ភ្នំពេញ៖ ផ្ទះល្វែងមួយកន្លែងនៅក្នុងភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញត្រូវបានអគ្គិភ័យឆាបឆេះបង្កឲ្យមានការភ្ញាក់ផ្អើលដល់រថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងទៅធ្វើអន្តរាគមន៍បាញ់ទឹកពន្លត់។ ហេតុការណ៍កើតមានអគ្គិភ័យនេះត្រូវបានម្ដាយអះអាងថាដោយសារកូនជាអ្នកដុត បន្ទាប់ពីខឹងសុំលុយមួយម៉ឺនរៀលមិនអោយ។ ហេតុការណ៍អគ្គិភ័យនេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១១និង២៥នាទីព្រឹក ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ ។
តាមប្រភពបានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញភ្លើងបានឆាបឆេះចេញពីជាន់ទី១ នៃអគារផ្ទះល្វែង មានផ្សែងហុយទ្រលោមបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយប្រជាពលរដ្ឋនៅក្បែរខាងនាំគ្នាជួយពន្លត់និងទាក់ទងទៅរថយន្តពន្លត់អគ្គិភ័យដើម្បីជួយធ្វើអន្តរាគមន៍។
តាមការបញ្ជាក់ពីស្ត្រីជាម្ចាស់ផ្ទះបានឲ្យដឹងថា មូលហេតុដែលបណ្ដាឲ្យកើតមានអគ្គិភ័យនេះ កូនប្រុសញៀនថ្នាំរបស់គាត់ជាអ្នកដុតដោយសារតែខឹងសុំលុយចំនួន ១ ម៉ឺនរៀលមិនឱ្យ។
តាមនគរបាលការិយាល័យបង្ការពន្លត់អគ្គីភ័យនិងសង្គ្រោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា នៅក្នុងហេតុការណ៍នេះរថយន្តពន្លត់អគ្គិភ័យចំនួន ៤គ្រឿងបានទៅធ្វើអន្តរាគមន៍បាញ់ទឹកពន្លត់ហើយភ្លើងក៏បានរលត់ទៅវិញពុំបណ្ដាលឱ្យឆេះរាលដាលដល់លំនៅឋាននៅក្បែរនោះឡើយ។
តាមនគរបាលបានឲ្យដឹងទៀតថា អគ្គិភ័យនេះបណ្ដាលឲ្យសម្ភារៈមួយចំនួននៅជាន់ទី១រងការខូចខាត តែពុំបណ្ដាលឲ្យមនុស្សរងរបួសឡើយ។នៅក្នុងហេតុការណ៍នេះដែរកូនប្រុសដែលដុតផ្ទះត្រូវបានសមត្ថកិច្ចឃាត់ខ្លួនផងដែរ៕ដោយ ៖ ភារ៉ា ដង្កោ