ដោយយោងទៅតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឱ្យដឹងថា សេដ្ឋកិច្ចកម្ពុជាត្រូវបានគេព្យាករថានឹងនៅតែកើនឡើងសម្រាប់រយៈពេល២ឆ្នាំក្រោយដោយសារតែមានការជំរុញពីការនាំចេញសម្លៀក បំពាក់ សំណង់ និងសេវាកម្មផ្សេងៗ។
របាយការណ៍ម៉ាក្រូសេដ្ឋកិច្ចនៅពាក់ កណ្តាលឆ្នាំនេះបានឱ្យដឹងថា កំណើន ផលិតផលក្នុងស្រុកសរុប (GDP) ត្រូវ បានគេព្យាករថា នឹងកើនឡើងប្រហែលជា ៧ភាគរយនៅក្នុងឆ្នាំ២០១៦ហើយអត្រា ដូចគ្នានេះនឹងមាននៅក្នុងឆ្នាំ២០១៧។
លោក វង្សសេង វីសុទ្ធ រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានមាន ប្រសាសន៍ថាកំណើនសេដ្ឋកិច្ចសម្រាប់ឆ្នាំនេះ និងឆ្នាំក្រោយនឹងត្រូវបានជំរុញដោយការនាំចេញសម្លៀកបំពាក់ សំណង់ និង សេវាកម្មជាដើម។ ប៉ុន្តែលោកបានបន្ថែម ទៀតថា វិស័យកសិកម្មត្រូវបានគេរំពឹងថានឹងធ្លាក់ចុះដោយសារតែគ្រោះរាំងស្ងួត កាលពីដើមឆ្នាំនេះ។
ដោយយោងទៅតាមរបាយការណ៍នេះបានបន្ថែមទៀតថា កំណើនឧស្សាហកម្មត្រូវបានគេរំពឹងថានឹងធ្លាក់ចុះពី១១,៧ កាលពីឆ្នាំមុនមកត្រឹម១១,៤ភាគរយក្នុងឆ្នាំនេះ ដោយសារតែការធ្លាក់ចុះនៃសកម្មភាពសំណង់។
វិស័យសេវាកម្មត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះពី៧,១ភាគរយក្នុងឆ្នាំមុនមក៦,៧ភាគរយវិញដោយសារតែការធ្លាក់ចុះនៃ កំណើនភ្ញៀវទេសចរ។
របាយការណ៍នេះបានបញ្ជាក់ទៀតថា ការវិនិយោគផ្ទាល់ពីបរទេសរបស់កម្ពុជាត្រូវបានគេរំពឹងថានឹងធ្លាក់ចុះមកត្រឹម ៧,១ភាគរយនៅក្នុងឆ្នាំ២០១៦និង៦,៩ ភាគរយនៅក្នុងឆ្នាំ២០១៧។
អតិផរណាប្រចាំឆ្នាំបន្ទាប់ពីពាណិជ្ជ កម្មធ្លាក់ចុះ១,២ភាគរយក្នុងឆ្នាំ២០១៥ នោះទំនងជាកើនឡើងដល់២,៨ភាគរយ វិញនៅក្នុងឆ្នាំ២០១៦ ហើយនឹងមាន ៣,៧ភាគរយនៅក្នុងឆ្នាំ២០១៧។
របាយការណ៍នេះបានកត់សម្គាល់ថា ទស្សនវិស័យសេដ្ឋកិច្ចរបស់ប្រទេសក្នុងឆ្នាំនេះនិងឆ្នាំក្រោយអាចនឹងដើរខុសផ្លូវ ប្រសិនបើសេដ្ឋកិច្ចរបស់ចិនធ្លាក់ចុះឬក៏ ប្រសិនបើទីផ្សារហិរញ្ញវត្ថុអន្តរជាតិមាន អសិ្ថរភាព ដោយសារតែការចាកចេញ របស់អង់គ្លេសពីសហគមន៍អឺរ៉ុបនោះ។
របាយការណ៍នេះបានបន្ថែមទៀតថា សេដ្ឋកិច្ចកម្ពុជាមានទំនាក់ទំនងយ៉ាងខ្លាំងទៅនឹងសេដ្ឋកិច្ចចិនតាមរយៈជំនួយអភិ វឌ្ឍជាផ្លូវការលំហូរវិនិយោគផ្ទាល់ពីបរទេសនិងកំណើនភ្ញៀវទេសចរ៕
ដោយ៖ រ័ត្ន