មិនអាចបំភ្លេចពីទឹកចិត្ត !  ក៏រំលឹកពីសម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យនាវា Westerdam ចូលចតក្នុងកំពង់ផែក្រុងព្រះសីហនុ នាសម័យកូវីដ-១៩ ដែលប្រទេសជាច្រើរើសអើង !

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា បានរំលឹកអំពីការអនុញ្ញាតឲ្យនាវា Westerdam ចូលចតក្នុងកំពង់ផែក្រុងព្រះសីហនុរបស់កម្ពុជា ដើម្បីជួយសង្រ្គោះជីវិតមនុស្សជាច្រើនរយនាក់ កាលពីជាង ៦ឆ្នាំមុន។
ការរំលឹកនេះ គ្រាដែលសម្តេចតេជោ ហ៊ុន សែន បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ នៅក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ១៣៧ នៃទិវាពលកកម្មអន្តរជាតិ ១ឧសភា និងពិធីបើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រ នៅខេត្តព្រះសីហនុ និងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៧០ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងជប៉ុន ដែលប្រារព្ធធ្វើឡើងនៅចំណតកំពង់ផែក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី ១ ខែឧសភា ឆ្នាំ ២០២៣នេះ។
អតីតនាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន បានរំលឹកថា កាលពីជាង ៦ឆ្នាំមុន កំពង់ផែក្រុងព្រះសីហនុរបស់កម្ពុជា បានធ្វើកិច្ចការដ៏សំខាន់មួយ នោះគឺការសង្រ្គោះជីវិតមនុស្សនៅលើនាវា Westerdam ឲ្យពួកគេមានសុវត្ថិភាព និងវិលត្រឡប់ទៅកាន់ប្រទេសរបស់ពួកគេរៀងៗខ្លួន ដែលនេះជាកាយវិការមនុស្សធម៌មួយរបស់កម្ពុជា។
សម្ដេចតេជោ ហ៊ុន សែន បានទទួលព័ត៌មានថា នាវា Westerdam នឹងវិលត្រឡប់មកកាន់ប្រទេសកម្ពុជា នៅចុងឆ្នាំ ២០២៣ ជាមួយនឹងការគម្រោងទុករបស់កំពង់ផែក្រុងព្រះសីហនុ ដើម្បីធ្វើផ្លាកសញ្ញាមួយបង្ហាញជាប្រវត្តិសាស្រ្ដ និងបង្ហាញអំពីការយកចិត្តទុកដាក់របស់កម្ពុជា ទៅលើសិទ្ធិរស់រានមានជីវិតរបស់មនុស្ស មិនមែនសម្រាប់តែប្រជាជនកម្ពុជានោះទេ។
សម្ដេចតេជោ ហ៊ុន សែន បានអរគុណដល់ថ្នាក់ដឹកនាំ បុគ្គលិក និងកម្មករ នៅកំពង់ផែក្រុងព្រះសីហនុ ដែលបានខិតខំជួយសង្រ្គោះនាវា Westerdam នាពេលនោះក្នុងឋានៈជាម្ចាស់ផ្ទះ ខណៈបណ្ដាប្រទេសផ្សេង មានការភ័យខ្លាចមិនព្រមឲ្យនាវានោះ ចូលចតឡើយ។
ជាថ្មីម្ដងទៀត ជាមួយភ្ញៀវទេសចរជិត២ពាន់នាក់ !
