាប់ និងសម្របសម្រួលការស្នាក់នៅបណ្ដោះអាសន្នរបស់ពលរដ្ឋភៀសខ្លួន ទាំងក្នុងខេត្តជាប់ព្រំដែន និងខេត្តជាប់ព្រំប្រទល់ជាមួយខេត្តជាប់ព្រំដែន។ ជាក់ស្ដែងរដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី២៤កក្កដាម្សិលមិញ បានជូនដំណឹងពីការត្រៀមទទួលពលរដ្ឋភៀសខ្លួនពីខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ។

បន្ថែមលើនេះ បើតាមអ្នកនាំពាក្យដដែល នៅពេលដែលរដ្ឋបាលខេត្តជាប់ព្រំដែន បាននិងកំពុងយកចិត្តទុកដាក់គាំពារពលរដ្ឋភៀសខ្លួនមកកាន់តំបន់សុវត្ថិភាពនោះ រដ្ឋបាលរាជធានី ខេត្តផ្សេងៗទៀត ក៏បានផ្ដល់ការគាំទ្រជាអាទិ៍ ជំនួយស្បៀងអាហារ ក្រុមគ្រូពេទ្យនិងឱសថ ព្រមទាំងសម្ភារៈប្រើប្រាស់ចាំបាច់ផ្សេងៗ។ ជាក់ស្ដែងរដ្ឋបាលខេត្តកំពង់ធំ នៅថ្ងៃនេះបានដឹកនាំក្រុមគ្រូពេទ្យជិត២០រូប អ្នកស្ម័គ្រចិត្ត រួមទាំងឱសថចាំបាច់មួយចំនួនទៀត ទៅគាំទ្រការពិនិត្យព្យាបាលជំងឺជូនពលរដ្ឋនៅតំបន់សុវត្ថិភាព ក្នុងខេត្តព្រះវិហារ។

ដោយឡែកនៅថ្ងៃនេះដែរ រដ្ឋបាលខេត្តប៉ៃលិន ក៏បានប្រកាសជូនសាធារណជន និងអំពាវនាវជាពិសេសប្រជាពលរដ្ឋខ្មែរ ជាពលករនៅប្រទេសថៃ បើពុំមានការចាំបាច់ណាស់ណាទេ សូមធ្វើដំណើរវិលត្រឡប់មកកាន់មាតុប្រទេស ដោយរដ្ឋបាលខេត្តត្រៀមសម្របសម្រួលទាំងអ្នកមាននិងគ្មានឯកសារ ផ្ដល់អាហារសំរន់ និងរថយន្តក្រុងជូនទៅស្រុកកំណើតដោយឥតគិតថ្លៃទូទាំងប្រទេស។ រដ្ឋបាលខេត្តប៉ៃលិន ថែមទាំងផ្ដល់លេខទំនាក់ទំនង សម្រាប់ពលរដ្ឋ ឬពលករ ដែលចង់វិលត្រឡប់ ប៉ុន្តែខ្វះខាតថវិកា ឬថៅកែមិនបើកប្រាក់ខែឱ្យទៀតផង។

ជាមួយគ្នានេះដែរ លោក រ៉េន រតនៈ ក៏បានគូសបញ្ជាក់បន្ថែម អំពីបេសកកម្មរបស់កម្លាំងនគរបាលជាតិ ពោលគឺទន្ទឹមគ្នានិងកម្លាំងនគរបាលការពារព្រំដែន ដែលបាននិងកំពុងសហការប្រកៀកស្មាគាំទ្រកងយោធពលខេមរភូមិន្ទការពារបូរណភាពទឹកដីនោះ កម្លាំងនគរបាលតាមស្នងការដ្ឋាននគរបាល អធិការដ្ឋាននគរបាល និងប៉ុស្តិ៍នគរបាលរដ្ឋបាល ព្រមទាំងបណ្ដាលច្រកទ្វារព្រំដែន ក៏បានទទួលគោលការណ៍ណែនាំពី លោកអភិសន្តិបណ្ឌិត ដឹកនាំបញ្ជាអនុវត្តដោយអគ្គស្នងការនគរបាលជាតិ សហការចូលរួមគាំទ្រគណៈបញ្ជាការឯកភាពរដ្ឋបាលគ្រប់ថ្នាក់ ទាំងការសម្របសម្រួលពលរដ្ឋវិលពីក្រៅប្រទេស ការជម្លៀស និងការគាំពារពលរដ្ឋនៅតាមតំបន់សុវត្ថិភាព។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាទូទាំងប្រទេស ក្រោមមគ្គុទេសដឹកនាំតម្រង់ទិសប្រកបដោយបទពិសោធន៍ជ្រៅជ្រះពី សម្ដេចតេជោ ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បាននិងកំពុងម្ចាស់ការក្នុងបេសកកម្មការពារបូណភាពទឹកដី និងអធិបតេយ្យភាពជាតិ។ កម្ពុជា ឆ្លើយតបយ៉ាងមានប្រសិទ្ធភាព និងម៉ឺងម៉ាត់បំផុតចំពោះអំពើឈ្លានពានរបស់កងទ័ពថៃ។ ប្រជាពលរដ្ឋទូទាំងប្រទេសក៏បានបង្ហាញស្មារតីបេះដូងខ្មែរដើរក្នុងចង្វាក់តែមួយ រួបរួមសាមគ្គី បង្ហាញឆន្ទៈ ផ្ដល់ការគាំទ្រជំនួយស្បៀងអាហារ ដល់កងកម្លាំង ទាំងកម្លាំងកងយោធពលខេមរភូមិន្ទ កម្លាំងនគរបាលការពារព្រំដែន រួមទាំងគាំទ្រអាជ្ញាធរមូលដ្ឋាន ដែលបាននិងកំពុងយកចិត្តទុកដាក់គាំពារសុវត្ថិភាពពលរដ្ឋភៀសខ្លួន៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print