ភ្នំពេញ ៖ អនុវត្តតាមគោលការណ៍ណែនាំ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងក្រោមការដឹកនាំប្រកបដោយប្រតិភាណ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចាប់ពីព្រឹកព្រហាមថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥នេះ រដ្ឋបាលខេត្តជាប់ព្រំដែន និងកម្លាំងនគរបាលបាននិងកំពុងបន្តមមាញឹកទទួល និងដឹកពលករវិលត្រឡប់ពីប្រទេសថៃទៅស្រុកកំណើត និងទៅកាន់តំបន់សុវត្ថិភាព ស្របពេលថៃកំពុងបើកការឈ្លានពាន វាយប្រហារមកលើកម្ពុជា។ នេះបើតាម លោក រ៉េន រតនៈ អ្នកនាំពាក្យលោកអភិសន្តិបណ្ឌិត។
គួររំលឹកថា សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវប្រជាពលរដ្ឋ និងពលករខ្មែរទាំងអស់ ដែលធ្វើការនៅប្រទេសថៃ វិលត្រឡប់មកប្រទេសកំណើតវិញចាប់តាំងពីព្រឹត្តិការណ៍ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ដែលថៃលួចវាយប្រហារ និងសម្លាប់កងទ័ពខ្មែរម្នាក់នៅក្នុងតំបន់មុំបី ព្រមទាំងបានពង្រីកស្ថានការណ៍រហូតមានការផ្ទុះអាវុធ។
បើតាមរបាយការណ៍ដែលទទួលបានគិតត្រឹមថ្ងៃនេះ មិនក្រោម២០ករណីនោះទេ ដែលបងប្អូនជនជាតិខ្មែរស្លូតត្រង់ធ្វើការនៅប្រទេសថៃ ត្រូវបានក្រុមជ្រុលនិយមថៃ វាយធ្វើបាបយ៉ាងដំណំ និងកំពុងស្នើកិច្ចអន្តរាគមន៍ពីរដ្ឋាភិបាលកម្ពុជា។ បើតាមអ្នកនាំពាក្យដដែល ក្នុងកិច្ចប្រជុំបន្ទាន់នៅយប់ថ្ងៃទី២៥ ខែកក្កដា ម្សិលមិញនេះ លោកអភិសន្តិបណ្ឌិត ស សុខា ក៏បានបញ្ជាក់ពីករណីនេះ និងអះអាងថា អគ្គស្នងការដ្ឋាននគរបាលជាតិ បាននិងកំពុងសហការធ្វើការងារនេះជាមួយនគរបាលថៃ ដើម្បីបញ្ចៀសសកម្មភាពហិង្សាណាមួយលើពលរដ្ឋខ្មែរស្លូតត្រង់នៅប្រទេសថៃ៕
ដោយ ៖ សិលា