សូមបញ្ជាក់ថា ៖ ក្រោយទើបតែចាកចេញ ក្នុងរយៈពេលខ្លី នាវាទេសចរណ៍ Westerdam បានត្រឡបចូលចតនៅកំពង់ផែក្រុងព្រះសីហនុ ជាថ្មីម្ដងទៀត ជាមួយភ្ញៀវទេសចរជិត២ពាន់នាក់ នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ ។
កាលនោះបើតាមរបាយការណ៍ពីមន្ត្រីនគរបាលអន្តោប្រវេសន៍ ច្រកទ្វាអន្តរជាតិកំពង់ផែស្វយ័តក្រុងព្រះសីហនុ នាវាWesterdam បានចេញមកពីប្រទេសថៃ ហើយចូលចតនៅវេលាម៉ោង៧៖៤០នាទីព្រឹក ថ្ងៃព្រហស្បត្តិ៍នេះ ហើយនឹងចាកចេញទៅវិញនៅវេលាម៉ោង៩៖០០នាទី ថ្ងៃខែឆ្នាំដដែល។
នាវានេះ បានដឹកភ្ញៀវទេសចរចំនួន១,៨៧៣នាក់ ដោយក្នុងនោះមានស្ត្រីចំនួន៩៨៦នាក់ ហើយមាន៤៣សញ្ជាតិ។ ក្នុងនោះដែរ មាននាវិកចំនួន៧៧៦នាក់, ស្រីចំនួន១២៨នាក់ និង ៣៧សញ្ជាតិ។
ចំពោះសញ្ជាតិ ដែលមានភ្ញៀវទេសចរច្រើនជាងគេ គឺមកពីសហរដ្ឋអាមេរិកចំនួន៨៧០នាក់, កាណាដា២៨៩នាក់ និងចក្រភពអង់គ្លេសចំនួន១៩១នាក់។ ក្នុងចំណោមភ្ញៀវទេសចរបរទេស ដែលធ្វើដំណើរតាមនាវា Westerdam មានភ្ញៀវទេសចរចូលក្នុងប្រទេសកម្ពុជា ចេញទៅសៀមរាបមានចំនួន៥៩នាក់ ស្រី២៨នាក់ និងមាន៤សញ្ជាតិ។
ភ្ញៀវទេសចរបរទេស បានធ្វើដំណើរទស្សនកិច្ចនៅតាមទីប្រជុំជននានា ក្នុងក្រុងព្រះសីហនុ មានដូចជាទីប្រជុំជនផ្សារលើ តំបន់រមណីដ្ឋានវប្បធម៌ក្នុងខេត្តមានដូចជា វត្តឥន្ទញ្ញាណ វត្តជោតញ្ញាណ តំបន់នេសាទទំនប់រលក (ភូមិ៣) និងតាមតំបន់ឆ្នេរសមុទ្រ ក្នុងខេត្តព្រះសីហនុ ដោយមានការការពារសន្តិសុខ សុវត្ថិភាពព្រមទាំងការសម្របសម្រួល ពីអាជ្ញាធរក្រុង-ខេត្ត និងកងកម្លាំងប្រដាប់អាវុធ ប្រកបដោយសុវត្ថិភាព។
គូសបញ្ជាក់ថា កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣កន្លងទៅ នាវាទេសចរណ៍ Westerdam បានចូលចតនៅកំពង់ផែក្រុងព្រះសីហនុ ជាមួយភ្ញៀវទេសចរជាង២ពាន់នាក់។ នាពេលនោះ គេសង្កេតឃើញ ក្រសួងទេសចរណ៍បានសហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំពិធីទទួលអ្នកទេសចរ និងការរំលឹកខួប៣ឆ្នាំ នៃការសុំចតរបស់នាវា Westerdam នេះ។
អ្វីដែលពិសេសធ្វើឲ្យនាវាទេសចរណ៍ Westerdam ចងចាំប្រទេសតូចតែបេះដូងធំ កម្ពុជាមិនភ្លេចបែបនោះគឺ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ ២០២០កន្លងទៅនេះ ប្រទេសកម្ពុជា បានសម្រេចឲ្យ ក្រោយពីប្រទេស និងកោះចំនួន ៥ បានបដិសេធលើការស្នើសុំចត ដោយសារខ្លាចឆ្លងជំងឺកូវីដ-១៩ ខណៈពេលនោះ ជំងឺមួយនេះកំពុងមានការរាតត្បាតខ្លាំង៕

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print