រាជធានីភ្នំពេញ ៖ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ នេះ សមត្ថកិច្ចនៃក្រុមការងារ Hotline Scam 24/7 នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឃាត់ខ្លួនយុវជនម្នាក់ឈ្មោះ ស.ល.ហ ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅស្រុកវ៉ារិន ខេត្តសៀមរាប ដែលបានបង្ហោះវីដេអូសារសំឡេងអនាមិកមួយ ដោយញុះញង់ឲ្យប្រជាពលរដ្ឋដែលរស់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ចាកចេញពីលំនៅឋាន ។
ប្រតិបត្តិការនេះ តាមបទបញ្ជាផ្ទាល់ពី នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងដោយមានការចង្អុលដឹកនាំផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក ជា ពៅ អគ្គស្នងការរងនគរបាលជាតិ និងជាប្រធានក្រុមការងារ Hotline Scam 24/7 សហការជាមួយលោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដោយមានការសម្របសម្រួលពីអយ្យការអមសាលាដំបូងខេត្តសៀមរាប ។
បន្ទាប់ពីការសាកសួរបំភ្លឺពីយុវជនខាងលើនេះបានឆ្លើយសារភាពថា ការបង្ហោះវីដេអូសារសំឡេងពិតជាពុំមានប្រភពច្បាស់លាស់នោះទេ ។
អគ្គស្នងការដ្ឋាននគរបាលជាតិ សូមអំពាវនាវដល់ប្រជាពលរដ្ឋដែលប្រើប្រាស់បណ្តាញសង្គម មេត្តាចូលរួមសហការទប់ស្កាត់ឲ្យបានម៉ឺងម៉ាត់រាល់ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយដែលបង្កភាពចលាចលអសន្តិសុខសណ្តាប់ធ្នាប់សង្គម ក្នុងកាលៈទេសៈដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងរារាំង និងទប់ស្កាត់ការរំលោភបំពានអធិបតេយ្យភាពកម្ពុជាពីប្រទេសជិតខាង ៕ជ្រោយពេជ្រ